ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១ បានចេញព្រះរាជក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងប្រធាន អនុប្រធាន និងចៅក្រម ចំនួន ៨៩ រូប។
ទន្ទឹមនឹងនេះដែរ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យដាច់ដោយឡែកមួយទៀត ដោយត្រាស់បង្គាប់ ផ្ទេរ និងតែងតាំងមុខតំណែង ព្រះរាជអាជ្ញាចំនួន ៤៧ រូបផងដែរ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៤ ខែឧសភានេះថា ការតែងតាំង និងការផ្ទេរមន្ត្រីនៅស្ថាប័នតុលាការ គឺជាវិធាន និងបែបបទរដ្ឋបាលដែលធ្លាប់បានធ្វើជាហូរហែនាពេលកន្លងមក ដើម្បីពង្រឹងប្រសិទ្ធភាពរបស់ស្ថាប័នតុលាការ ។
លោកបញ្ជាក់ថា៖ «ទី ១ អ្នកខ្លះត្រូវដល់ពេលចូលនិវត្តន៍ចឹងត្រូវមានការតែងតាំងអ្នកថ្មីមកជំនួសកន្លែង ហើយទី ២ អ្នកខ្លះដល់ពេលដែលត្រូវផ្ទេរពីខេត្តមួយទៅខេត្តមួយដោយយើងធ្វើក្នុងរយៈពេលបួនឆ្នាំម្តងដែរ ត្រូវចល័តចៅក្រមពីខេត្តមួយទៅខេត្តមួយ ដើម្បីធានាប្រសិទ្ធភាពរបស់ស្ថាប័ន តម្លាភាព និងគណនេយ្យភាពនៅក្នុងស្ថាប័នតុលាការ»។
ក្នុងព្រះរាជក្រឹត្យ បានឱ្យដឹងថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហត្ថលេខាតទៅ៕