
ព្រះមហាក្សត្រ និងសម្តេចម៉ែនៅក្នុងពិធីនៅសៀមរាបកាលពីម្សិលមិញ។ រូបថត Royal du Cambodge
សៀមរាបៈ ព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ កាលពីព្រឹកម្សិលមិញបានយាងដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផានៅចេតិយតម្កល់អដ្ឋិធាតុរបស់លោកស្ថិតនៅមុខមន្ទីរពេទ្យគន្ធបុប្ផាក្នុងក្រុងសៀមរាប។
អដ្ឋិធាតុលោកវេជ្ជបណ្ឌិត Beat Richner បានដឹកពីប្រទេសស្វ៊ីសដែលជាទឹកដីកំណើតរបស់លោកមកដល់ខេត្តសៀមរាបនៅព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៨។
លោកវេជ្ជបណ្ឌិត Denis Laurent អនុប្រធានមន្ទីរពេទ្យ គន្ធបុប្ផា បានថ្លែងប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ថា បន្ទាប់ពីបានយកអដ្ឋិធាតុរបស់លោក Richner មកដល់ព្រលានយន្តហោះ អដ្ឋិធាតុរបស់លោកត្រូវបានហែចេញពីព្រលានយន្តហោះទៅកាន់បណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាបមុនឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប ទីដែលត្រូវតម្កល់ធាតុរបស់លោក។
លោកថ្លែងថា៖ «ខ្ញុំមិនអាចបញ្ជាក់បានទេចំពោះបណ្ដាំរបស់លោក Richner ពីការតម្កល់អដ្ឋិធាតុរបស់លោកនៅកម្ពុជានេះ ប៉ុន្ដែការយកអដ្ឋិធាតុរបស់លោក វេជ្ជបណ្ឌិតមកតម្កល់នៅខេត្ដសៀមរាបនៃប្រទេសកម្ពុជានេះគឺជាការសម្រេចចិត្ដរបស់គ្រួសាររបស់លោកផ្ទាល់ ព្រោះពួកគាត់យល់ឃើញថានេះជាអ្វីដែលលោកវេជ្ជបណ្ឌិត Richner ស្រឡាញ់ប្រទេសកម្ពុជា និងបានលះបង់កម្លាំងកាយចិត្ដរបស់លោកជាមួយប្រជាជនកម្ពុជា»។
លោកបានឲ្យដឹងថា អដ្ឋិធាតុរបស់លោកវេជ្ជបណ្ឌិតត្រូវបានដឹកមកដល់ព្រលានយន្តហោះខេត្តសៀមរាបនៅវេលាម៉ោងប្រមាណ ៨ ព្រឹកដោយមានការសូត្រមន្តបង្សុកូលឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់លោកពីសំណាក់ព្រះសង្ឃប្រមាណ ៧០០ អង្គតាមបែបប្រពៃណីព្រះពុទ្ធសាសនា។
ពិធីដង្ហែអដ្ឋិធាតុរបស់លោក Richner មានការបើកផ្លូវដោយរថយន្តស៊ីរ៉ែនរបស់នគរបាល និងមានការហែអមដោយផ្ទាល់ពីសំណាក់លោក គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អភិបាលខេត្តសៀមរាបលោក ឃឹម ប៊ុនសុង ព្រមទាំងមានការលេងភ្លេងពិណពាទ្យអមផងដែរ។
នៅតាមដងផ្លូវគេសង្កេតឃើញមានមន្ត្រីរាជការ សិស្ស និស្សិត ប្រជាពលរដ្ឋយ៉ាងច្រើនឈរនៅអមសងខាងផ្លូវសម្តែងសមានទុក្ខ និងសម្តែងការគោរពដល់វិញ្ញាណក្ខន្ធរបស់លោក Richner ដែលបានបូជាទាំងកម្លាំងកាយចិត្ត ថវិកា និងពេលវេលាស្ទើរពេញមួយជីវិតរបស់លោក ហើយជាលទ្ធផលលោកបានជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់។
ការដង្ហែអដ្ឋិធាតុរបស់លោកវេជ្ជបណ្ឌិតមានការអញ្ជើញចូលរួមពីក្រុមគ្រួសារ និងបងស្រីរបស់លោកវេជ្ជបណ្ឌិតដែលអញ្ជើញមកពីប្រទេសស្វ៊ីស និងថ្នាក់ដឹកនាំក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាយ៉ាងច្រើនកុះករដោយបង្ហាញនូវអារម្មណ៍ក្តុកក្តួល សោកសង្រេង ដែលបាត់បង់នូវវីរបុរសរបស់កម្ពុជាក្នុងការងារសង្គ្រោះជីវិតកុមារ។
លោកវេជ្ជបណ្ឌិត Richner បានទទួលមរណភាពកាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៨ នៅឯប្រទេសកំណើតរបស់លោកក្រោយពីលោកបានធ្វើពលិកម្ម ដើម្បីបុព្វហេតុកុមារ និងមាតានៅកម្ពុជាអស់រយៈពេលប្រមាណ ២៥ ឆ្នាំ៕