
អ្នកជាប់ឃុំត្រូវបានដឹកមកចូលរួមសវនាការកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ការបន្ធូរបន្ថយទោស និងលើកលែងទោសត្រូវបានកំណត់យកពិធីបុណ្យចំនួន ៥ ដែលអាចស្នើសុំលើកលែងទោសសម្រាប់ទណ្ឌិតបានក្នុង ១ ឆ្នាំ។ ព្រះរាជក្រឹត្យមានវិសាលភាពចំពោះទណ្ឌិតទាំងអស់ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការកម្ពុជា និងចំពោះទណ្ឌិតដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ដោយតុលាការនៃរដ្ឋបរទេស។ នេះបើតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី ១២ ខែមករា។
យោងតាមព្រះរាជក្រឹត្យដែលមាន ៦ ជំពូក និង ១៩ មាត្រា ឡាយព្រះហស្តលេខាដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសចំពោះទណ្ឌិតត្រូវបានកំណត់ ៥ ដងក្នុង ១ ឆ្នាំ។ ពិធីបុណ្យទាំងនោះមានដូចជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក។
ព្រះរាជក្រឹត្យបានចែងទៀតថា ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើផងដែរក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ ហើយអាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗដាច់ដោយឡែកពីគ្នា ឬរួមគ្នា។
ព្រះរាជក្រឹត្យបញ្ជាក់ថា៖ «ការបន្ធូរបន្ថយទោស និងការលើកលែងទោសចំពោះទណ្ឌិតក្នុងគោលបំណងដើម្បីធ្វើសមាហរណកម្មទណ្ឌិតនោះឱ្យចូលទៅរួមរស់ក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌ ហើយអាចអនុវត្តបានតែចំពោះទណ្ឌិតដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពរប៉ុណ្ណោះ»។
ការបន្ធូរបន្ថយ និងការលើកលែងទោសអាចអនុវត្តចំពោះទណ្ឌិតដែលបានបំពេញលក្ខខណ្ឌមួយចំនួនដូចជាភ្ញាក់រឭកខិតខំកែប្រែគំនិតមាយាទឱ្យក្លាយជាពលរដ្ឋសុចរិត។ គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ ចូលរួមកម្មវិធីអប់រំកែប្រែ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគោរពបានយ៉ាងត្រឹមត្រូវតាមការណែនាំផ្សេងទៀតរបស់ពន្ធនាគារ។
ក្នុងមាត្រា ៦ បានចែងដែរថា ការបន្ធូរបន្ថយ និងលើកលែងទោសអាចអនុវត្តផងដែរក្នុងហេតុផលមនុស្សធម៌ចំពោះទណ្ឌិតដែលមានវ័យចាស់ជរា ស្ត្រីមានគភ៌ ឬមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ វិបល្លាសស្មារតី ឬពិការភាព ដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យដែលទទួលស្គាល់ដោយក្រសួងមានសមត្ថកិច្ច។ ទណ្ឌិតដែលអាចទទួលបានការបន្ធូរបន្ថយទោសបាន លុះត្រាតែទណ្ឌិតនោះបានទទួលរងទោស ១/៣ នៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់។ ចំពោះទោសដាក់ពន្ធនាគារ ១ ជីវិត ទណ្ឌិតត្រូវទទួលរងទោស ១០ ឆ្នាំជាមុនសិន។
បើតាមអនុក្រឹត្យដដែលគឺរយៈពេលនៃការបន្ធូរបន្ថយទោសត្រូវកំណត់៖ ទោសដាក់ពន្ធនាគារកំណត់ពី ១ ឆ្នាំ ដល់ក្រោម ៥ ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ៣ ខែ។ ទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ដល់ក្រោម ១០ ឆ្នាំអាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ៦ ខែ ឬ ៣ ខែ។ ទោសដាក់ពន្ធនាគារកំណត់ពី ១០ ឆ្នាំ ដល់ក្រោម ២០ ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ៩ ខែ ឬ ៦ ខែ ឬ ៣ ខែ។ ទោសដាក់ពន្ធនាគារកំណត់ពី ២០ ឆ្នាំដល់ ៣០ ឆ្នាំអាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ១២ ខែ ឬ ៩ ខែ ឬ ៦ ខែ ឬ ៣ ខែ។ ទោសដាក់ពន្ធនាគារមួយជីវិតអាចនឹងបន្ថយទោសលើកទី ១ មកនៅត្រឹម ៣០ ឆ្នាំ។
