ភ្នំពេញៈ ចៅក្រម​ថ្មី ៣៩ រូប និង​ព្រះរាជអាជ្ញា​ថ្មី​ចំនួន​ ១៥ រូប ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំងស៊ប់ និង​ចាត់ចែង​ឲ្យ​ទៅ​បំពេញ​ការងារ នៅតាម​តុលាការ​ទូទាំង​ប្រទេស ខណៈ​ចៅក្រម និង​ព្រះរាជអាជ្ញា​មាន​បទពិសោធ​មួយចំនួន​ទៀត​ត្រូវ​បាន​ប្ដូរ​តួនាទី និង​ប្រគល់​ការងារ​នៅ​កន្លែង​ថ្មី​។

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី ១៨ ខែ​កក្កដា​បាន​ប្រកាស​តែងតាំង​ចៅក្រម​ថ្មី​ចំនួន ៣៩ រូប ដើម្បី​បំពេញ​ការងារ​នៅ​តាម​សាលាដំបូង​ខេត្ត​ចំនួន ២០ និង​ព្រះរាជអាជ្ញា​ចំនួន​ ១៥ ​រូប ដើម្បី​ទៅ​បំពេញ​ការងារ​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន ១៤​។

ទាំង​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ថ្មី​ទាំងអស់​មាន​សិទ្ធិ​ទទួល​ប្រាក់បៀវត្សរ៍​មូលដ្ឋាន និង​ប្រាក់ឧបត្ថម្ភ​ផ្សេងទៀត​តាមច្បាប់​កំណត់​។ ពួកគាត់​ក៏​នឹង​ទទួលបាន​នូវ​សិទ្ធិ​ទទួល​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​ និង​សិទ្ធិ​ឡើង​​ឋានន្តរស័ក្តិ ឬ​ឡើង​ឋានៈ​ដោយ​ត្រូវ​បានគិត​ចាប់ពី​ថ្ងៃទី​ ៨ ខែឧសភា ឆ្នាំ​ ២០២០​។

ស្របពេល​ជាមួយ​គ្នា​នេះ​ព្រះមហាក្សត្រ​ក៏បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង​មុខតំណែង និង​ប្ដូរ​តួនាទី​ចៅក្រម​ព្រះរាជអាជ្ញា​នៅ​សាលាឧទ្ធរណ៍​តំបន់ និង​នៅតាម​សាលាដំបូង​មួយចំនួន​។ ព្រះរាជក្រឹត្យ​ដាច់ដោយ​ឡែក​ចុះ​ថ្ងៃទី​ ១៨ ខែកក្កដា បាន​បញ្ជាក់​ថា​លោក នួន សាន ត្រូវបាន​តែងតាំង​ជា​អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង​លោក សុខ កល្យាណ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាឧទ្ធរណ៍​ខេត្ត​​ព្រះសីហនុ និង​លោកស្រី អ៊ិន ម៉ានិត្យ ត្រូវ​បាន​តែងតាំង​ជា​ចៅក្រម​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​។

ព្រះមហាក្សត្រ​ក៏បាន​ត្រាស់បង្គាប់​តែងតាំង​លោក​ កែ សាខន ជា​ប្រធាន​សាលាដំបូង​ខេត្ត​ព្រៃវែង​លោក កោ វណ្ឌី ជា​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ​និង លោក តុប ឈុន​ ហេង ជា​ប្រធាន​សាលាដំបូង​ខេត្តក្រចេះ​។ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ចាម​ត្រូវ​បាន​ផ្ទេរ​មកកាន់​តំណែង ព្រះរាជអាជ្ញា អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​។

លោក វង្ស ប៊ុនវិសុទ្ធ ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ និង​លោក គឺ ប៊ុណ្ណារ៉ា ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​។

ស្របពេល​ជាមួយ​គ្នា​នេះ​ចៅក្រម​ ២ ​រូប​ត្រូវបាន​ផ្ទេរ​មុខងារ​ពី​ការបំពេញ​ការងារ​នៅ​តុលាការ​មក​បម្រើការ​ជា​ព្រះរាជអាជ្ញា​នៅ​ក្រសួង​យុត្តិធម៌​។ ចៅក្រម​ទាំង​ ២ ​រូបនេះ​រួមមាន​លោក កែវ សុធា ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​ លី សុផាណា ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ​។

លោក​ សំ ប្រជាមានិត អ្នក​នាំពាក្យ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ថ្លែង​ពី​ម្សិលមិញ​ថា ចៅក្រម និង​ព្រះរាជអាជ្ញា​ទាំងអស់​ទូទាំង​ប្រទេស​មាន​ចំនួន ៤៨៤ នាក់​ក្នុង​នោះ​ចៅក្រម​មាន​ចំនួន ៣០៥ នាក់​ព្រះរាជអាជ្ញា​មាន​ចំនួន ១៧៩ ​នាក់​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​ខេត្តតាកែវ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា លោក​សង្កេតឃើញ​មាន​ការផ្លាស់ប្ដូរ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ហាក់ដូចជា​មិនមាន​ប្រសិទ្ធភាព​ក្នុង​ការផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​តាម​ត្រង់​ទៅ មិន​សំខាន់​ទៅលើ​ការផ្លាស់ប្ដូរ មិន​សំខាន់​ទៅលើ​ចំនួន​មន្ត្រី​ចៅក្រម​នោះទេ សំខាន់​មែនទែន​គឺ​កិច្ចការ​មាន​ប្រសិទ្ធភាព ហើយ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ប្រព័ន្ធយុត្តិធម៌ ទាល់តែ​ពិនិត្យមើល​លើ​អំពើពុករលួយ​ឲ្យ​ខ្លាំង​មែនទែន​។ ខ្ញុំ​នៅតែ​គ្មាន​ជំនឿ​ថា អាច​នឹង​មាន​ប្រសិទ្ធភាព​ទេ បើសិន​ជា​ការអនុវត្ត​ច្បាប់​ពុករលួយ​ក្ដី អី​ក្ដី នៅតែ​ធូររលុង បណ្ដែតបណ្ដោយ ជាពិសេស​ប្រព័ន្ធតុលាការ​ដែលជា​អ្នក​មាន​អំណាច​មែនទែន​នោះ បែរ​ជា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លួនឯង​។ នេះ​ធ្វើឲ្យ​កិច្ចការ​នេះ​មិនមាន​ប្រសិទ្ធភាព​ទេ​»​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​ថ្លែងថា​ថា​៖ «​ជាទូទៅ​យើង​នៅ​ត្រូវការ​ចៅក្រម​បន្ថែមទៀត​ដោយ​ផ្អែកលើ​ទិន្នន័យ​សំណុំរឿង ក៏​ដូចជា​តម្រូវការ​ជាក់ស្ដែង​ពាក់ព័ន្ធ​នឹង​ការកើនឡើង​នៃ​សំណុំរឿង​តាម​តុលាការ​»​។

លោក​បន្តថា​៖ «​ការតែងតាំង ការផ្លាស់ប្ដូរ​ចៅក្រម​ព្រះរាជអាជ្ញា គឺជា​ដំណើរការ​ប្រព្រឹត្ត​ទៅជា​ប្រក្រតី​ទេ​ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​ស្ថាប័ន​ និង​រដ្ឋបាល​គ្រប់គ្រង​ស្ថាប័ន​ដែល​អនុញ្ញាត​ដោយ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ក៏ដូចជា​ច្បាប់​ស្ដីពី​ការប្រព្រឹត្ត​ទៅ​នៃ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​»៕