ភ្នំពេញៈសាលា​ឧទ្ធរណ៍នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​មេសា​​នេះ ​​បាន​បញ្ចប់​សវនការ ​ជំនុំជម្រះ​ លើ​សំណុំរឿង​​សកម្ម​ជន​អតី​ត​គណ​បក្ស​សង្គ្រោះ​ជាតិ ករណី​ប្រើ​អំពើ​ហិង្សា​ នៅ​ស្ពាន​នាគ​កាល​ពី​ខែកក្កដា​ ឆ្នាំ​ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​​ដើម​បណ្ដឹង​ ដែល​ជា​​ក្រុម​​សន្តិសុខ​​ខណ្ឌ​ដូន​ពេញ​ បាន​​​ភា្ជប់​ករណី​​ហិង្សា​នោះ ​ទៅ​នឹង​បដិវត្តពណ៌។

ក្រោយ​ពេល​សវនការការ ​រយៈ​ពេល​ ៣​ ថ្ងៃ​ជាប់ៗគ្នា នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ ២០១៨ នេះ​ អង្គជំនុំជម្រះ​នៃ​សាលា​ឧទ្ធរណ៍​ ដឹកនាំ​ដោយ​លោក ប្លង់ សំណាង ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ បាន​បញ្ចប់​សវនាការ​សួរ​ដេញ​ដោល​លើ​អង្គហេតុ​ អង្គច្បាប់ និង​ស្តាប់​ចម្លើយ​ភាគី​ពាក់​ព័ន្ធទាំង​អស់ ប៉ុន្តែ​ចៅក្រមសម្រេច​លើក​ពេល​ទៅ​ប្រកាស​​សាល​ក្រម​នៅ​ថ្ងៃទី​១០​ ខែ​ឧសភា​ខាង​មុខ។

សវនាការ​​នេះ​​មានភាពតាន​តឹង​ ដោយ​មេធាវី​ភាគី​ទាំង​សង​ខាង ​និង​ ព្រះរាជអាជ្ញា​ បាន​​លើក​ពី​អង្គហេតុ​​ និង​អង្គច្បាប់​មក​សំអាង​ លាយ​ឡំ​នឹង​​ពាក្យ​ពេចន៍​​នយោបាយ​មួយ​ចំនួន។

ក្រុម​​មេធាវី​កាពារ​ជន​​ជាប់​ចោទ​ ១១ ​រូប ដែល​ជា​សកម្មជន​និង​អ្នក​គាំទ្រ​​អតី​ត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា ព្រឹត្តិការណ៍​ថ្ងៃ​​ទី ១៥​ ខែ​កក្កដា​ឆ្នាំ ២០១៤ មិន​មែន​ជា​រឿង​កុបកម្ម​នោះទេ​ ប៉ុន្តែ​​​​លោក លី ច័ន្ទតុលា មេធាវី​ការពារ​​ក្រុម​សន្តិសុខ​ ដែល​​ជា​ដើម​បណ្ដឹង​ និង​លោក ង៉ែត សារ៉ាត ជា​តំណាង​អយ្យការ បាន​អះអាង​ថា​ វា​ជា​អំពើ​កុបកម្ម និង​ជា​ផ្នែក​មួយ ​របស់​បដិវត្តន៍​ពណ៌​ បើសិន​មិន​បាន​ទប់ស្កាត់​ទាន់​ពេល។

ក្រុម​ជន​ជាប់​ចោទ​ទាំង​ ១១ រូប ​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ ដោះ​លែង​ពួក​គាត់ ​ដោយ​អះអាង​ថា​ ពួ​ក​គាត់​ មិន​បាន​ដឹកនាំ​ឬ​ចូលរួម​ក្នុង​អំពើ​កុបកម្មអ្វី​នោះ​ទេ។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី​ ១៥​ ខែ​កក្កដា​ឆ្នាំ ២០១៤​ មាន​ព្រឹត្តិការណ៍​ហិង្សា​មួយ​កើត​ឡើង ​រវាង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ ជា​មួយ​និង​​ក្រុម​បាតុករ​គាំទ្រ​​អតី​ត​គណបក្ស​សង្គ្រោះជាតិ​ កើត​ឡើង​នៅ​ក្បែរ​ស្ពាន​នាគ​ ខាង​កើត​ទីលាន​ប្រជាធិបតេយ្យ គឺ​នៅ​ពេល​ដែល​ក្រុម​មន្ត្រី​​អតី​ត​គណបក្ស​សង្គ្រោះ​ជាតិ ​និង​អ្នក​គាំទ្រ​ ទាម​ទារ​ឲ្យ​ដោះ​លែង​ទីលាន​​ប្រជា​ធិបតេយ្យ​​ដើម្បី​ឲ្យ​​ពលរដ្ឋ​បាន​សម្តែង​មតិ បន្ទាប់​ពី​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​ដាក់​របាំង​ហ៊ុំ​ព័ទ្ធ​មិន​ឲ្យ​មានការ​ជួប​ជុំ​គ្នា​តវ៉ា​នៅ​ទីនោះ​។

ក្រោយ​ព្រឹត្តិការណ៍​កើត​ឡើង សមត្ថកិច្ច​ បាន​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​រូប​ជា​បន្ត​បន្ទាប់ រួម​មាន​អតី​ត​​អ្នក​តំណាង​រាស្ត្រ​អតីត​គណពក្ស​សង្គ្រោះ​ជាតិ​ និង​សកម្មជន​​ចំនួន​​ ១១​រូប ហើយ​ក្រោយ​មក​ មាន​ការ​ចាប់​ខ្លួន​អ្នក​គាំទ្រ​ចំនួន ​៣​ ​រូប​​ផ្សេង​ទៀត។

បច្ចុប្បន្ន​នេះ​សកម្ម​ជន​និង​អ្នក​គាំទ្រ ទាំង​​ ១៤​ ​រូប កំពុង​ជាប់​ពន្ធនាគារ​ព្រៃស​ ដោយ​តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ឆ្នាំ​២០១៥​ និង​ ២០១៦ បាន​កាត់​ទោស​ពួក​គេ​ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​ចន្លោះ​ពី​ ៧​ ទៅ​ ២០​ ឆ្នាំ ដោយ​ចោទ​ពួក​គេ​ថា​ បាន​ដឹក​នាំ​ «ចលនា​កុបកម្ម» និង​ចូលរួម​ក្នុង​ចលនា​នេះ៕

​ព័ត៌មាន​ពិស្ដារ​នឹង​មាន​​ចុះ​ផ្សាយ​លើ​ទំព័រ​កាសែត​ភ្នំពេ​ញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី ២៦ ខែ​មេសា។