សៀមរាប/កំពង់ធំៈ ភ្លើង​ឆេះ​ព្រៃ​នា​ប៉ុន្មាន​ថ្ងៃ​នេះ​បាន​បង្ក​ការ​ខូច​ខាត​ដល់ព្រៃ​ឈើដែលដាំ​ថ្មីនិង​ព្រៃ​ធម្ម​ជាតិ​របស់​រដ្ឋ​អស់រាប់​រយ​ហិក​តា​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​សៀម​រាប​ និង​ខេត្ត​កំពង់​ធំ​ខណៈ​មូល​ហេតុ​អាចដោយ​សារ​កត្តា​មនុស្ស​ដែល​ធ្វេស​ប្រហែស​។ នេះ​បើ​យោង​តាម​​មន្ត្រី​ពាក់​ព័ន្ធ​នៃ​ខេត្ត​ទាំង​ ២ កាល​ពី​ម្សិលមិញ។

លោក ​អុឹង វុធារ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយ​ស្រី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភ្លើង​ឆេះ​ព្រៃ​កាល​ពី​ថ្ងៃ​ទី​ ១១-១២ ​ខែ​ មីនា ​ឆ្នាំ ២០១៩​ បាន​បំផ្លាញ​ព្រៃ​ឈើធម្ម​ជាតិ​​ និងព្រៃឈើដែល​ដាំ​របស់​រដ្ឋ​នៅ​ចំណុច​ភូមិ​សាស្ត្រ​ ភូមិ​ត្រពាំង​ថ្ម​ ឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀមរាប អស់​ជាង​ ២០០​ ហិ​កតា​។

លោក ​វុធារ៉ា បាន​បញ្ជាក់​ថា៖ ​«ប្រភេទ​ឈើ​​ព្រៃ​ដែល​ដាំ​របស់​យើង​ នៅតំ​បន់​ខាង​លើនេះ​ភាគ​ច្រើន​ជាឈើ​គ្រញូង ធ្នង់ និង​កកោះ។ យើង​ប្រឹង​ប្រែង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទម្រាំ​ដាំ​វា​បាន​នៅ​ក្នុង​ចំនួន​នេះ ប៉ុន្តែ​វា​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​ក​រណី​ភ្លើង​ឆេះ​ព្រៃ​តែ​ក្នុង ​រយៈ​ពេល​ ២​ ថ្ងៃ​ប៉ុណ្ណោះ»។

លោក ​វុធារ៉ា ​ដែល​បាន​សិក្សា​ស្រា​វជ្រា​វអស់​រយៈ​ពេល​ជា​ច្រើ​ន​ឆ្នាំ​អំពី​លក្ខណៈ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ បាន​កត់​សម្គាល់​ថា ​ភ្លើង​ឆេះ​ព្រៃ​នៅ​កម្ពុជា ជា​ទូទៅ​បង្កឡើ​ង​ដោយ​សារ «កត្តា​មនុស្ស»​ មិន​មែន​ដោយ​កត្តា​ធម្មជាតិ​នោះ​ទេ។

លោក​បាន​ថ្លែងថា រៀងរាល់​រដូវ​ប្រាំង ខណៈ​អាកាស​ធាតុ​កំពុង​ក្ដៅហួ​តហែ​ង​ខ្លាំង ​ក្រុម​អ្នកភូ​មិ​មួយ​ចំនួន​បាន​​នាំគ្នា​ដើរ​រុករ​ក​អនុផល​​​​ព្រៃ​ឈើ ដូច​ជា ​ទឹក​ឃ្មុំ​ព្រៃ ឫស​ឈើ ​មើមឈើ ​សម្រាប់​ធ្វើ​ជា​ឱសថ​បុរាណ​ ​ជាដើម​នោះបា​នប្រើប្រា​ស់​ភ្លើង​ដាំបា​យ​ហូប ឬដុ​តយក​ឃ្មុំ ដោយ​ខ្វះ​កា​រប្រុង​ប្រយ័ត្ន​បណ្ដាល​ឲ្យ​ឆេះ​ស្មៅក្នុង​ព្រៃ ហើយ​រាល​ដាល​ប​ង្កជាភ្លើង​ឆេះ​ព្រៃ​មាន​ទំហំធំ ដែល​ពេល​ខ្លះ​បាន​ឆេះ​រាល​ដល់​ផ្ទះ​អ្នក​ភូមិ​ដែល​នៅ​ក្បែរ​ដង​ព្រៃ​ទៀត​ផង។

