ភ្នំពេញៈ ព្រះវិហារ​ព្រះពុទ្ធ​សា​សនា​​​ចំណាស់​ៗ ​ដែល​មាន​អាយុ​ប្រហែល​ជាង ​១០០ ឆ្នាំ​នៅក្នុងវត្ត​រាប់​រយ​ទូទាំង​ប្រទេស​កម្ពុជា ​នឹង​ត្រូវ​បាន​អភិរក្សហើយ​មាន​គម្រោង​ជួស​ជុលកែ​លម្អ​តាម​លំនាំ​ដើម​ដោយ​ក្រុម​អ្នក​ជំនាញ​ពី​ក្រសួង​វប្ប​ធម៌​ និង ​វិចិត្រ​ សិល្បៈ​ ក្រោម​ខ្ទង់​ចំណា​យ​ថវិកា​​របស់​រដ្ឋ។

ព្រះ​វិហារ​ចំណា​ស់ៗ​ឬព្រះ​វិហារ​បុរាណ​ទាំង​នោះគឺ​សំដៅ​ដល់​រចនា​សម្ព័ន្ធ​សំណង់​វិហារ​ទាំង​មូលគ្រឿង​បង្គុំសំណង់​ផ្សេងៗ សសរ​ ជញ្ជាំង ដំបូល​ រួម​ទាំង​មាន​បំពាក់​ក្បូរ​ក្បាច់​រចនា​ផ្សេងៗ​ជា​ពិសេ​ស​រូប​គំនូរ​ផង​ដែរ​។​

ថ្លែង​នៅ​ក្នុង​សិក្ខា​សា​លា​ស្តីពី «សំណង់​ព្រះវិហារ​បុរាណ៖ការ​ប្រឈម​នឹង​ហានិភ័យនិង​ការ​អភិរក្ស» ដែល​ប្រព្រឹត្ត​ទៅ​​នៅ​សាល​មហោ​ស្រព​ចតុ​មុខ​ពី​ថ្ងៃទី៧ដល់​ទី៨​ខែ​មិថុនាឆ្នាំនេះ លោក ជុច ភឿន រដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បានថ្លែង​ថា សិក្សា​សា​លា​នេះ​នឹង​ជួយ​ពញ្ញាក់​ស្មារតី​ដល់​ព្រះសង្ឃ គណៈ​កម្មការ​វត្ត និង​ពុទ្ធ​បរិស័ទ នៅ​ទូទាំង​ប្រទេស «​ឲ្យ​ងាក​មក​​គិតគូរ​អភិរក្ស​និង​ឲ្យតម្លៃ​បេតិក​ភណ្ឌ​ជាកេរដំណែល​ដូនតារបស់យើង​»ព្រោះកន្លងមក​«យើង​ឃើញ​មាន​ព្រះ​វិហារ​បុរា​ណ​ជា​ច្រើន​ត្រូវបាន​រុះ​រើធ្វើ​ជាថ្មី​ឡើង​វិញ»។

សិក្ខា​សាលា​លើក​ដំបូង​នេះ​រៀបចំ​ដោយ​ក្រសួង​វប្បធ​ម៌និង​វិចិត្រ​សិល្បៈជាមួយ​ក្រសួង​ធម្មការនិង​សាសនា ដោយ​បាន​និមន្ត​ ព្រះសង្ឃ​និង​អញ្ជើញ​គណៈ​កម្មការ​វត្ត​មាន​ព្រះ​វិហារ​បុរាណ​ចំនួន៩៣​វត្ត​ពី​ទូទាំង​ប្រទេស​កម្ពុជា«ដើម្បី​ជជែក​ពិភាក្សា​នៅ​ថ្ងៃនេះ​រួច​ចេញ​ជា​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ដើម្បី​ជា​ត្រីវិស័យក្នុង​ការ​អភិរក្សនិង​ឲ្យ​តម្លៃ​កេរដំណែល​ព្រះ​វិហារ​បុរាណ​ទាំង​នោះ» នេះ​បើ​តាម​ប្រសា​សន៍​របស់​លោក ភឿន ។

លោក​បាន​បន្តថាក្រៅពីនោះ​សិក្ខា​សាលា​ក៏បាន​​ជូន​ដំណឹង​ដល់​គណៈ​កម្មការ​វត្ត​​នានាវ​ផងដែរ​ថា​នៅ​ពេល​​ចង់​រុះរើ​ជួស​ជុល សូម​មេត្តា​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ដែនដី​ជា​ពិសេស​ភ្នាក់ងារ​ជំនាញ​របស់​ក្រសួង​ទាំង​ពីរ​«ហើយ​បើវត្ត​ណា​មាន​ព្រះ​វិហារ​បុរាណឬ​សំណង់​បុរាណ​ត្រូវ​ការ​ក្រុម​អ្នក​ជំនាញ​ជួយ​អភិរក្សឬ​ជួស​ជុលនិង​ត្រូវ​ការ​ជំនួយ​ថវិកា​សូម​លើក​ជា​គម្រោង​មក​ភ្នាក់​ងារ​រដ្ឋា​ភិបាល​ នោះ​រដ្ឋ​នឹង​មាន​កញ្ចប់​ថវិកា​សម្រាប់​ជួយ​គាំទ្រ ប៉ុន្តែ​សុំឲ្យ​ប្រើ​ប្រាស់​ថវិកា​ទាំង​នោះ​ត្រូវ​ចំខ្ទង់»។​

