ភ្នំពេញៈ ព្រលាន​យន្តហោះ​អន្តរជាតិ​ទាំង​ ៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ក្រុមប្រឹក្សា​ព្រលាន​យន្តហោះ​អន្តរជាតិ (ACI) ទទួល​ស្គាល់​ថា​បាន​អនុវត្ត​​តាម​​ឧត្តមានុវត្តន៍​របស់​ឧស្សាហកម្ម​ព្រលាន​យន្តហោះ​លើ​ផ្នែក​សុខភាព​នៅ​តាម​ព្រលាន​យន្តហោះ​ពាក់ព័ន្ធ​នឹង​វិធានការ​អនាម័យ​ និង​សុខភាព​ក្នុង​បរិបទ​ជំងឺ​កូវីដ-១៩។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Cambodia Airports​។

ព្រលាន​យន្តហោះ​អន្តរជាតិ​ទាំង ៣ រួមមាន​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ​ទទួល​បាន​នូវ​ការទទួល​ស្គាល់​នេះ​ បន្ទាប់ពី​មាន​ការធ្វើ​សវនកម្ម​កាលពី​ខែ​វិច្ឆិកា ដែល​សវនកម្ម​នោះ​ផ្ដោត​ទៅ​លើ​វិធានការ​អនាម័យ និង​សុខភាព។ វិធានការ​ទាំងនោះ​រួមមាន​ការលាង​សម្អាត​ និង​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ ការរក្សា​គម្លាត​សុវត្ថិភាព ការការពារ​បុគ្គលិក ការកំណត់​ទីតាំង​ឈរ ទំនាក់ទំនង​រវាង​អ្នក​ដំណើរ និង​កន្លែង​សម្រាប់​អ្នក​ដំណើរ​។

សវនកម្ម​នោះ​ក៏​ផ្ដោត​ផង​ដែរ​ទៅ​លើ​ដំណើរការ​ការពារ​អ្នកដំណើរ​ និង​បុគ្គលិក​បម្រើការ​នៅ​ព្រលាន​ នៅពេល​ពួកគេ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​គ្នា​ដូចជា​ពេល​ចុះ​ឈ្មោះ ពេល​ឡើង​ជិះ​យន្ត​ហោះ ​ឬ​ពេល​ចុះ​ពី​យន្តហោះ។ សវនកម្ម​ក៏​វាយតម្លៃ​លើ​ទំនាក់ទំនង​រវាង​ភ្ញៀវ​​ជាមួយ​នឹង​អ្នក​បម្រើការ​នៅ​តាម​ហាង​លក់​ទំនិញ​មិន​ជាប់​ពន្ធ កន្លែង​លក់​អាហារ ​និង​ភេសជ្ជៈ ​និង​បន្ទប់​សម្រាប់​អ្នក​ជំនួញ។​ ​នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​។

ក្រុមហ៊ុន VINCI Airports ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​លើ​ក្រុមហ៊ុន Cambodia Airports បាន​បង្កើត​​យុទ្ធនាការ​មួយ​ឈ្មោះ​ថា ​«ការពារ​គ្នា​ទៅ​វិញ​ទៅ​មក»​ ដើម្បី​ឱ្យ​ព្រលាន​យន្តហោះ​អន្តរជាតិ​ដែល​ស្ថិត​ក្នុង​បណ្ដាញ​របស់​ខ្លួន​នៅលើ​ពិភពលោក​អនុវត្តតាម។ វិធានការ​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​អនុសាសន៍​អនាម័យ​របស់​អង្គការ​សុខភាព​ពិភពលោក WHO ​និង​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ហៅ​កាត់​ថា ICAO​។

