ភ្នំពេញៈ ព្រឹទ្ធសភា​បាន​អនុម័ត​សេចក្តីព្រាង​វិសោធនកម្ម​មាត្រា​ចំនួន​ ១០ នៃ​ច្បាប់​ស្តីពី​សហជីព​កាលពី​ថ្ងៃ​ចន្ទ​ក្នុងសម័យ​ប្រជុំ​លើក​ទី​ ៤ នីតិកាល​ទី​ ៤ ​ដោយ​សំឡេង​ ៥៨ លើ​ ៥៨ ដោយ​ឥត​កែប្រែ បន្ទាប់ពី​បាន​ឆ្លង​រដ្ឋសភា​កាលពី​ខែ​មុន​។

មាត្រា​ទាំង ១០ ​នោះ​រួមមាន មាត្រា​ ៣ មាត្រា​ ១៧ មាត្រា​ ២០ មាត្រា​​ ២១ មាត្រា​ ២៧ មាត្រា​ ២៨ មាត្រា​ ២៩ មាត្រា​ ៥៤ មាត្រា​ ៥៥ និង​មាត្រា​ ៥៩ ​នៃ​ច្បាប់​ស្តីពី​សហជីព​ដែល​ត្រូវបាន​ប្រកាស​ឱ្យប្រើប្រាស់​កាលពី​ឆ្នាំ​ ២០១៦​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​ចន្ទ​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ​រៀបចំ​ឡើង​ដើម្បី​កែសម្រួល​បញ្ញត្តិ​មាត្រា​ចំនួន​ ១០ ​នៃ​ច្បាប់​ស្តីពី​សហជីព ដើម្បី​ធានា​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ​ដែល​ជា​ចំណុច​ស្នូល​ក្នុង​ការអនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នៃ​ការផ្សារភ្ជាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ទៅ​នឹង​លក្ខខណ្ឌ​ការងារ​ដែល​បាន​លើកកម្ពស់​កិត្យានុភាព​របស់​កម្ពុជា​ក្នុង​ការប្រកួតប្រជែង​ទាក់ទាញ​វិនិយោគ និង​បង្កើត​ការងារ​ជូន​កម្មករ និយោជិត និង​បង្ហាញ​អំពី​ការប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការលើក​កម្ពស់​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត ស្របតាម​បទដ្ឋាន​អន្តរជាតិ​។

កាលពី​ថ្ងៃទី​ ២៦ ខែ​វិច្ចិកា រដ្ឋសភា​បានអនុម័ត​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​នេះ​ដោយ​សំឡេង​ ១០៧ ​លើ​ ១០៧ ដែល​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ការធ្វើ​វិសោធនកម្ម​មាត្រា​ច្បាប់​ទាំងនេះ​គឺ​ផ្អែក​តាម​សំណូមពរ​របស់​ភាគី​ពាក់ព័ន្ធ ហើយ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​។

លោក​ ហេង សួរ អ្នកនាំពាក្យ​​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មិនអាច​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់​បាន​ទេ​ពីថ្ងៃ​ចន្ទ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ថ្លែង​ពី​ថ្ងៃ​ចន្ទ​ថា បើ​មើល​ពី​ទម្លាប់ វា​មិន​មាន​រឿង​អ្វី​ថ្មី​នោះទេ​។ លោក​ថា ការអនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​មាត្រា​នៃ​ច្បាប់​ស្តីពី​អង្គការ​វិជ្ជាជីវៈ​ដែល​ហៅថា អង្គការ​សហជីព​នេះ​មិន​មាន​អ្វី​ដែល​ជា​ចំណុច​ល្អប្រសើរ ហើយ​ជា​អ្វីដែល​ស្ថាប័ន​សហជីព​ចង់បាន​នោះទេ ព្រោះ​ស្ថាប័ន​លោក​បាន​ផ្តល់​យោបល់​ជា​ហូរហែ​តាំងពី​មុន​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ​ ២០១៦​។ សម្រាប់​ការធ្វើ​វិសោធនកម្ម​ចុង​ក្រោយនេះ យោបល់​របស់​ក្រុម​ការងារ​របស់​លោក​មិន​ត្រូវបាន​យក​ទៅ​ដាក់​បញ្ចូល​នោះទេ​។