យោង​តាម​ស្ថិតិ​របស់​ក្រសួង​ធម្មការ ​និង​សា​សនា​ បាន​ឲ្យ​ដឹង​ថា នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​វត្ត​ចំនួន​៤៩៣២​វត្តនិង​ព្រះសង្ឃ​ចំនួន ​៦៨៦៥៤​អង្គ ក្នុង​នោះ​វត្ត​ដែល​មាន​ព្រះ​វិហារ​បុរាណ​មាន​ចំនួន ៥៦៣ ​វត្ត។

លោក ភឿន បាន​បន្តថា​៖«អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​មាន​ព្រះ​វិហារ​បុរាណ​មួយ​ចំនួន​សាង​សង់​ដោយ​ឈើ​ល្អៗ ឈើ​ប្រណីតៗនិង​មាន​ក្បូ​រក្បាច់​រចនា​គួរ​ឲ្យស្ញប់​ស្ញែង​ខ្លាំង​ណាស់។ភាគ​ច្រើន​វិហារ​ឈើ​ទាំង​នោះ​មាន​នៅ​ក្នុង​ខេត្ត​បាត់​ដំបង កំពង់​ចាម និង​ក្រចេះ ហើយ​វត្ត​ទាំង​នោះ​បាន​សាង​សង់​នៅ​ក្នុងឆ្នាំ ​១៨០០ ​ប្លាយ​»។

លោក នាង​ ម៉ក់​ អាយុ ៦៥ឆ្នាំ គណៈ​កម្មការ​វត្តស្វាយ​សាច់ភ្នំ នៅ​ភូមិ​ស្វាយ​កណ្តាល ឃុំ​ស្វាយ​សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម បាន​ឲ្យដឹង​ថា ជាច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ទាំង​ប្រជា​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​មួយ​ចំនួន​និង​អ្នក​ពីឆ្ងាយ​ផង​ខ្លះ​គេមាន​បំណង«​ចង់​ជួស​ជុល​ព្រះ​វិហារនិង​ខ្លះទៀត​ចង់​ទាំង​វាយ​ព្រះ​វិហារ​ចាស់​នោះ​ចោលដើម្បី​សង់​ព្រះ​វិហារ​ថ្មី​ជំនួស​វិញ ប៉ុន្តែ​ពួក​ខ្ញុំមិន​ព្រម​ទេ​រហូត​ពួក​យើង​មាន​វិវាទ​គ្នា​ខ្លះៗ​ទៀត​ផង»។

លោក​បន្ថែម​ថារ​ហូត​មាន​កិច្ច​អន្តរា​គម​ន៍ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ដោយ​បញ្ជូន​អ្នក​ជំនាញ​ចុះ​ទៅ​សិក្សា​ដើម្បី​ជួយ​ជួស​ជុល​អភិរក្ស។ ឥឡូវ​នេះ ព្រះ​វិហារ​នោះ​«ជួស​ជុល​រួច​ហើយ​រឹង​មាំ​ ស្អាត ដូច​ដើម​អីចឹង!ហើយ​គ្រឿង​ឈើ​នៅ​ក្នុង​ព្រះ​វិហារ​ឈើ​នេះ មាន​ទិព្ទ​មាស​ មាន​ក្បូរក្បាច់​គ្រប់​កន្លែង និង​មាន​គំនូរ​ល្អៗ​ណាស់»។ អំឡុង​ពេល​ជួស​ជុល​ជិត​មួយ​ឆ្នាំ​ក្រុម​ពុទ្ធ​បរិស័ទ​ក៏​បាន​នាំគ្នា​ជួយ​បំពេញ​ការ​ងារ​តូច​តាច​ជា​មួយ​ក្រុម​អ្នក​ជំនា​ញ​នោះ​ដែ​រ។

