ភ្នំពេញ៖ ក្រសួង​បរិស្ថាន​ព្រមាន​អនុវត្ដ​វិធានការ​ច្បាប់​ចំពោះ​ ​អង្គការ ​សមាគម ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន ​ក្រោយ​ពី​ពិនិត្យ​ឃើញ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ ​ផ្ទុយ​នឹង​ច្បាប់​កំណត់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ក្នុង​ចេតនា​ទុច្ច​រិត​ធ្វើ​វិទ្ធង្ស​នា​ប្រឆាំង​នឹង​​រាជរដ្ឋាភិបាល​លើ​ការងារ​គ្រប់គ្រង ​និង​អភិរក្ស​ធនធាន​ធម្មជាតិ។

ក្រសួង​បរិស្ថាន​បាន​អំពាវ​នាវ​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​សមាគម​នានា​ ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​​ បញ្ឈប់​សកម្មភាព​បែប​នេះ​ជា​បន្ទាន់ ​ដើម្បី​ចៀស​វាង​ការ​ប្រឈម​​មុខ​ដាក់​គ្នា​តាម​ផ្លូវ​ច្បាប់​។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ ជុំវិញ​ការ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​កាល​ពី​ថ្ងៃ​ទី ២៤ ​ខែ​មេសា។​

សេចក្ដី​ថ្លែងការណ៍​បង្ហាញ​ថា ​ថ្មីៗ​នេះ​ក្រសួង​បរិស្ថាន​បាន​ពិនិត្យ​​ឃើញ​ថា មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​សមាគម​មួយ​ចំនួន​ ដែល​ពុំ​បាន​ចុះ​បញ្ជី​ ឬ​កិច្ច​ព្រមព្រៀង​ត្រឹមត្រូវ​តាម​ច្បាប់​បាន​និង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​ការ​ពារ​ធម្មជាតិ ​ដែល​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន​។ ​សកម្មភាព​បំពាន​លើ​ច្បាប់​យ៉ាង​គឃ្លើន​បែប​នេះ​ ដោយ​​ ជ្រក​ក្រោម​ស្លាក​ជា​អ្នក​ស្រឡាញ់​បរិស្ថាន ​និង​ធនធាន​ធម្មជាតិ​ គឺ​ជា​ចេតនា​ទុច្ចរិត​ក្នុង​ការ​ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​ លើ​ការងារ​គ្រប់គ្រង​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​​តែ​ប៉ុណ្ណោះ។

សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ ​«ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សមាគម​ណា ​ដែល​នៅ​តែ​បន្ត​បំពាន​ធ្វើ​សកម្ម​ភាព​យ៉ាង​អនាធិបតេយ្យ ​និង​ខុស​ច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ក្រសួង​បរិស្ថាន​គ្មាន​ជម្រើស​អ្វី​ ក្រៅ​ពី​ការ​អនុវត្ត​វិធានការ​ច្បាប់។ ​ជា​ពិសេស​​ ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​ ដើម្បី​ទប់ស្កាត់​ និង​បញ្ឈប់​សកម្មភាព ​បែប​នេះ​ទេ​ ហើយ​ក្រសួង​ក៏​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​តាម​ដាន​ពិនិត្យ ​និង​ចាត់​វិធានការ​តាម​ច្បាប់​ ទៅ​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល ឬ​សមាគម​ណា​ដែល​ធ្វើ​សកម្មភាព​ដោយ​មិន​មាន​ច្បាប់​ត្រឹម​ត្រូវ​»។

លោក ​នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បញ្ជាក់​ពី​ម្សិលមិញ​ថា ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ សមាគម និង​ក្រុម​បុគ្គល​មួយ​ចំនួន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ដូច​ជា​បន្លំ​ខ្លួន​ធ្វើ​ជា​មន្ត្រី​ក្រសួង​បរិស្ថាន​ ឬ​លួច​យក​ឈ្មោះ​មន្ត្រី​ឧទ្យានុរក្ស​ទៅ​ប្រើប្រាស់​ ដើម្បី​ជំរិត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ និង​ដើម្បី​ផល​ប្រយោជន៍​ផ្សេង​ទៀត​។ ចំណែក​ក្រុម​​ខ្លះ​ទៀត​ជ្រក​ក្រោម​ស្លាក​​សកម្មជន​បរិស្ថាន​បាន​ធ្វើ​សកម្មភាព​ក្នុង​តំបន់​ធម្មជាតិ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ប​ស្ថាន​​ដោយ​បំពាន​ច្បាប់​។ មន្ត្រី​នាំពាក្យ​រូប​នេះ​ បន្ត​ថា​អង្គការ​ និង​សមាគម​ខ្លះ​មិន​ទាន់​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​តាម​ច្បាប់​បាន​ធ្វើ​សកម្មភាព​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួង​បរិស្ថាន ​ដែល​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់គ្រង​ និង​អភិរក្ស​តំបន់​ទាំង​នោះ ​និង​ក៏​ជា​ការ​កំណត់​ក្នុង​ច្បាប់​កម្ពុជា​ផង​ដែរ។

