ព្រះសីហនុៈ អភិបាលខេត្ដព្រះសីហនុលោក គួច ចំរើន ក្នុងកិច្ចប្រជុំរកដំណោះស្រាយលើការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋនៅស្រុកព្រៃនប់កាលពីថ្ងៃទី ១៤ មេសា បានណែនាំក្រុមហ៊ុនផលិតទឹកស្អាតឱ្យពង្រីកអាងស្តុកទឹកឱ្យបានធំដោយសហការជាមួយមន្ទីរពាក់ព័ន្ធនានាដើម្បីផ្គត់ផ្គង់ទឹកដល់ពលរដ្ឋកុំឱ្យខ្វះខាត ដោយថែមទាំងព្រមានដកអាជ្ញាប័ណ្ណបញ្ឈប់អាជីវកម្មនៅឆ្នាំក្រោយ បើមិនអាចធ្វើបាន។
ក្រោយកិច្ចប្រជុំរកដំណោះស្រាយទឹកសម្រាប់ពលរដ្ឋក្នុងឃុំសំរុង និងឃុំវាលរេញនៃស្រុកព្រៃនប់ លោកអភិបាលខេត្ដព្រះសីហនុប្រាប់ក្រុមហ៊ុនឲ្យពង្រីកអាងស្តុកទឹកឲ្យធំ និងជ្រៅជាងមុន ដើម្បីរក្សាទឹកបានច្រើន និងធានាការប្រើប្រាស់គ្រប់គ្រាន់ដល់ពលរដ្ឋ។ លោកក៏បានណែនាំឱ្យក្រុមហ៊ុនត្រូវសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសិប្បកម្ម និងឧស្សាហកម្ម និងមន្ទីរធនធានទឹក និងឧតុនិយម ដើម្បីធ្វើកិច្ចការនេះឱ្យទទួលបានប្រសិទ្ធភាព។
លោកអភិបាលព្រមានថា៖ «នឹងរុះរើលែងឱ្យធ្វើអាជីវកម្ម ប្រសិនណាឆ្នាំក្រោយនៅតែមានបញ្ហាខ្វះខាតដដែលៗដូច្នេះទៀត បើទោះជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណពីក្រសួងក៏ដោយ»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលសាលាខេត្ដព្រះសីហនុបញ្ជាក់ពីម្សិលមិញថា ពាក់ព័ន្ធនឹងបញ្ហាទឹកស្អាតដែលផ្គត់ផ្គង់នៅភូមិសាស្ដ្រឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុគឺពិតជាមានបញ្ហាកង្វះទឹកក្នុងការប្រើប្រាស់សម្រាប់ពលរដ្ឋ។ បញ្ហាបង្កឡើងដោយសារអាកាសធាតុផង និងបញ្ហាអាងស្ដុកទឹករបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកផងដែរ។
លោកថ្លែងថា៖ «ជាវិធានការ ឯកឧត្ដមអភិបាលខេត្តបានណែនាំទៅសេវាករ ផ្គត់ផ្គង់ទឹកស្អាតនៅលើភូមិសាស្ដ្រឃុំទាំង ២ នេះឱ្យធ្វើការពង្រីក និងស្ដារអាងឡើងវិញ ដើម្បីធ្វើម៉េចធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកគ្រប់តម្រូវការដល់ប្រជាពលរដ្ឋ»។
លោកបន្ថែមថា៖ «នៅក្នុងនោះឯកឧត្ដមអភិបាលខេត្តក៏បានណែនាំទៅមន្ទីរពាក់ព័ន្ធដើម្បីជួយសម្របសម្រួលក្នុងការសហការផ្ដល់បច្ចេកទេសបន្ថែមទៅខាងក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណនោះដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកគ្រប់តម្រូវការ។ ករណីបើសិនជាក្រុមហ៊ុនមិនអាចផ្គត់ផ្គង់បានសម្រាប់ឆ្នាំក្រោយគឺនឹងមានការរុះរើអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន»។
លោក ខូវ ថានិត មេឃុំវាលរេញឱ្យដឹងថា ប្រជាជនក្នុងឃុំបានជួបបញ្ហាខ្វះទឹកស្អាតប្រើតាំងពីសប្តាហ៍ទី ១ ខែមីនា មកម្ល៉េះ។ កន្លងមកលោកអភិបាលខេត្តព្រះសីហនុធ្លាប់បានចុះសម្របសម្រួលដោយតម្រូវឱ្យក្រុមហ៊ុនចែករំលែកទឹកឱ្យប្រជាជនបានប្រើប្រាស់សិន។ ស្រុកព្រៃនប់មានក្រុមហ៊ុនផលិតទឹកស្អាតចំនួន ២ ក្នុងនោះក្រុមហ៊ុន ១ កំពុងផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនក្នុងឃុំវាលរេញ និងឃុំសំរុង ដែលជាទីកន្លែងកំពុងប្រឈមកង្វះទឹកស្អាតប្រើខ្លាំងជាងគេ។
លោកថា៖ «បញ្ហាខ្វះខាតទឹកនេះ ព្រោះតែអាងទឹករបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកមានទំហំតូច ហើយមិនមានប្រភពសម្រាប់ផ្គត់ផ្គង់ទឹក ក្រៅពីបូមទឹកចេញពីអណ្ដូង។ ពលរដ្ឋនៅក្នុងឃុំវាលរេញមានជាង ២ ពាន់គ្រួសារដែលជាចំនួនច្រើនធ្វើឱ្យការផ្គត់ផ្គង់ទឹកមានការខ្វះខាតខ្លាំងចាប់តាំងពីរដូវក្ដៅកាលពីដើមខែមីនារហូតមក។ ក្នុងនាមអាជ្ញាឃុំ ខ្ញុំពិតជារីករាយណាស់ដោយទទួលបានការអន្តរាគមន៍ពីឯកឧត្ដមអភិបាលខេត្ដក្នុងការដោះស្រាយបញ្ហានេះ»។
លោក អ៊ួង វុទ្ធី ពលរដ្ឋនៅឃុំវាលរេញសម្ដែងក្តីរីករាយក្រោយមានកិច្ចអន្តរាគមន៍ក្នុងការស្វែងរកដំណោះស្រាយបញ្ហាកង្វះខាតទឹកស្អាតប្រើ បន្ទាប់ពីបញ្ហានេះបានកើតឡើងជាង ១ ខែ។
លោកថា៖ «ពេលនេះបានមេឃ ធ្លាក់ភ្លៀងយើងអាចត្រងទឹកភ្លៀងគ្រាន់នឹងប្រើប្រាស់ខ្លះ។ តាំងពីដើមខែមីនារហូតមកមានការលំបាកណាស់ ទឹកទាល់តែពេលយប់ទើបបើកចេញ ហើយចេញតិចពិបាកក្នុងការប្រើប្រាស់ណាស់»៕