ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានផ្អាកការចរចាជាមួយក្រុមប្រឹក្សាចរចាតំណាងភាគីសហជីព (TUSCBA) ជាលើកទី២ ដោយសារតែភាពមិនច្បាស់លាស់ ជុំវិញបញ្ហាព្យួរ ឬមិនព្យួរ គម្រោងអនុគ្រោះពន្ធលើទំនិញគ្រប់ប្រភេទលើកលែងតែគ្រឿងសព្វាវុធ (EBA) ពីសហភាពអឺរ៉ុប។
យោងតាមលិខិតមួយចុះថ្ងៃទី ១៥ ខែ កក្កដា ចេញដោយលោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានបញ្ជាក់ជាថ្មី អំពីសំណើសុំផ្អាកការពិភាក្សាជាមួយក្រុមប្រឹក្សាចរចាតំណាងភាគីសហជីព (TUSCBA)។
លោក ខេន លូ បានថ្លែងថា៖ «គណៈកម្មាធិការប្រតិបត្តិរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា យល់ឃើញថា ភាពមិនច្បាស់លាស់ ជុំវិញបញ្ហាដកគម្រោងអនុគ្រោះពន្ធ លើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA) មានន័យថា យើងមិនស្ថិតនៅក្នុងជំហរណាមួយ ដែលត្រូវធ្វើការចរចាសំខាន់ៗណាមួយ ដែលនឹងប៉ះពាល់ដល់ឧស្សាហកម្មនេះទេ។
យើងទន្ទឹងរង់ចាំចូលរួមការចរចា អនុសញ្ញារួមថ្នាក់វិស័យឡើងវិញនៅពេលយើងមានភាពច្បាស់លាស់អំពីបញ្ហា EBA»។ «សមាគមសូមបញ្ជាក់សាជាថ្មីថា សមាគមនៅតែបន្តសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង របស់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបនៅព្រះរាជាណាចក្រកម្ពុជា»។
បើយោងតាមលិខិតរបស់ TUSCBA ចុះថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ធ្លាប់បានផ្អាកសំណើសុំចរចារបស់ TUSCBA ម្តងរួចហើយ កាលពីខែមីនា។ TUSCBA បានថ្លែងថា សេចក្តីសម្រេចផ្អាកការចរចាបានធ្វើឲ្យភាពរីកចម្រើន នៃការចរចាស្ថិតនៅក្នុងហានិភ័យ។
TUSCBA បានថ្លែងថា ភាពមិនច្បាស់លាស់ ដែលកើតចេញពីដំណើរការដក EBA អាចប៉ះពាល់កិច្ចព្រមព្រៀងនាពេលអនាគត ប៉ុន្តែពួកគេជឿថា ភាពមិនច្បាស់លាស់នោះអាចនឹងដោះស្រាយបានតាមរយៈកិច្ចសន្ទនាទៅវិញទៅមក។
លិខិតរបស់ TUSCBA បានថ្លែងថា៖ «យើងបន្តជឿជាក់ថា ការចូលរួមពិភាក្សារវាងនិយោជក និងសហជីពអំពីអនុសញ្ញារួម នឹងជាសញ្ញាវិជ្ជមានមួយ ទៅសហភាពអឺរ៉ុប អំពីការប្តេជ្ញាចិត្តរបស់គូភាគី ចំពោះការអនុវត្តកិច្ចសន្ទនាសង្គម។ ការដកខ្លួនចេញពីការចរចាបង្ហាញសារផ្ទុយមួយ»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ដែលជាសមាជិកមួយ ក្នុងចំណោមសមាជិក ៩ នៃ TUSCBA បានថ្លែងថា TUSCBA ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ ២០១៧ ក្នុងគោលបំណងស្វែងរកអត្ថប្រយោជន៍សម្រាប់កម្មករបន្ថែមពីលើប្រាក់ខែរបស់ពួកគេ ហើយត្រូវបានសម្របសម្រួលដោយអង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីធ្វើការចរចាអនុសញ្ញារួមថ្នាក់វិស័យ នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ ២០១៩ កិច្ចពិភាក្សាមួយចំនួន ត្រូវបានធ្វើឡើងប៉ុន្តែកិច្ចពិភាក្សាទាំងនោះ មិនទាន់សម្រេចបានអត្ថប្រយោជន៍អ្វីសម្រាប់កម្មករនៅឡើយទេ។
លោកបានថ្លែងថា៖ «ការផ្អាកការចរចាដោយនិយោជកប៉ះពាល់ដំណើរការដែលយើងបានបង្កើតឡើងជាមួយគ្នា តាំងពីចុងឆ្នាំ ២០១៧។ ទី២ ការពិភាក្សាអំពីសិទ្ធិការងារ និងលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ដទៃៗត្រូវបានជាប់គាំង។ នេះមានន័យថា អ្វីដែលកម្មករកំពុងទទួលបាននៅតែដដែលគ្មានអ្វីប្រសើរជាងមុន»។
លោក ស៊ីណា បានថ្លែងថា ប្រសិនបើសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បន្តការចរចា វានឹងអាចជួយធ្វើឲ្យសហភាពអឺរ៉ុបពិចារណា អំពីភាពរីកចម្រើន ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង។ លោកបានថ្លែងថា ការចរចានេះត្រូវបានលើកទឹកចិត្តដោយក្រុមអ្នកបញ្ជាទិញប្រមាណ ៤០ ភាគរយ ក្នុងប្រទេស កម្ពុជា ដែលបង្ហាញ ការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការរួមចំណែក ផ្តល់អត្ថប្រយោជន៍បន្ថែមដល់កម្មករ។
លោក ប៉ាវ ស៊ីណា បន្តថា៖ «ប្រសិនបើយើងមិនផ្អាកការចរចា អត្ថប្រយោជន៍ដែលអ្នកបញ្ជាទិញ បានប្តេជ្ញាផ្តល់ឲ្យកម្មករតាមរយៈរោងចក្រដែលកើតចេញពីការចរចានេះ នឹងជំរុញអ្នកបញ្ជាទិញ ឲ្យប្រាប់សហភាពអឺរ៉ុប អំពីភាពប្រសើរឡើងអំពីស្ថានភាពកម្មករ។ វានឹងជួយរារាំងសហភាពអឺរ៉ុបមិនឲ្យដក EBA»៕