លោក​ថ្លែង​ថា​៖ «សកម្ម​ភាព​ទាំង​អស់​នេះ​ជា​សកម្មភាព​អនាធិបតេយ្យ​ បង្ក​ដោយ​របៀប​វារៈ​នយោបាយ​ពិត​ប្រាកដ​ និង​មិន​ធ្វើ​ដើម្បី​បម្រើ​ឱ្យ​បុព្វហេតុ​ការ​ពារ​ និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នោះ​ទេ​ ប៉ុន្តែ​គ្រាន់​តែ​ជា​សកម្មភាព​គ្មាន​ប្រយោជន៍​។​ ប្រសិន​បើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​សមាគម ​និង​ក្រុម​បុគ្គល​មួយ​ចំនួន​នោះ​នៅ​តែ​បន្ត​សកម្ម​ភាព​អនាធិបតេយ្យ​ទៀត​ ក្រសួង​នឹង​ចាត់​វិធានការ​ដូច​អ្វី​ដែល​ក្រសួង​បាន​ជូន​ដំណឹង»។

ក្រសួង​បរិស្ថាន​អះអាង​ថា​ គ្មាន​ផល​ប្រយោជន៍​អ្វី​ទៅ​ប្រឆាំង​នឹង​អ្នក​ស្រឡាញ់ ​និង​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ឡើយ​ ប៉ុន្តែ​តម្រូវ​ឲ្យ​​ទាំង​អស់​គ្នា​គោរព​ច្បាប់​ជា​ធរមាន​ និង​ធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​កំណត់​ និង​ដោយ​ក្តី​ស្មោះ​ត្រង់​ក្នុង​ភាព​ជា​ដៃ​គូ ​ដើម្បី​រួម​កម្លាំង​គ្នា​ថែ​រក្សា​ធនធាន​ធម្មជាតិ​កម្ពុជា​ឲ្យ​បាន​គង់វង្ស​ សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅ​មុខ​ទៀត​។

ក្រសួង​បរិស្ថាន​បញ្ជាក់​ជា​ថ្មី​ថា ​ក្រសួង​ស្វាគមន៍​អង្គការ ​ឬ​សមាគម​ ដែល​បាន​ចុះ​បញ្ជី​និង​កិច្ច​ព្រមព្រៀង​ត្រឹមត្រូវ​ស្រប​តាម​នីតិ​វិធី​ច្បាប់​ ឲ្យ​ចូលរួម​ក្នុង​ការងារ ​ការពារ ​និង​អភិរក្ស​ធនធាន​ធម្មជាតិ ​ជីវចម្រុះ ​ប្រព័ន្ធ​អេកូឡូស៊ី ​និង​ការងារ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាសហគមន៍ ​ដែល​រស់នៅ​ក្នុង​ និង​ក្បែរ​តំបន់​ការពារ​ធម្មជាតិ​ ដើម្បី​បុព្វហេតុ​សម្បត្តិ​ធម្មជាតិ ​របស់​យើង​ទាំង​អស់​គ្នា​។​

កញ្ញា ​ឈាង​ លី តំណាង​សហគមន៍​ព្រៃឡង់​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង​​ឱ្យ​ដឹង​ថា ថ្មីៗ​នេះ​​មាន​បុគ្គល​​មួយ​ចំនួន​តាំង​ខ្លួន​ជា​មន្រ្ដី​ឧទ្យានុរក្ស​ដើរ​ទារ​ប្រាក់​ពី​ពលរដ្ឋ​ដឹក​ឈើ​​។ ប៉ុន្ដែ​សកម្មភាព​នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​អំឡុង​ពេល ​២-៣ ​ថ្ងៃ​កន្លង​​ទៅ​នេះ​។

កញ្ញា​ថា​៖ «តាម​ព័ត៌មាន​ខ្ញុំ​ទទួល​បាន​ពី​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍ ​ក្រុម​នេះ​ពេល​ទារ​ប្រាក់​ពលរដ្ឋ​នៅ​ពេល​ដឹក​ឈើ ​១ ​គោយន្ត ​ឬ ​១ ​ទូក ​១០ ម៉ឺន​រៀល​។ ក្រុម​​ទារ​ប្រាក់​នេះ​មិន​​មែន​ជា​ក្រុម​ការងារ​បណ្ដាញ​​​ព្រៃ​ឡង់​ទេ ​ប៉ុន្ដែ​គេ​មាន​ឈ្មោះ​ជា​អង្គការ​ ហើយ​ធ្វើ​សកម្មភាព​ដើរ​ទារ​ប្រាក់​ពី​ពលរដ្ឋ​»៕