លោក​បាន​បញ្ជាក់​ថា៖«រីឯ​ការ​ចំណាយ​អ្វីខ្លះ អស់​ប៉ុន្មាន គឺ​ពួក​យើង​អត់​បាន​ដឹង​ទេ ប៉ុន្តែ​នៅ​ចាំ​បាន​ថា វេលា​ដែល​ឯក​ឧត្តម ថៃ ​នរសត្យា គាត់​ចុះ​ទៅ​ត្រួត​ពិនិត្យ​វត្ត​នោះ គាត់​បាន​ប្រាប់​ថា រាជ​រដ្ឋា​ភិបាល​បាន​ចំណាយ​លុយ៣០០​លាន​រៀលដើម្បី​ជួស​ជុល​អភិ​រក្សវិ​ហារ​វត្ត​នេះ​មួយ​និង​វិហារ​នៅ​វត្ត​ផ្សេង​មួយ​ទៀត»​។

លោក​ ប្រាក់​ សុ​ណ្ណារ៉ា ​អគ្គ​នាយក​អគ្គ​នាយក​ដ្ឋាន​​បេតិ​កភណ្ឌ​នៃ​ក្រសួង​វប្ប​ធម៌និង​វិចិត្រ​សិល្បៈ​បាន​ឲ្យ​ដឹង​ថា​ អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ​មកហើយ​ដែល​ក្រសួង​បាន​ចាប់​ផ្តើម​គម្រោង​ជួស​ជុលដើម្បី​អភិរក្ស​រាល់​ព្រះ​វិហារ​ព្រះ​ពុទ្ធ​សាសនាដែល​មាន​អាយុ​ចាស់​ៗ ហើយ​«កំពុង​ប្រ​ឈម​ទៅ​នឹង​ការ​បាត់​បង់​រចនា​ប័ទ្ម​បុរា​ណ​របស់​ខ្មែរ​»។

លោក​បន្ត​ថា៖«កន្លង​មក​នេះ​​យើង​បាន​ជួស​ជុល​រួច​រាល់​នូវ​ព្រះ​វិហារ​បុរាណ​​ចំនួន​៣​វត្ត» ដែល​ក្នុង​នោះ​មាន​វត្ត២ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ចាមគឺវត្ត​មហា​លាភ នៅ​ស្រុក​កោះ​សូទិន​ និង​វត្ត​ស្វាយ​សាច់ភ្នំ នៅ​ស្រុក​ស្រី​សន្ធរ និ​ង​ព្រះ​វិហារ​វត្ត​ចិន​ដំដែក​ខាង​ជើងស្ថិត​នៅ​ក្បែរ​ស្ពាន​ជ្រោយ​ចង្វារ រាជ​ធានី​ភ្នំ​ពេញ។

បើ​តាម​លោក សុ​ណ្ណារ៉ា បទ​ពិសោធនៃ​ការ​ជួសជុល​កន្លង​មក​«មាន​គម្រោង​នៃ​ព្រះវិ​ហារ​ខ្លះ​អាច​ចំណាយ​ពេល​តែ៣ខែ ​ទៅ៦​ខែទេ ​ប៉ុន្តែ​វត្ត​ខ្លះ​ចំណាយ​ពេល​វេលា​យូរ​ជាង​នេះគឺ​អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​ព្រះវិ​ហារ​នីមួយៗនិង​ទីតាំង​ភូមិ​សាស្ត្រ​របស់​វត្ត​នីមួយៗ​ដែរ​»។

លោក​បាន​លើក​យក​ឧទាហរណ៍​ជាក់​ស្ដែង​​មក​បញ្ជាក់​ថា៖​«គម្រោង​ជួស​ជុល​ព្រះ​វិហារ​វត្ត​ពៅ​វើយ»នៅ​ក្នុង​​ឃុំ​ផាត់​សណ្តាយ ស្រុក​ស្ទោង ដែល​ស្ថិត​​ក្នុង​បឹង​ទន្លេ​សាប​ភាគ​ខាង​ជើង​នោះ​បាន​ចំ​ណាយ​ពេល​ឆ្លង​ឆ្នាំ​​។

លោកថា៖​«ក្រុម​ការ​ងារ​របស់​យើង​ជួប​ការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មកការ​ដឹក​ជញ្ជូន​សម្ភារនិង​ឧបករណ៍​សម្រាប់​ជួស​ជុល»ហើយ​បើ​នៅ​ខែ​វស្សា​យើង​គ្រាន់​តែ​ជិះឡាន​រួច​បន្ត​ដំណើរ​ដោយ​ជិះ​ទូក​អ្នក​ស្រុក២-៣​ម៉ោង​ទៀត​នឹង​ទៅ

ដល់​ហើយ។ប៉ុន្តែ​បើ​ខែ​ប្រាំង​វិញត្រូវ​ជិះ​ឡាន​ជិះ​គោ​យន្ត​និង​ជិះ​ទូក​រួច​ជិះ​គោ​យន្ត​ឬ​រទេះ​គោ​ក្របី​កាត់​ភក់​ទៀត​ទើប​ទៅ​ដល់» ដែ​ល​ត្រូវ​ចំណា​យ​ពេល​យូរ​៕