បើ​តាម លោក​ វុធារ៉ា ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​បន្ទា​យ​ស្រី និង​អាជ្ញា​ធ​រមូល​ដ្ឋាន​ បាន​ប្រឹង​ប្រែង​នាំ​គ្នា​ពន្លត់​ភ្លើង​ព្រៃ​ទាំង​នោះដោយ​មាន​​ប្រើ​គ្រឿង​ចក្រ​ព្យួរ​កាត់​ផ្ដាច់​កា​ររីករាល​ដាល​នៃភ្លើ​ងឆេះ​ព្រៃនោះ​មិន​ឲ្យឆ្ល​ងកាត់​​ទៅ​តំបន់​ផ្សេង​ទៀត​ និង​ប្រើ​រថយន្ត​បាញ់​ទឹក​ជា​ច្រើន​គ្រឿង​ដោយ​អស់​ទឹក​រាប់​ពាន់​ម៉ែត្រ​គុប។

លោក​ ឡុង​ សំណាង អធិការ​ស្រុក​បន្ទាយ​ស្រី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍កាលពីម្សិលមិញថា ក្រៅ​ពី​ព្រៃ​ឈើ​ដែល​ដាំថ្មីក្នុ​ង​តំបន់​ខាង​លើ​នេះ​ ព្រៃ​ឈើ​ក្នុង​តំបន់​ប្រាសាទ​បន្ទាយ​សំរែដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា​ប្រមាណ​ ៣ ហិកតា​ក៏​រង​​កា​រ​ខូច​ខាត​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​ផង​ដែរ កាល​ពី​ថ្ងៃទី ​១១-១២ ខែ ​មីនា ឆ្នាំ ២០១៩ ​កន្លង​មក​នេះ។

លោក​ សំណាង​ បាន​ថ្លែង​ទៀត​ថា ពេល​នេះ​ អាជ្ញាធ​រកំពុង​ប​ន្តស្រាវ​ជ្រាវ​ស្វែង​រកអត្ត​សញ្ញាណ​ក្រុម​ជ​នសង្ស័យ​ដែល​បាន​បង្ក​ឲ្យ​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​នេះ​កើត​ឡើង​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ឲ្យតុ​លាការ​ចាត់​វិធានការ​តាម​នីតិវិធី។

ដោយ​ឡែក​កាល​ពី​ថ្ងៃអ​ង្គា​រ នៅឯខេត្ត​កំពង់​ធំ ភ្លើង​ឆេះ​ព្រៃ ​បាន​បំ​ផ្លាញ​ព្រៃ​ក្នុង​ចម្ការ​របស់​រដ្ឋ​ប្រមាណ​ ១៥ ហិកតា​ផង​ដែរ​ នៅ​ចំណុច​ភូមិសាស្ត្រ​ ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា​ ស្រុក​សន្ទុក។​ នេះ​បើ​តាម លោក ​កែវ ឆេង មេឃុំ​ក្រយា ស្រុក​សន្ទុក កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

លោក​ថ្លែង​ថា តំបន់​នោះ​ ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​ភូមិ​និង​មិន​មែន​ជាទីកន្លែង​ដែល​អ្នកភូមិ​និយម​នាំ​គ្នាទៅ​រុក​រក​​ឃ្មុំ​ព្រៃ​នោះ​ទេ ដោយ​​វាមិន​ស្ថិត​នៅ​ជាប់​តំបន់​ព្រៃ​ធម្ម​ជាតិ​ផ្សេង​ទៀត​ដែល​ត្រូវ​មាន​ផ្លែផ្កា​នារ​ដូវ​ប្រាំង​នេះ​ឡើយ។

លោក ​ឆេង​ បាន​ថ្លែង​ថា៖ «យើង​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុនៃ​ភ្លើងឆេះ​ព្រៃចម្កា​រគ្រញូង​នោះនៅ​ឡើយទេ​។យើង​​គ្រាន់​តែ​សន្និដ្ឋាន​ថា ​វា​អាច​ឆេះ​រាល​ដាល​ពី​តំបន់​ផ្សេង​ឬ​អាច​មាន​ជន​ណា​ម្នាក់​ បោះ​កន្ទុយ​បារី​ចោល​នៅ​ក្នុង​​តំបន់​នោះ​បណ្ដាល​ឲ្យ​ឆេះស្មៅ​ដែល​ក្រៀម​ស្វិត​ហើយ​បង្ក​ជា​ភ្លើង​ឆេះ​ព្រៃ ព្រោះ​តំបន់​នោះ​ស្ថិត​នៅ​ជាប់​នឹង​ដង​ផ្លូវ​ជាតិ​»។

ទោះជាបែប​ណាក្ដី​ លោក​ ឆេង បានឲ្យដឹង​ថា ​ក្រុម​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្រយា ចុះ​អន្តរាគមន៍​ពន្លត់​ភ្លើង​ឆេះព្រៃ​នោះ​ឲ្យ​រលត់​អស់​ទៅ​វិញ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ​ដោយ​ប្រើ​ប្រាស់​រថយន្ត​បាញ់​ទឹក​ចំនួន ៣ គ្រឿង​ និង​ប្រើ​ទឹក​សរុប​អស់ ១២០ ម៉ែត្រ​គុប៕