
ប្រភេទសត្វស្លាបស្វែងរកចាប់ចំណីក្នុងបឹងពារាំង។ រូបថត ក្រសួងព័ត៌មាន
សៀមរាបៈ ត្រីមេពូជជាច្រើនប្រភេទនៅក្នុងបឹងធម្មជាតិនៅក្នុងសង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប កំពុងរងការគំរាមកំហែងដោយភាពរាំងស្ងួត និងជាចំណីរបស់សត្វស្លាប ប្រសិនបើគ្មានមធ្យោបាយនាំទឹកមកបំពេញបន្ថែមឱ្យបានមុនដំណាច់ខែមេសាខាងមុខនេះ។
មន្ត្រីអភិរក្សបានឲ្យដឹងថាបឹងពារាំងមានផ្ទៃទឹកប្រមាណ ២៧០ ហិកតា ត្រូវបានហួតហែងជាបន្តបន្ទាប់មកនៅត្រឹម ៣០ ទៅ ៤០ ហិកតា ហើយជម្រៅទឹកបានស្រកមកនៅក្រោមជម្រៅ ១ ម៉ែត្រ បណ្ដាលឲ្យទឹកមានកម្ដៅកាន់តែកើនឡើងដែលបណ្ដាលឲ្យត្រីស្ទើរគ្រប់ប្រភេទមិនអាចរស់បាន។ អ្នកជំនាញបានឲ្យដឹងថា យ៉ាងហោចណាស់មានត្រីមេពូជដែលជាប្រភេទត្រីកម្រកំពុងមានវត្តមាននៅក្នុងបឹងនោះ។
លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍បឹងពារាំងថ្លែងថា ទឹកក្នុងផ្ទៃបឹងទាំងមូលបានស្រកចុះគួរឲ្យព្រួយបារម្ភ ដោយកន្លែងខ្លះត្រូវគោករាក់ ខណៈកន្លែងទឹកជ្រៅបំផុតមិនដល់ ៣ តឹកផង។ ហេតុនេះត្រូវតែមានផែនការសង្គ្រោះបន្ទាន់ក្នុងនោះវិធានការដំបូងគឺបូមទឹកពីបឹងទន្លេសាបដែលមានចម្ងាយប្រមាណជា ២ គីឡូម៉ែត្រ បញ្ចូលមកក្នុងបឹងពារាំង ដើម្បីសង្គ្រោះបន្ទាន់ដល់ត្រីមេពូជ។ យ៉ាងហោចណាស់ត្រីមេពូជប្រមាណជិត ៩០ ប្រភេទកំពុងមានវត្តមាននៅក្នុងតំបន់អភិរក្សនោះ។
លោក មង្គល ថ្លែងថា៖ «ខ្ញុំគិតថា វាអាចប៉ះពាល់ដល់ការងាប់ត្រីក្នុងរដូវចុងខែមេសា និងដើមខែឧសភាខាងមុខនេះ អ៊ីចឹងខ្ញុំគិតថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខបន្ទាន់មានតែបូមទឹកពីទន្លេសាបចូលមកវិញ»។
លោកមង្គលបានឱ្យដឹងថា បឹងពារាំងពេលនេះកំពុងមានបញ្ហាប្រឈម ២ កំពុងកើតឡើងដែលធ្វើឲ្យត្រីមេពូជក្នុងបឹងពារាំងបាត់បង់ ទី ១ បញ្ហាទឹកគោករាក់ក្តៅនាំឲ្យងាប់ត្រី និងមួយទៀត សត្វស្លាបជាង ១៧០ ប្រភេទកំពុងចាប់ត្រីជាចំណីប្រចាំថ្ងៃ។
លោក មង្គល អះអាងថាបើតាមទិន្នន័យនៃការព្យាកររបស់អង្គការសត្វស្លាបបានឱ្យដឹងថា ខណៈដែលទឹកបឹងធម្មជាតិកំពុងតែស្រកចុះជាបណ្ដើរមកនៅជម្រៅប្រមាណជាង ២ តឹកធ្វើឲ្យត្រីមេពូជ និងត្រីកំពុងរស់នៅក្នុងបឹងត្រូវបានជាចំណីរបស់សត្វស្លាបរាប់សែនក្បាល ដែលកំពុងស្វែងរកចាប់ចំណី។
