ភ្នំពេញៈ ក្នុង​ឱកាស​យាង​ជាព្រះ​រាជា​ធិបតី​ ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​វះកាត់​បេះដូង​ទី ២​ នៃ​ «អគារ​គន្ធ​បុប្ផា​សី​ហមុ​នី​ មុនិ​នាថ​» ក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទី ១ ​រាជ​ធានី​ភ្នំពេញ ​ម្សិលមិញ​ ព្រះមហា​ក្ស​ត្រនរោត្តម​ សីហមុនី ​មាន​ព្រះ​រាជ​បន្ទូល​ថា ​ព្រះអង្គ​បានប្រោស​ព្រះរាជ​ទាន​ព្រះ​រាជ​ទ្រព្យ​ចំនួន​ ១ លាន​ ២ សែន​ដុល្លារ​អាមេរិក​ ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផាសម្រាប់​ចូល​រួម​កសាង​អគារ​វះ​កាត់។

ជាមួយ​នឹង​ការប្រោស​ព្រះរាជ​ទាន​នូវ​ព្រះរាជ​ទ្រព្យ​ដ៏​សន្ធឹក​នេះ ​ព្រះអង្គ​ក៏បាន​គាំទ្រ​មូលនិធិ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​ដែល​ «អគារ​គន្ធបុប្ផា​ សីហមុនី ​មុនិនាថ​» សម្រាប់​វះកាត់​បេះដូង ​ត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ​ ៨ លាន​ដុល្លារ​អាមេរិក។ ​ព្រះ​ករុណា ​ព្រះបាទ​សម្តេច​ ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី ​ដែលមាន​សម្តេច​ព្រះ​មហាក្សត្រី ​នរោត្តម ​មុនិនាថ​ សីហនុ​ យាង​ចូលរួម​ជាព្រះរាជា​ធិបតី​ក្នុង​កម្មវិធី​ ដែរ​នោះ ​ព្រះអង្គ​មានព្រះរាជ​បន្ទូលថា ​កាលពី​ឆ្នាំ ២០១៨ ​សម្តេច​ម៉ែ​ នរោត្តម​ មុនិនាថ ​សីហនុ ​និង​ព្រះអង្គ ​បាន​ប្រោស​ព្រះរាជ​ទាន​ព្រះ​រាជ​ទ្រព្យ ​១ លាន​ដុល្លា​រ​អាមេរិក ​សម្រាប់​ចូលរួម​កសាង​អគារ​វះកាត់​ដែល​រៀបចំ​សម្ពោធ​នា​ពេល​នេះ។ ជាមួយ​គ្នានេះ ​សម្តេចម៉ែ ​និង​ព្រះអង្គ ​ក៏បាន​សព្វព្រះ​រាជ​ហឫ​ទ័យ​ប្រោស​ព្រះ​រាជ​ទាន​ព្រះរាជ​ទ្រព្យ​បន្ថែម​ទៀត​ចំនួន​ ២ សែន​ដុល្លារ​អាមេរិក ​ចំ​ពោះ​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា។

ព្រះអង្គ​មាន​ព្រះរាជបន្ទូល​បន្តថា​ ព្រះ​អង្គ​បាន​កោតសរសើរ​ចំពោះ​សប្បុរស​ជន ​និង​លោក​គ្រូ ​អ្នកគ្រូ​ពេទ្យ បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់​ខិតខំ​បំពេញ​ការងារ​បានល្អ​ប្រសើ​រ។ ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ច្រើន​លាន​នាក់ និង​ស្ត្រី​មួយចំនួន​ឲ្យ​រួច​ផុតពី​ជំងឺ​ផ្សេងៗ​ ដែលជា​ក​ត្កា​ជំរុញ​ការអភិវឌ្ឍ​វិស័យ​សុខាភិបាល ​និង​ធនធាន​មនុស្ស​សម្រាប់​កសាង​សង្គម​ជាតិ។

