សង្គម​មួយ​ដែល «​មនុស្ស​ម្នាក់ៗ​ចេះ​យោគយល់ អត់ឱន គិត​មុខ គិត​ក្រោយ ផ្តល់​សេចក្តី​ស្រឡាញ់​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ និង​ទប់​កំហឹង​» គឺជា​អ្វី​ដែល​​ព្រះសង្ឃ គូ សុភាព ចង់​ឃើញ​មាន​នៅ​ក្នុង​សង្គម​កម្ពុជា ខណៈ​​ព្រះអង្គ​រកឃើញ​វិធី​ខ្លះៗ​ដែល​រំពឹង​ថា​នឹង​អាច​ជួយ​បាន​តាមរយៈ​ការអប់រំ​ផ្លូវ​ចិត្ត​ឱ្យ​បាន​ទូលំ​ទូលាយ​រាប់​តាំងពី​នៅក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​ផង​ដែរ​។

ព្រះសង្ឃ​ដែល​មាន​ព្រះជន្ម ៣៩ ​ព្រះវស្សា​អង្គ​នេះ​មាន​ស្រុក​​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ​។ ​ព្រះអង្គ​​បាន​បួស​រៀន​អស់​រយៈពេល ២០ ​ព្រះវស្សា​មក​ហើយ និង​បាន​​គង់​នៅ​វត្ត​និគ្រោធវ័ន ហៅ​វត្ត​គល់ទទឹង​ក្នុង​ខេត្ត​កណ្ដាល​អស់​​រយៈពេល​ ១៩ ​ឆ្នាំ​។ ព្រះអង្គ​ចង់​ឃើញ​មាន​ការ​អប់រំ​ផ្លូវចិត្ត​តាម​បែប​ព្រះពុទ្ធសាសនា​ដើម្បី​ជួយ​​ដោះស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​ដែល​យុវវ័យ​កំពុង​ប្រឈម​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា​៖ «​ផ្នែក​ចិត្តគំនិត​នេះ​ក៏​ជា​រឿង​សំខាន់​ដែរ ដែល​មិន​អាច​ខ្វះ​បាន​។ ប្រសិន​បើ​ខាង​ក្រៅ​មាន​ភាព​ហ៊ឹកហ៊ាក់ ប៉ុន្តែ​ខាង​ក្នុង​មួម៉ៅ​ក្តៅក្រហាយ​ពិបាក​ ឬ​ស្ត្រេស​ក៏​មិន​សូវ​មាន​ន័យ​ដែរ​។ អ៊ីចឹង​ឱវាទ​របស់​ព្រះពុទ្ធ​ជួយ​ព្យាបាល​​ជំងឺ​ខាង​ក្នុង​»​។

ព្រះសង្ឃ គូ សុភាព គឺជា​គ្រូសូត្រ​ស្តាំ​នៅ​វត្ត​គល់ទទឹង និង​ជា​សាស្ត្រាចារ្យ​ដែល​បង្រៀន​​ពី​ការអភិវឌ្ឍ​គុណធម៌ ចរិយាវិទ្យា ភាព​ជា​អ្នកដឹកនាំ​ព្រះពុទ្ធសាសនា និង​ចិត្តវិទ្យា​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​។

ព្រះអង្គ​ទទួល​បាន​បរិញ្ញាបត្រ​​ជាន់​ខ្ពស់​ផ្នែក​អប់រំ ហើយ​កំពុង​បន្ត​ថ្នាក់​បណ្ឌិត​ផ្នែក​ភាព​ជា​អ្នកដឹកនាំ​។ ព្រះអង្គ​ធ្លាប់​បាន​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​ (exchange program)​ ​ថ្នាក់​​អនុបណ្ឌិត​រយៈពេល​ ៦ ​ខែ​។

