ភ្នំពេញៈ ព្រះមហាក្សត្រ និង​នាយករដ្ឋមន្ត្រី​ផ្ញើសារ​ក្នុង​ទិវា​ជន​មាន​ពិការភាព​ពិភពលោក​ ៣ ​ធ្នូ​ដោយ​កោតសរសើរ​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​ប្រសើរ​ឡើង​សិទ្ធិ​របស់​ជន​មាន​ពិការភាព និង​ស្នើសុំ​កុំ​ឲ្យ​មាន​ការរើសអើង​ពួកគេ ខណៈ​មាន​ការ​បង្ហាញ​ថា ជន​មាន​ពិការភាព​ចំនួន​ជិត​ ៣ ​ពាន់​នាក់​បាន​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ​នា​ឆ្នាំ​ ២០១៨ ​នេះ និង​សិស្ស​មាន​ពិការភាព​ចំនួន​ជាង​ ៦ ​ម៉ឺន​នាក់​កំពុង​សិក្សា​ចាប់ពី​មត្តេយ្យ​រហូត​ដល់​ឧត្តមសិក្សា​។

ជា​សារ​ចូលរួម​អបអរសាទរ​ដល់​ទិវា​ជាតិ​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​ ២០ និង​ទិវា​ជន​មាន​ពិការភាព​ពិភពលោក​លើក​ទី​ ៣៦ ដែល​ប្រារព្ធ​ធ្វើ​ឡើង​រៀងរាល់​ថ្ងៃទី​ ៣ ធ្នូ ព្រះមហាក្សត្រ​នរោត្តម សីហមុនី និង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សម្តែង​ការអបអរ​ទិវា​នេះ​ដោយ​ស្នើ​ឲ្យ​មាន​ការ​សម្រួល​ដល់​ជន​ដែល​មាន​ពិការភាព​។

សារលិខិត​របស់​ព្រះមហាក្សត្រ​សរសេរ​ថា​៖ «​ការរៀបចំ​ទិវា​ជន​មាន​ពិការភាព​នេះ​គឺជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដែល​មាន​គោលដៅ​លើក​ទឹក​ចិត្ត​ដល់​ជន​មាន​ពិការភាព​កម្ពុជា​គ្រប់រូប​ដោយ​ពុំ​មាន​ការរើសអើង​ប្រកាន់​ពណ៌​សម្បុរ វណ្ណៈ ឬ​និន្នាការ​នយោបាយ​»​។

ព្រះរាជសារ​បន្ត​ថា​៖ «​ខ្ញុំ​ព្រះករុណា​ខ្ញុំ​មាន​ហឫទ័យ​សប្បាយ​រីករាយ ដោយ​បាន​ឃើញ​នូវ​ការវិវឌ្ឍ​ថ្មីៗ​តាមរយៈ​សកម្មភាព​ជាច្រើន​ទាំង​ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​ដូចជា​៖ ​ការផ្ដល់​របប​គោលនយោបាយ សម្ភារ​បរិក្ខារ មធ្យោបាយ​គ្រប់​បែប​យ៉ាង​ដើម្បី​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា និង​បញ្ហា​សម្បទា​សំដៅ​ឲ្យ​ជន​មាន​ពិការភាព​ទទួល​សេវា​សង្គម​គ្រប់​បែប​យ៉ាង និង​អាច​ចូលរួម​សកម្មភាព​សង្គម​គ្រប់​វិស័យ​រួមទាំង​វិស័យ​នយោបាយ​ផង​ដែរ ទៅ​តាម​សមត្ថភាព ស្របតាម​ការអភិវឌ្ឍ​នៃ​ប្រទេស​ជាតិ​នាពេល​បច្ចុប្បន្ន​»​។

ជាមួយ​គ្នា​នេះ​លោក​ ហ៊ុន សែន ក៏​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ផង​ដែរ​ដោយ​បាន​ពន្យល់​ពី​សមិទ្ធផល​ និង​សកម្មភាព​របស់​រដ្ឋាភិបាល​ក្នុងការ​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​សិទ្ធិ​ និង​សមត្ថភាព​របស់​ជន​មាន​ពិការភាព​។

លោក​ឲ្យ​ដឹង​ថា​ ​ជន​មាន​ពិការភាព​បាន​ចូល​ធ្វើការ​នៅ​ស្ថាប័នរដ្ឋ​ដែល​ក្នុង​ឆ្នាំ​ ២០១៨ ​នេះ ​ជន​មាន​ពិការភាព​ចំនួន​ ២៨៣៩ ​នាក់​ទទួល​បាន​ការងារ​។

លោក​ ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថា​នាពេល​បច្ចុប្បន្ន​នេះ​មាន​សិស្ស​ដែល​មាន​ពិការភាព​ជាង​ ៦ ​ម៉ឺន​នាក់​កំពុង​សិក្សា​នៅ​សាលា​រាប់​ចាប់​ពី​មតេយ្យ​រហូត​ដល់​ឧត្តមសិក្សា​។