ព្រះរាជក្រឹត្យបន្តថា ទណ្ឌិតអាចទទួលបានការបន្ធូរបន្ថយទោសបានតែម្តងគត់ក្នុងរយៈពេល ១២ ខែ។ ទណ្ឌិតអាចទទួលការបន្ធូរបន្ថយ និងលើកលែងទោសច្រើនដងបាន លុះត្រាតែទណ្ឌិតនោះបានទទួលរងទោសពាក់កណ្តាលនៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់។ ចំពោះទណ្ឌិតដែលត្រូវបានកំណត់ទោសដាក់ពន្ធនាគារ ១ ជីវិត ក្រោយពីបានបន្ថយមកនៅត្រឹម ៣០ ឆ្នាំអាចនឹងបានទទួលការបន្ធូរបន្ថយទោសច្រើនដងទៀត ប៉ុន្តែទោះជាទណ្ឌិតនោះបានទទួលការបន្ធូរបន្ថយទោសច្រើនដងក៏ដោយ ក៏រយៈពេលនៃការទទួលរងទោសទាំងអស់ត្រូវឱ្យបានយ៉ាងតិច ២០ ឆ្នាំ។
គួរបញ្ជាក់ថា ការស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសចំពោះទណ្ឌិតមុនពេលមានព្រះរាជក្រឹត្យនេះគឺត្រូវបានធ្វើឡើងក្នុងពិធីបុណ្យធំៗរបស់ជាតិចំនួន ៤ គឺ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យ និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
ទាក់ទងនឹងការបន្ថែមនូវទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧ មករា) សម្រាប់ការបន្ធូរបន្ថយ និងលើកលែងទោសលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលសុំមិនធ្វើការពន្យល់នោះទេ ប៉ុន្តែលោកលើកឡើងថា ៧ មករាជាថ្ងៃមួយដែលមានតម្លៃខ្ពស់ណាស់ ហើយជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ ថ្ងៃនោះជាការរស់ឡើងវិញ មិនមែនតែជីវិតប្រជាពលរដ្ឋទេ សូម្បីតែប្រជាជាតិ វប្បធម៌ សីលធម៌ និងរបបដទៃទៀតគឺបានចាប់ផ្តើមពីទិវានេះ។
លោកថ្លែងថា៖ «គេតែងតែនិយាយថា វាជាជីវិតទី ២ ហើយអ្វីៗដែលមានសព្វថ្ងៃនេះគឺជាភោគផលដែលកើតចេញពី ៧ មករា ហើយវាមានតម្លៃជាមនុស្សជាតិដ៏បវររបស់យើងពីការរស់ឡើងវិញរបស់មនុស្សលោកនេះឯង»។
លោកប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាសាទរចំពោះការបន្ថែមចំនួនពេលវេលាសម្រាប់បន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិតណាមួយដែលបានឆ្លងកាត់ការវាយតម្លៃថាសមនឹងទទួលបានការបន្ធូរបន្ថយ ឬលើកលែងទោស។
លោកថ្លែងថា ការអនុវត្តបែបនេះគឺជាការផ្តល់ឱកាសរស់រានមានជីវិត និងផ្តល់សម្បទាឡើងវិញសម្រាប់ទណ្ឌិតណាដែលគាត់ខិតខំប្រឹងប្រែងកែខ្លួនដើម្បីប៉ះប៉ូវនូវកំហុសដែលគាត់បានប្រព្រឹត្តពីអតីតកាល។ មួយវិញទៀត វាក៏ជាផ្នែកមួយដើម្បីជួយសម្រាលដល់ការកកស្ទះដល់ទណ្ឌិត និងជនដែលរងគ្រោះដោយអយុត្តិធម៌ ហើយកំពុងតែកកស្ទះនៅក្នុងពន្ធនាគារ។
លោកប៉ា ចន្ទរឿន ថ្លែងថា៖ «ប៉ុន្តែខ្ញុំសុំស្នើឱ្យមានការជ្រើសរើសទណ្ឌិតដែលនឹងត្រូវបន្ធូរបន្ថយ និងលើកលែងទោសត្រូវធ្វើឱ្យបានត្រឹមត្រូវ មានតម្លាភាព និងប្រកាន់យុត្តិធម៌ជាគោល ដើម្បីកុំឱ្យដំណើរការនៃការជ្រើសរើសទណ្ឌិតដែលយកមកទទួលការបន្ធូរបន្ថយ ឬលើកលែងទោសពីព្រះមហាក្សត្របង្កើតនូវភាពអយុត្តិធម៌បន្ថែមទៀតសម្រាប់ទណ្ឌិតណាដែលខិតខំប្រឹងប្រែងធ្វើល្អ និងកែប្រែខ្លួន»។
មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បដិសេធធ្វើអត្ថាធិប្បាយ ដោយបង្វែរសំណួរឱ្យទៅសួរលោក គឹម សន្តិភាព អ្នកនាំពាក្យ ១ រូបទៀត ដែលមិនអាចទាក់ទងបានពីម្សិលមិញ៕
វីដេអូ៖