លោក មង្គល ថ្លែងថា៖ «តាមទិន្នន័យដែលអង្គការសត្វស្លាបគេព្យាករជាមួយនឹងត្រីដែលមាននៅក្នុងបឹងក្នុង ១ ថ្ងៃហ្វូងបក្សីស៊ីត្រីអស់ប្រមាណ ៣ តោន»។
លោកមង្គលបញ្ជាក់ថា ក្រៅពីវិធានការបូមទឹកបន្ទាន់នៅមានវិធានការមួយទៀតត្រូវអនុវត្តដើម្បីធានានិរន្តរភាពទៅថ្ងៃអនាគតនោះគឺ ការជីកស្តារផ្ទៃបឹងឲ្យបានជ្រៅជាងមុន។ ក្រសួងកសិកម្មបានចេញលិខិតអនុញ្ញាតឲ្យមានការជីកស្តារផ្ទៃបឹងរួចហើយ ខណៈមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តកំពុងរៀបចំបង្កើតគណៈកម្មការចុះពិនិត្យជាក់ស្តែងក្នុងការជីកស្តារបឹងពារាំងនេះ។
លោកថ្លែងថា៖ «យើងបានស្នើសុំទទូចហើយទៅអភិបាលខេត្តទៀ សីហា ធ្វើយ៉ាងម៉េចជួយពន្លឿនក្នុងការប្រជុំបង្កើតគណៈកម្មការជីកស្តារបឹងពារាំង ធ្វើយ៉ាងណាឲ្យបានជីកស្តារនៅឆ្នាំនេះក្នុងចំនួនណាមួយឲ្យបានជ្រៅដើម្បីអាចរក្សាត្រីមេពូជបាន»។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ថ្លែងថា បន្ទាប់ពីក្រសួងកសិកម្មចេញលិខិតអនុញ្ញាតឲ្យមានការជីកស្តារបឹងពារាំង មន្ទីរបានរៀបចំគណៈកម្មការចុះត្រួតពិនិត្យមើលជាក់ស្តែង និងបានដាក់ស្នើសុំទៅរដ្ឋបាលខេត្តដើម្បីពិនិត្យសម្រេច តែដោយសារផ្ទុះកូវីដ១៩ទើបកិច្ចប្រជុំត្រូវបានផ្អាក។
លោក គឹមសុទ្ធ ថ្លែងថា៖ «ខ្ញុំបានធ្វើលិខិតស្នើសុំទៅរដ្ឋបាលខេត្តដើម្បីបង្កើតជាគណៈកម្មការអន្តរមន្ទីរសម្រាប់ពិនិត្យជាក់ស្តែងក្នុងការជីកស្តារបឹងនោះ។ ហើយកន្លងមកអន្តរមន្ទីរបានជួបប្រជុំគ្នាម្តងរួចមកហើយ ដោយខេត្តបានឲ្យមន្ទីរកសិកម្មរៀបចំផែនការ ហើយយើងក៏បានធ្វើជូនខេត្តរួចហើយដែរ តែដោយសារកូវីដរុករាន កិច្ចប្រជុំអំពីផែនការមិនទាន់អាចធ្វើបាន»។
លោក គឹម សុទ្ធ អះអាងថា ការជីកស្តារបឹងពារាំងនឹងអាចធ្វើក្នុងរយៈពេលឆាប់ៗខាងមុខនេះ ព្រោះគណៈកម្មការអន្តរមន្ទីរអាចនឹងត្រូវអភិបាលខេត្តសម្រេចបង្កើតនៅអំឡុងពេល ២ សប្តាហ៍ទៀត។
លោក គឹម សុទ្ធ បានថ្លែងឲ្យដឹងថា៖ «ប្រហែលជាមិនយូរទេ អាចសប្តាហ៍ក្រោយអីប្រហែលជាចេញហើយ ព្រោះខេត្តមានព្រាងរួចហើយ អ៊ីចឹងនៅរង់ចាំតែការសម្រេចរបស់អភិបាលខេត្តលោកពិនិត្យមើលថា តើត្រូវបន្ថែមបន្ថយសមាសភាពគណៈកម្មការយ៉ាងម៉េច អីយ៉ាងម៉េចនឹងបង្កើតហើយ។ អ៊ីចឹងបង្កើតហើយ គណៈកម្មការនឹងប្រជុំពិភាក្សាគ្នារួចចុះទៅពិនិត្យជាក់ស្តែងតែម្តង»៕
វីដេអូ៖