ភ្នំពេញៈ អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងនៅក្នុងប្រព័ន្ធតុលាការនៃព្រះរាជាណាចក្រកម្ពុជាចំនួន ២២ រូបត្រូវបានព្រះមហាក្សត្រ តែងតាំង និងផ្ទេរមុខតំណែងទៅកាន់រាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ខណៈសមាជិកព្រឹទ្ធសភាអះអាងថា ការផ្ទេរនេះជាការរុះរើដើម្បីពង្រឹងសេវាយុត្តិធម៌នៅកម្ពុជា។
យោងតាមព្រះរាជក្រឹត្យធ្វើនៅព្រះបរមរាជវាំងនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៨ ដែលបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ ហើយភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា ការផ្ទេរមុខតំណែងបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួនដូចជា កំពង់ស្ពឺ ព្រៃវែង បាត់ដំបង មណ្ឌលគិរី កំពង់ធំ កំពង់ចាម ស្វាយរៀង ព្រះសីហនុ រតនគិរី ត្បូងឃ្មុំ ព្រៃវែង កោះកុង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច និងសមាជិកព្រឹទ្ធសភាបានថ្លែងកាលពីម្សិលមិញថា ការតែងតាំង និងការផ្លាស់ប្ដូរអគ្គព្រះរាជអាជ្ញា ព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញារង គឺជាសិទិ្ធអំណាចរបស់ស្ថាប័នឧត្តមក្រុមប្រឹក្សាអង្គចៅក្រមហើយវាជាការពង្រឹងវិស័យយុត្តិធម៌។
លោក ឥសាន ថ្លែងថា៖ «នេះគឺជាការពង្រឹងប្រព័ន្ធយុត្តិធម៌ដែលឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមធ្វើការផ្លាស់ប្តូរចៅក្រម និងព្រះរាជអាជ្ញា ៤ ឆ្នាំម្តង ហើយការផ្លាស់ប្តូរពីខេត្តមួយទៅខេត្តមួយ និងផ្លាស់គ្នាហ្នឹងគឺដើម្បីកុំឲ្យនៅដុះផ្សិត ដូច្នេះហើយបានជាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលមានអង្គព្រះមហាក្សត្រជាព្រះប្រធានបានឯកភាពគ្នានៅក្នុងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម»។
ព្រះរាជក្រឹត្យបានត្រាស់បង្គាប់តែងតាំងលោក យ៉េត ចរិយា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញទៅជាអគ្គព្រះរាជអាជ្ញារងនៅតុលាការកំពូល។
លោក មាស សុភក្តី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តព្រៃវែង ត្រូវបានតែងតាំងទៅជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការ អមសាលាឧទ្ធរណ៍។
លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺត្រូវផ្ទេរមកកាន់សាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញត្រូវបានតែងតាំងទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ល។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌មិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញ។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុកបានថ្លែងថា ការតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញានេះគឺជាគោលការណ៍ទាក់ទង់នឹងការដោះដូរ។
លោក សុខា ថ្លែងថា៖ «ជាការពិតគឺគេចង់ពង្រឹងប្រព័ន្ធយុត្ដិធម៌ ប៉ុន្ដែគ្រាន់តែថា ការអនុវត្ដជាក់ស្ដែង យើងពិបាកនៅក្នុងការមានជំនឿណាស់ ព្រោះថាយើងឃើញហើយប្រព័ន្ធតុលាការស្រុកខ្មែរ បច្ចុប្បន្នយើងមានបញ្ហាច្រើន។ អ៊ីចឹងហើយយើងមិនមានជំនឿទេ នៅក្នុងការដោះដូរដែលយើងគិតថាធ្វើឲ្យមានភាពប្រសើរឡើងនេះគឺមិនទាន់មានជំនឿទេ។ ប៉ុន្ដែជាគោលការណ៍គឺនៅក្នុងន័យនៃការដោះដូរនេះគឺដើម្បីឲ្យជួយពង្រឹងទៅដល់វិស័យយុត្ដិធម៌ហ្នឹងហើយ»។
លោក សុខា បានបញ្ជាក់ថា៖ «យើងសង្កេតឃើញថាតុលាការយើងនាពេលបច្ចុប្បន្ននៅមិនទាន់មានភាពឯករាជ្យពេញលេញនៅឡើយទេ គឺយើងមើលឃើញបញ្ហានេះ»៕