លោក​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​ថ្លែង​ក្នុង​អង្គពិធី​នោះ​ថា ​បន្ទប់​​វះកាត់​បេះដូង​លើក​ដំបូង​នៅ​រាជ​ធានី​ភ្នំពេញ​នៃ​អគារ​គន្ធបុប្ផា​សីហមុនី​ មុនិនាថ ​ថ្មីៗនេះ​នឹង​ចាប់ផ្តើម​ដំណើរការ​ពីថ្ងៃ​ទី ២ ​ខែ សីហា​ ឆ្នាំ ២០១៩ ​តទៅ។​ ក្នុង ១ ​ឆ្នាំៗ​នឹង​អាច​បង្កើន​ការវះកាត់​បាន​ចំនួន​ប្រមាណ​ ១ ០០០ នាក់ ​រួមគ្នា​ជាមួយ​មជ្ឈមណ្ឌល​វះកាត់​បេះដូង​ទី ១ ដែល​បានធ្វើ​ប្រតិបត្តិការ​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី ៧​ ក្នុង​ខេត្ត​សៀមរាប ​តាំងពី​ឆ្នាំ ២០១១ ​កន្លង​មក។

លោក​បន្តថា ​ការបើក​ប្រតិបត្តិការ​នេះ ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​កម្ពុជា​ដែល​មាន​បទពិសោធ ៨ ឆ្នាំ​មកហើយ លោក​សង្ឃឹមថា ​មជ្ឈមណ្ឌល​បេះដូង​ទី ២ នេះ ​នឹង​អាច​ឆ្លើយតប​ទៅនឹង​តម្រូវ​ការចាំបាច់ ​ដើម្បី​ព្យាបាល​កុមារតូចៗ​ដែលមាន​បញ្ហា​បេះដូង​ពី​កំណើត​ជាង​ ៤ ០០០ នាក់ ​ដែល​កំពុង​រង់ចាំ​ទទួល​ការវះកាត់​កែតម្រូវ​ជា​រៀងរាល់​ឆ្នាំ។

លោកប​ញ្ជាក់ថា៖​ «​អ្វីដែល​សំខាន់​ជាង​នេះ ​កុមារ ​៨០ ភាគរយ​ នៃ​ករណី​ទាំងនេះ ​ពួកគេ​នឹង​អាចមាន​ជីវិត​រស់នៅ​ដូច​កុមារ​ធម្មតា​ ក្រោយ​ការ​វះ​កាត់​ទទួលបាន​ជោគ​ជ័យ»។

លោក​ Peter Studer ប្រធាន​មូលនិធិ​គន្ធបុប្ផាបាន​ថ្លែងថា​ អគារ ​«គន្ធបុប្ផា​សីហមុនី​ មុនិនាថ»​ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​គឺ ជា​អគារ​វះកាត់​បេះដូង ​មាន​ទទឹង​ ៤០ ​ម៉ែត្រ​ បណ្តាយ ៥០ ម៉ែត្រ ​កម្ពស់​ ៣ ជាន់។

ក្នុង​ទិសដៅ​ជួយសង្គ្រោះ​ដល់​អាយុ​ជីវិត​កុមារ​មកពី​គ្រប់​ទិសទី​ដែលមាន​បញ្ហា​បេះដូង​និង​ប្រព័ន្ធ​ប្រសាទ។ អគារ​ថ្មី​នេះ​មាន​បន្ទប់​ចំនួន៦ ​និង​អាចដាក់​គ្រែ​បាន​ចំនួន​ ២០០ ​និង​ចំណាយ​ថវិកា​អស់​ប្រមាណ ​៨ លាន​ដុល្លារ ​ហើយ​ថវិកា​ទាំងអស់​បាន​មកពី​មូលនិធិ​គន្ធបុប្ផា​ស្វ៊ីស​ មូល​និធិ​គន្ធបុប្ផា​កម្ពុជា ​និង​បាន​មកពី​ការព្រះរាជ​ទាន​ ១ លាន​ ដុល្លារ​ពី​ព្រះ​មហា​ក្សត្រ​កម្ពុជា ​និង​សម្ដេច ម៉ែ ​ដើម្បី​ជួយ​សង្គ្រោះ​អា​យុ​ជីវិត​កុមារ។