ដើម្បី​រួមចំណែក​ដល់​ការអប់រំ​​ផ្លូវចិត្ត ព្រះសង្ឃ គូ សុភាព តែង​ចូលរួម​ក្នុង​កម្មវិធី​អប់រំ​​តាម​បណ្ដាញ​ផ្សព្វផ្សាយ សិក្ខាសាលា​អប់រំ និង​តាមរយៈ​ការធ្វើ​វីដេអូ​ខ្លីៗ​ និង​បង្ហោះ​តាម​បណ្ដាញ​ហ្វេសប៊ុក​ដែល​មាន​អ្នក​ទស្សនា​ជាច្រើន​នាក់​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា ព្រះអង្គ​មិន​សូវ​បាន​សម្តែង​ធម្មទេសនា​ក្នុង​កម្មវិធី​បុណ្យ​ដូច​ព្រះសង្ឃ​ដទៃ​ទៀត​ទេ ដោយសារ​ព្រះអង្គ​យល់​ថា​ការងារ​នេះ​ព្រះសង្ឃ​ផ្សេង​ទៀត​លោក​បាន​ធ្វើ​ហើយ ប៉ុន្តែ​ការអប់រំ​​ផ្លូវចិត្ត​ដែល​ងាយ​យល់ ហើយ​មនុស្ស​ភាគច្រើន​ងាយ​ទទួល​បាន​នោះ គឺ​ការបង្ហាញ​គំនិត​អប់រំ​ខ្លីៗ​ដែល​មាន​ភាព​ជាក់ស្ដែង​និយម​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា ទស្សនៈ និង​គំនិត​ដែល​ព្រះអង្គ​​លើក​យក​មក​អប់រំ​ដល់​មនុស្ស​គឺ​មិនមែន​ជា​អ្វី​ដែល​ថ្មី​នោះ​ទេ ប៉ុន្តែ​ជា​ការ​ប្រមូលផ្ដុំ​នូវ​ឱវាទ​របស់​ព្រះពុទ្ធ និង​អ្នកប្រាជ្ញ​ផ្សេង​ទៀត​ហើយ​ច្នៃ​វា​ឲ្យ​ងាយ​យល់​ដោយ​មនុស្ស​គ្រប់​គ្នា​។

ព្រះអង្គ​បាន​មាន​សង្ឃដីកា​បញ្ជាក់​ថា​៖ «​គ្រូដើម​គឺ​ព្រះពុទ្ធ ព្រោះ​ព្រះអង្គ​បាន​ជួយ​ណែនាំ​មនុស្ស​ពី​របៀប​ដោះ​សេចក្តី​ទុក្ខ​ពី​ក្នុង​ជីវិត​។ បើ​អ្នក​ដែល​បាន​បន្ត​ការងារ​នោះ​ពី​ព្រះពុទ្ធ​មាន​ច្រើន​ណាស់​។ ​

អ្នកប្រាជ្ញ​ពី​សម័យ​ដើម​មាន​សម្តេច​សង្ឃរាជ ជួន ណាត សម្តេច ហួត តាត សម្តេច​ព្រះមហាឃោសនន្ទ ដែល​ជាវរសង្ឃ​ខ្មែរ​ដែល​លោក​បាន​ប្រឹងប្រែង​ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា​។ នៅក្នុង​ថ្នាក់​អន្តរជាតិ​ក៏​មាន​ដែរ ដូច​សម្តេច​សង្ឃ ដាឡៃ ឡាម៉ា អី​លោក​ក៏​បាន​ជួយ​មនុស្ស​លោក​បាន​ច្រើន​តាមរយៈ​ការបង្ហាត់​បង្រៀន​ព្រះធម៌​»​។

ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា បញ្ហា​ដែល​យុវជន​កំពុង​ប្រឈម​ដូចជា​ចរិត​ឆេវឆាវ និង​គិត​ខ្លី​ជាដើម​គឺ​ដោយសារ​ពួកគេ​មិន​សូវ​បាន​ទទួល​ការអប់រំ​ផ្នែក​ព្រះពុទ្ធសាសនា និង​ការអប់រំ​ផ្នែក​អត្តចរិត​តាំងពី​ពេល​ពួកគេ​នៅ​ក្មេង​រាប់​ចាប់​ពី​ក្រុម​គ្រួសារ​នៅ​សាលារៀន បូករួម​នឹង​ឥទ្ធិពល​អវិជ្ជមាន​ពី​បណ្ដាញ​សង្គម​​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