លោក​ ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថា​រហូត​មក​ដល់​ពេល​នេះ​ក្រុម​ជន​មាន​ពិការភាព​បាន​បង្កើត​ក្រុម​ជួយ​ខ្លួនឯង​ចំនួន​ ១៩៥០ ​ក្រុម​មាន​អង្គការ​ធ្វើការ​ជាមួយ​ពួកគេ​ចំនួន ៧០ និង​មាន​ជន​មាន​ពិការភាព​ចំនួន​ ២៨ ០០០ ​នាក់​បាន​ទទួល​សេវា​ស្តារ​សម្បទា​។ នៅ​ឆ្នាំ​ ២០១៨ ​នេះ​ជន​មាន​ពិការភាព​ ៣៨៣ ​នាក់​ទទួល​បាន​ការបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​ការងារ​។

លោក​បញ្ជាក់​ថា​៖ «​រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការរុះ​របាំង​ឧបសគ្គ​នានា​ដើម្បី​បង្កើន​ឱកាស​ដល់​ជន​មាន​ពិការភាព​រួម​ទាំង​បង្កើត​នូវ​យុទ្ធនាការ​ប្រើប្រាស់​ភាសា​លើក​ទឹកចិត្ត​ដល់​ជន​មាន​ពិការភាព​ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រើពាក្យ​អសុរោះ​ក្នុង​ន័យ​ប្រមាថ មាក់ងាយ និង​រើសអើង​ជន​មាន​ពិការភាព ដែល​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព​»​។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​នូវ​ចំណុច​ចំនួន ​៧ ដើម្បី​លើក​កម្ពស់​ដល់​សិទ្ធិ និង​ភាពប្រសើរ​ឡើង​របស់​ជន​មាន​ពិការភាព​។

លោក​ ឯម ច័ន្ទមករា អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​មាន​ពិការភាព​ថ្លែង​កាលពី​ថ្ងៃទី​ ៣ ធ្នូ ថា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ជន​មាន​ពិការភាព​មាន​ប្រមាណ​ជា​ ៥០ ​ម៉ឺន​នាក់ បើ​យោង​តាម​តួលេខ​របស់​ក្រសួង​ផែនការ​ឆ្នាំ​ ២០១៣​។ លោក​ថ្លែង​ថា សិទ្ធិ​របស់​ជន​មាន​ពិការភាព​មាន​ភាព​ប្រសើរ​ឡើង​ដោយសារ​តែ​ទម្រង់​នៃ​ការ​រើសអើង​លើ​ពួកគេ​ត្រូវ​បាន​លុបបំបាត់​បាន​ច្រើន​។

លោក​ថ្លែង​ថា​៖ «​កាលពី​មុន ​ពេល​ដែល​ច្បាប់​ត្រូវ​បាន​អនុម័ត ជន​មាន​ពិការភាព​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ហើយ​សង្គម​មិន​ឲ្យ​តម្លៃ​ពួកគាត់​។ យើង​ធ្លាប់​ឮ​ពាក្យ​មាក់ងាយ​ដូចជា​ថា អាខ្វាក់ អ្នក​ឯង​ខ្វាក់​ឬ​? អាខ្វិន ឬ​ដែល​មិន​អាច​ដើរ ពាក្យ​ទាំង​នេះ​សំដៅ​ទៅ​លើ​ជន​មាន​ពិការភាព​ដែល​ធ្វើឲ្យ​ពួកគេ​មិន​សប្បាយចិត្ត ហើយ​មាន​អារម្មណ៍​ថា​ពួកគេ​ត្រូវ​បាន​គេ​រើសអើង​ពី​សង្គម ហើយ​សង្គម​មិន​ផ្ដល់​តម្លៃ​ដល់​ពួកគេ​។ ឥឡូវ​នេះ​យើង​មិនឮ​ពាក្យ​ទាំង​នេះ​ទៀត​ទេ​»​។

លោក​ មករា បន្ត​ថា ​ជន​មាន​ពិការភាព​បាន​ចូល​បម្រើការ​នៅ​ស្ថាប័នរដ្ឋ​ស្ទើរតែ​ ២ ​ភាគរយ​ហើយ​ដែល​ជា​ភាគរយ​គោលដៅ​។ លោក​ថា​ចំណែក​អ្នក​ដែល​មិន​បាន​ចូល​បម្រើការ​នៅ​ស្ថាប័នរដ្ឋ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​បើក​មុខរបរ​ខ្លួនឯង​ដូចជា​ហាង​ម៉ាស្សា ហាង​កាហ្វេ ឬ​ បម្រើការ​នៅ​តាម​ភោជនីយដ្ឋាន​ជាដើម​។ ដោយឡែក​នៅ​ក្នុង​វិស័យ​អប់រំ​វិញ​ឪពុកម្តាយ​មាន​ការ​យល់ដឹង​ច្រើន​ដោយ​បញ្ជូន​កូន​ដែល​មាន​ពិការភាព​ទៅ​សាលារៀន​។

លោក​ថា​៖ «​ឥឡូវ​គ្រួសារ​ដែល​មាន​កូន​មាន​ពិការភាព​បញ្ជូន​កូន​ទៅ​រៀន​។ កាលពី​មុន​ពួកគាត់​ទុក​កូន​នៅផ្ទះ​ដោយសារ​ខ្លាច​កូន​របស់​គាត់​ត្រូវ​បាន​គេ​រើសអើង​ដោយ​ហៅថា អាខ្វាក់ អាថ្លង់​ជាដើម​»៕