លោក ប៉ាវ ស៊ីណា ថ្លែង​ថា​៖ «​ខ្ញុំ​គិតថា គេ​គ្រាន់តែ​កែប្រែ​ខ្លឹមសារ​បន្តិចបន្តួច​តែប៉ុណ្ណោះ​។ ដូច្នេះ​ការអនុវត្ត​វា​នៅតែ​ជា​បញ្ហា​ដដែល​។ ដូច​យើង​ឃើញ​ជាក់ស្តែង​ហើយ​រហូត​មក​ដល់​ម៉ោង​នេះ សិទ្ធិអំណាច​របស់​អង្គការ​សហជីព​ដែល​តំណាង​ឱ្យ​កម្មករ​វា​បាត់បង់​ដោយសារ​តែ​ច្បាប់​នេះ ត្រូវ​បាន​ហាមឃាត់​ដោយសារ​តែ​ច្បាប់​នេះ​តម្រូវ​ឱ្យ​យើង​ជា​អង្គការ​សហជីព​គ្រាន់តែ​ជា​អ្នក​អម​ទៅលើ​កម្មករ​។ ដូច្នេះ​យើង​អត់​មាន​សិទ្ធិ​តំណាង​ឱ្យ​ពួកគេ​ផ្ទាល់​ទេ​»​។

បើតាម​លោក ប៉ាវ ស៊ីណា ចំណុច​នេះ​ធ្វើឱ្យ​អង្គការ​សហជីព​បាត់បង់​នូវ​អំណាច​របស់​ខ្លួន​ក្នុងការ​ការពារ​កម្មករ​ក៏​ដូចជា​កម្មករ​ខ្លួនឯង បាត់បង់​សិទ្ធិ​ក្នុងការ​ជ្រើសរើស​តំណាង​របស់ខ្លួន​ដែល​ខ្លួន​ជឿជាក់ និង​ទុកចិត្ត​។

លោក​មើលឃើញ​ថា ការត្រួតពិនិត្យ​លើ​របាយការណ៍​ហិរញ្ញវត្ថុ និង​ការបង្កើត​ក្រុមសវនកម្ម​ឯករាជ្យ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ផ្សេងៗ​គឺជា​ការជ្រៀតជ្រែក​ទៅលើ​កិច្ចការ​ផ្ទៃក្នុង​សហជីព​ហើយ​ការតាក់តែង​លក្ខន្តិកៈ​របស់​សហជីព​ភាគច្រើន​ធ្វើ​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​ការងារ​។

លោក ប៉ាវ ស៊ីណា ថ្លែងថា​៖ «​កម្មករ​យើង​បើទោះបី​ជា​អត់​មាន​បង្កើត​សហជីព​ក៏ដោយ អត់​មាន​តំណាង​កម្មករ​ក៏ដោយ ប៉ុន្តែ​គាត់​មាន​សិទ្ធិ​ជា​មូលដ្ឋាន​របស់គាត់ នៅក្នុង​ការទាមទារ​នូវ​ចំណុច​ទាំងឡាយ​ណា​ដែល​គាត់​យល់ថា និយោជក​បំពាន និយោជក​កេងប្រវ័ញ្ច និយោជក​រំលោភសិទ្ធិ​របស់​គាត់​។ អ៊ីចឹង​គាត់​មាន​សិទ្ធិ​ទាមទារ​ជាបឋម​ហើយ​។ ដល់ពេល​ច្បាប់​នេះ​ គឺ​ទាល់តែ​សហជីព​ហ្នឹង​ចុះ​បញ្ជិកា​ទទួលស្គាល់​ដោយ​ក្រសួង ទើប​សហជីព​ហ្នឹង​អាច​ធ្វើ​សកម្មភាព​នានា​បាន​ដើម្បី​ជួយ​ការពារ​កម្មករ​។ អ៊ីចឹង​ទាំងអស់​ហ្នឹង​ធ្វើឱ្យ​បាត់បង់​សិទ្ធិ​ជា​មូលដ្ឋាន​អំណាច​របស់គាត់​ (​កម្មករ​)»៕