ព្រះអង្គ​មាន​សង្ឃដីកា​បន្ត​ថា​៖ «​អាត្មា​ចង់​ឲ្យ​គេ​យល់​ថា ធម៌​គឺជា​វិធី​សម្រាលទុក្ខ​នៅក្នុង​ជីវិត​​មនុស្ស​គ្រប់​គ្នា​គ្រប់​វ័យ​។ ធម៌​គឺជា​ថ្នាំ​ព្យាបាល​សេចក្តី​ទុក្ខ​របស់​មនុស្ស​គ្រប់​គ្នា​។ ប៉ុន្តែ​មាន​បញ្ហា​មួយ​គឺ​យុវវ័យ​មិន​អាច​យក​ពាក្យ​ជ្រៅៗ​ក្នុង​ធម៌​មក​ទេសនា​ឲ្យ​គេ​ស្ដាប់ ហើយ​យល់​បាន​ទេ​ដោយសារ​មាន​រនាំង​មួយ​គឺ​ភាសា​បាលី​។ អ៊ីចឹង​​បាន​នៅក្នុង​ធម្មទេសនា​ខ្លីៗ​របស់​អាត្មា​គឺ​មិន​សូវ​ប្រើ​ពាក្យ​បាលី​ទេ បើ​ប្រើ​ក៏​ត្រូវ​ពន្យល់​​ឲ្យ​យល់​ដែរ​»​។

ព្រះអង្គ​បាន​កត់សម្គាល់​ឃើញ​ថា​៖ «​ឥឡូវ​គេ​នាំគ្នា​ផ្លាស់ប្តូរ​ផ្នត់​គំនិត​ថា នៅពេល​គេ​កើតទុក្ខ គេ​នាំ​គ្នា​មក​ស្ដាប់ធម៌​។ ឲ្យ​តែ​អ្នក​ណា​ស្មុគស្មាញ​ពិបាកចិត្ត គេ​ប្រាប់​ថា​ទៅ​ស្តាប់ធម៌​ទៅ​»​។

បើ​តាម​ទស្សនៈ​យល់ឃើញ​របស់​ព្រះអង្គ យុវវ័យ​បច្ចុប្បន្ន​មាន​បញ្ហា​ផ្លូវចិត្ត​ច្រើន​ជាង​មនុស្ស​ចាស់ ដោយសារ​តែ​ក្រៅ​​ពី​ការ​មិន​បាន​ទទួល​ការអប់រំ​ផ្លូវចិត្ត ពួកគេ​មិន​ទាន់​មាន​រសជាតិ​​ជីវិត​គ្រប់គ្រាន់​ដែល​ធ្វើឲ្យ​ពួកគេ​មាន​ចិត្ត​ស្រាល​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា​៖ «...​យុវជន​មាន​បញ្ហា​ផ្លូវចិត្ត​ច្រើន​ជាង​មនុស្ស​ចាស់ ដោយសារ​មនុស្ស​ចាស់​បាន​ឈឺចាប់​ និង​តស៊ូ​ឆ្អែត​ក្នុង​ជីវិត ចំណែក​ក្មេងៗ​អត់​មាន​ពិសោធន៍ ហើយ​​មាន​ចិត្ត​ស្រួចស្រាល់ បើ​សាំង​វិញ​គឺ​ដូច​សាំង​ក្រអូប​»​។

បើ​តាម​ទស្សនៈ​របស់​ព្រះអង្គ​គឺ​ឪពុកម្តាយ​គួរ​បន្ថែម​ការអប់រំ​កូន ហើយ​សាលារៀន​គួរ​បញ្ចូល​​កម្មវិធី​អប់រំ​ផ្លូវចិត្ត​ក្នុង​កម្មវិធី​សិក្សា​បន្ថែម​លើ​មុខវិជ្ជា​ជំនាញ​ចំណែក​តាម​ស្ថាប័នរដ្ឋ និង​ឯកជន​ក៏​គួរ​មាន​កម្មវិធី​អប់រំ​ចិត្ត​ដល់​បុគ្គលិក​ផង​ដែរ​។