លោក Stefano Baronci អគ្គនាយក​ក្រុម​ប្រឹក្សា​ព្រលានយន្តហោះ​អន្តរជាតិ (ACI)​ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វ៊ិក បាន​ថ្លែង​ថា​៖ «​យើង​សូម​អបអរសាទរ​ព្រលាន​យន្តហោះ​ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន Cambodia Airports នៅ​ទីក្រុង​ភ្នំពេញ ​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ ដែល​ទទួល​បាន​នូវ​ការវាយតម្លៃ​ទទួល​ស្គាល់​ផ្នែក​សុខភាព​តាម​ព្រលាន​យន្តហោះ​ពី ACI ​ដើម្បី​ជា​ការបញ្ជាក់​ប្រាប់​ទៅ​ពិភពលោក​ និង​សហគមន៍​នានា ដែល​ក្រុមហ៊ុន​បម្រើ​សេវាកម្ម ថា​វិធានការ​ផ្នែក​សុខភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ស្រប​ទៅ​តាម​ស្តង់ដា​ខ្ពស់​បំផុត​តាម​ការណែនាំ​របស់​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ (ICAO)​»​។

ព្រលាន​យន្តហោះ​ទាំង​ ៣ ស្ថិត​នៅ​ក្នុង​ចំណោម​ព្រលានយន្តហោះ​នានា​ក្នុង​តំបន់​អាស៊ាន​ដែល​ទទួល​បាន​នូវ​ការទទួល​ស្គាល់​ដូច​គ្នា​នៅក្នុង​ចង្កោម​ព្រលាន​យន្តហោះ​ធំៗ​ក្នុង​តំបន់​ដូចជា​នៅ​ប្រទេស​សិង្ហបុរី ទីក្រុង​ហ្សាការតា ​និង​ទីក្រុង​ម៉ានីល។ ប៉ុន្តែ​បើ​ប្រៀបធៀប​​ទៅ​នឹង​ព្រលាន​យន្តហោះ​ខ្នាត​តូច​ដែល​មាន​អ្នក​ដំណើរ​ក្រោម​ ១៥ ​លាន​នាក់​ក្នុង​ ១ ឆ្នាំ​វិញ ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ ស្ថិត​នៅ​ចំណាត់ថ្នាក់​កំពូល។ ​នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

លោក Alain BRUN ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Cambodia Airports ​និយាយ​ថា​ ក្រុមហ៊ុន​របស់​លោក​នៅ​តែ​រក្សា​ភាពស្មោះត្រង់​ចំពោះ​ខ្លួនឯង​ក្នុង​នាម​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​សាធារណៈ​ដ៏សំខាន់​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​តាមរយៈ​ការផ្ដល់​អាទិភាព​ជា​ចម្បង​ទៅ​លើ​សុវត្ថិភាព​ផ្នែក​សុខភាព​របស់​អ្នក​ដំណើរ ​និង​សម្រាប់​អ្នក​ប្រើប្រាស់​ព្រលាន​យន្តហោះ។

លោក ថ្លែង​ដូច្នេះ​ថា​៖ ​«​ខ្ញុំ​សូម​កោត​សរសើរ​ដល់​កិច្ចសហប្រតិបត្តិការ​យ៉ាង​លេចធ្លោ​រវាង​អាជ្ញាធរ​សុខាភិបាល​​កម្ពុជា​ និង​ក្រុម​ការងារ​របស់​យើង។ ​ការ​មាន​ប្រព័ន្ធ​សុខាភិបាល​ដែល​អាច​ទុក​ចិត្ត​បាន​នៅ​តាម​ព្រលាន​យន្តហោះ​ធានា​បាន​ថា​កម្ពុជា​នឹង​ត្រូវ​គេ​សម្លឹង​មើល​ឃើញ​ថា​ជា​កន្លែង​ល្អ​»។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នក​នាំពាក្យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ថ្លែង​ថា ​ការ​ទទួល​បាន​នូវ​វាយតម្លៃ​នេះ​គឺ​ជា​ការលើក​តម្កើង​មុខមាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​ ៣ ថា​ជា​អាកាសយានដ្ឋាន​មាន​សុវត្ថិភាព៕