ភ្នំពេញៈ ព្រះមហាក្សត្រ​នៃ​កម្ពុជា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​បាន​តែងតាំង​លោក Fergal Gaynor ដែលជា​ជនជាតិ​អៀរឡង់ ឲ្យ​ធ្វើជា​សហព្រះរាជអាជ្ញា​អន្តរជាតិ​បម្រុង​ថ្មី​នៃ​សាលា​ក្តី​ខ្មែរក្រហម​ (ECCC) ​ក្រោយពី​មាន​ការស្នើ​តែងតាំង​ពី​លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និងមាន​ការអនុម័ត​យល់​ព្រម​ពី​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។

បើតាម​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅថា​សាលាក្តី​ខ្មែរក្រហម​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១៣ ខែ​មីនា​​​ គឺ​លោក Gaynor បាន​បំពេញ​ការងារ​ជា​មេធាវី​ជំនុំជម្រះ​ (Trial Attorney) ​ក្នុង​ការិយាល័យ​រដ្ឋអាជ្ញា​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​ប្រទេស ​រ្វ៉ាន់ដា​ (ICTR) ​និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ សម្រាប់​អតីត​ប្រទេស​ យូហ្គោស្លាវី​ (ICTY) ​ពី​ឆ្នាំ​ ២០០៥ ដល់​ឆ្នាំ​ ២០១៣ មុនពេល​លោក​បំពេញ​ការងារ​ជា​ជំនួយការ​ជាន់ខ្ពស់​សហព្រះរាជអាជ្ញា​នៅ​សាលាក្ដី​ពី​ឆ្នាំ​ ២០១៥ ដល់​ឆ្នាំ​ ២០១៦​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា លោក Gaynor ធ្លាប់​បំពេញ​ការងារ​ជា​មេធាវី​នាំមុខ​តំណាង​ជនរងគ្រោះ​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC) ​ក្នុង​សំណុំរឿង​ប្រឆាំង​នឹង​ប្រធានាធិបតី​កេនយ៉ា Uhuru Kenyatta ចាប់ពី​ឆ្នាំ​ ២០១២ មក និង​ជា តំណាង​ជនរងគ្រោះ​ ១ ​ក្រុម​នៅក្នុង​ស្ថានភាព​នៅ​ប្រទេស​ អាហ្វហ្គានីស្ថាន ​ចាប់ពី​ឆ្នាំ​ ២០១៩ ​មក​។ បច្ចុប្បន្ន​សំណុំ​រឿងនេះ​កំពុង​ស្ថិត​ក្នុងការ​ស៊ើបអង្កេត​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។

លោក Gaynor ទទួលបាន​សញ្ញាបត្រ​បរិញ្ញាបត្រ​នីតិសាស្ត្រ​ពី​មហាវិទ្យាល័យ Trinity Dublin និង​សញ្ញាបត្រ​អនុបណ្ឌិត​ទស្សនវិជ្ជា​ពី​សាកលវិទ្យាល័យ Cambridge​។ លោក​គឺជា​សមាជិក​គណៈមេធាវី​អៀរឡង់ និង​ជា​សមាជិក​គណៈកម្មាធិការ​និពន្ធនាយក​នៃ​ព្រឹត្តបត្រ​ Journal of International Criminal Justice៕