ព្រះអង្គ​បាន​បង្ហាញ​ពី​បំណង​​របស់​ព្រះអង្គ​ថា​៖ «​អាត្មា​ចង់​ឃើញ​ការអប់រំ​នៅក្នុង​សាលា​យក​ចិត្ត​ទុក​ដាក់​ច្រើន​មិន​ទៅ​លើ​តែ​ជំនាញ​ទេ ប៉ុន្តែ​ទៅ​លើ​ស្មារតី​ខាង​ក្នុង​ឲ្យ​មាន​ផ្លូវចិត្ត​​រឹងមាំ ឲ្យ​ចេះ​គ្រប់គ្រង​ជីវិត គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង ឲ្យ​ចេះ​រៀន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ឲ្យ​បាន​ល្អ​។ រាល់​ថ្ងៃ​នេះ​ស្ថាប័នរដ្ឋ​ខ្លះ និង​ឯកជន​ខ្លះ​គេ​និមន្ត​ទៅ​បញ្ជ្រាប​ការអប់រំ​ផ្លូវចិត្ត​ដល់​បុគ្គលិក​របស់​គេ​។ អាត្មា​ចង់​ឲ្យ​បុគ្គលិក ប្រធាន​ក្រុមហ៊ុន​យក​ចិត្ត​ទុកដាក់​លើ​សុខុមាលភាព​ផ្លូវចិត្ត​របស់​បុគ្គលិក​ទាំង​រដ្ឋ​ទាំង​ឯកជន​។ ចង់​ឲ្យ​មាន​វគ្គ​អប់រំ​មួយ​មុន​នឹង​ចូល​បម្រើការ​មន្ត្រី​រាជការ​ត្រូវ​ឲ្យ​មាន​វគ្គ​អប់រំ​ផ្លូវចិត្ត ពីព្រោះ​បើ​យើង​មួម៉ៅ យើង​មិន​អាច​ទៅ​បម្រើ​សេវា​គេ​បាន​ល្អ​ទេ​»​។

ព្រះសង្ឃ​ គូ សុភាព យល់​ថា​ប្រសិន​បើ​គ្រួសារ និង​ស្ថាប័ន​ទាំងអស់​មាន​ការ​អប់រំ​ផ្លូវចិត្ត​បាន​ល្អ ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ៗ​ចេះ​យោគយល់ ចេះ​អត់ឱន ចេះ​គិត​មុខ​គិត​ក្រោយ ចេះ​ផ្តល់​សេចក្តី​ស្រឡាញ់​ឲ្យ​គ្នា ចេះ​ទប់​កំហឹង​។

ព្រះអង្គ​មាន​សង្ឃដីកា​បន្ថែម​ថា​៖ «​ដល់​ពេល​នោះ​ហើយ​លទ្ធផល​​គឺ​គ្រួសារ​ប្តី​ប្រពន្ធ​ក៏​បាន​សុខ​ជាមួយ​គ្នា ហើយ​ជា​គំរូ​ល្អ​ដល់​កូន ហើយ​ប្រសិនបើ​ក្លាយ​ទៅ​ជា​មេ​គេ​ដឹកនាំ​គេ​ក៏​មាន​ភាពរឹងមាំ​ផ្លូវចិត្ត​ដែរ ហើយ​លទ្ធផល​បាន​ល្អ​ទៅ​តាម​ស្ថានភាព​ផ្លូវចិត្ត​​របស់​អ្នក​ដឹកនាំ​ហ្នឹង​ដែរ ទាំង​ឪពុកម្តាយ ទាំង​ប្រធាន​ក្រុមហ៊ុន​ទាំង​អ្នក​ធ្វើ​ការងារ​រដ្ឋ​»​។

ទាក់ទង​នឹង​ដំណោះស្រាយ​បញ្ហា​ផ្លូវចិត្ត​នេះ​ព្រះអង្គ គូ សុភាព ប្រាថ្នា​ចង់​បាន​ការបើក​វគ្គ​អប់រំ និង​សមាធិ​ធំ​មួយ និង​មាន​ «​ទិវា​សមាធិ​» ​មួយ​នៅ​កម្ពុជា​ដើម្បី​ឲ្យ​មនុស្ស​យក​ចិត្ត​ទុកដាក់​​ផ្តោត​ទៅ​លើ​ថ្នាំ​ព្យាបាល​ផ្លូវចិត្ត​។

ព្រះអង្គ​បញ្ជាក់​ថា​៖ «​ភាគច្រើន​យើង​ឈឺ​ផ្លូវកាយ យើង​រត់​ទៅ​​រក​ពេទ្យ ដល់​ឈឺ​ផ្លូវ​ចិត្ត ពេល​ខ្លះ​ពេទ្យ​ជួយ​មិន​បាន​»៕