លោក​បន្តថា កន្លង​មកទារក​ខ្លះ​កើត​មក​​ភ្លាម​មាន​បញ្ហា​ប្រហោង​បេះដូង​ចាំ​ចាច់​ត្រូវបញ្ជូន​​ទៅ​ព្យាបាល​នៅ​សៀ​មរាប​ ប៉ុន្តែ​ចាប់ពី​ខែ​ក្រោយ​ទៅ​មិនចាំបាច់​បញ្ជូន​ទៅ​សៀមរាប​ទៀត​ទេ ​គឺ​ធ្វើការ​វះកាត់​នៅ​ភ្នំពេញ​តែម្ដង។ ក្នុង​ ១ ឆ្នាំ​ៗ​មាន​កុមារ​រាប់ពាន់​នាក់​ដែល​ត្រូវ​វះកាត់។ បើ​រង់ចាំ​យូរ​ធ្វើ​ឲ្យ​កុមារ​កាន់តែ​ធំ ​បេះដូង​កាន់តែ​រីក ​សរសៃ​ឈាម​សួត​កាន់​តែ​ក្រិន ​នោះ​អាច​បង្ក​ឲ្យ​មានការ​លំបាក​ក្នុងការ​វះ​កាត់។

លោក​ Peter Studer បញ្ជាក់​ថា​៖ ​«អគារ​ថ្មី​នេះ​ក៏មាន​ការវះកាត់​ប្រព័ន្ធ​ប្រសាទ​ វះកាត់​ផ្នែក​ឆ្អឹង ​និង​ការសង្គ្រោះ​បន្ទាន់​ទារក​ និង​អាចមាន​បើក​ផ្នែក​ផ្សេង​បន្ថែមទៀត​ទៅ​ថ្ងៃ​ខាង​មុខ។ ប៉ុន្តែ​ជា​ជំហាន​ដំបូង​គឺ​វះកាត់​បេះដូង​កុមារ​ដោយ​មាន​ក្រុម​គ្រូ​ពេ​ទ្យ​ឯកទេស​មកជួយ​បង្រៀន​ពី​ខេត្ត​សៀមរាប ​ខណៈ​ការវះកាត់​គឺអាច​វះ​បាន​កុមារ​ម្នាក់​ក្នុង​ ១ ថ្ងៃ»។

លោក​ស្រី ប៉ា​ស្កាល់ បារី​ស្វីល (Pascale Baeriswyl)​ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​នៃ​សហព័ន្ធ​ស្វ៊ីសថ្លែង​ថា ​លោក​ស្រី​គាំទ្រ​ការ​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​ជា​បន្តបន្ទាប់​របស់​រដ្ឋា​ភិ​បាល​ស្វ៊ីស​សម្រាប់​​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ។ ថែម​ទាំង​ចូលរួម​ចំណែក​បន្ថែម​ទៀត​លើ​អគារ​វះកាត់​បេះដូង​កុមារ​នេះ ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឆ្ន័​រ (Beat Richner) ​ដែល​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុប្ផា។

លោកស្រី​បញ្ជាក់ថា​៖ «ចក្ខុវិស័យ​របស់​យើង​ គឺ​បង្កើត​សេវា​សុខភាព​ប្រកបដោយ​គុណភាព​សម្រាប់​កុមារ​គ្រប់រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើជា​ចំណុច​ស្នូល​នៃ​ភាពជោគ​ជ័យ​របស់​មន្ទីរ​ពេទ្យ​នេះ។ កម្មវិធី​សម្ពោធ​ថ្ងៃនេះ ​គឺជា​ការប្តេជ្ញា​ចិត្ត​ របស់​លោក​វេជ្ជបណ្ឌិត​ Richner ដែលបាន​ តស៊ូ​បង្កើត​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ»៕