សៀមរាបៈ គណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជានៅទីរួមខេត្តសៀមរាបប្រកាសបិទដំណើរការអាជីវកម្មរបស់ខ្លួនទាំងស្រុងចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកាខាងមុខតទៅ ដោយសារមិនអាចផ្គត់ផ្គង់លើការចំណាយបាន ប៉ុន្តែអះអាងថានឹងទូទាត់ប្រាក់សំណងជូនបុគ្គលិកស្របតាមច្បាប់ស្តីពីការងារ ខណៈសហជីពបារម្ភពីការគណនាប្រាក់ឈ្នួលបញ្ចប់កិច្ចសន្យា។
ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជាបានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០ ដោយបានអះអាងថា មូលហេតុនៃការបិទដំណើរការអាជីវកម្មទាំងស្រុងនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មដែលធ្វើឱ្យចំនួនភ្ញៀវចូលមកទស្សនាមានការថយចុះយ៉ាងគំហុកអស់ជាច្រើនខែកន្លងមកនេះ។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា «ក្រុមហ៊ុន យើងខ្ញុំបានជួបការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងខ្លាំងពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់លើការចំណាយនានាជុំវិញដំណើរការអាជីវកម្មបន្តទៀតបានទេ។ ដូច្នេះចាប់ពីថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ២០២០ តទៅ ក្រុមហ៊ុនយើងខ្ញុំនឹងបិទដំណើរការអាជីវកម្មនៅភូមិវប្បធម៌កម្ពុជាទាំងស្រុង»។
ជាមួយគ្នានេះ គណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជាក៏បានអះអាងដែរថា ការបិទអាជីវកម្មនេះនាំឱ្យមានការបញ្ចប់កិច្ចសន្យាការងារជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ដោយមានការទូទាត់ប្រាក់សំណងជូនបុគ្គលិកស្របទៅតាមច្បាប់។
តំណាងនិយោជកនៃភូមិវប្បធម៌កម្ពុជាលោកស្រី លឹម សុភ័ក្រ ដែលជាប្រធានគ្រប់ងទូទៅ និងលោក ទូច សុជាតិ ជាអនុប្រធានគ្រប់គ្រងទូទៅនៃភូមិវប្បធម៌កម្ពុជា កាលពីម្សិលមិញមិនអាចសុំការអត្ថាធិប្បាយបានទេ។
អ្នកស្រី មុំ ស្រីភ៌ក្ក បុគ្គលិកផ្នែកបង្ហាត់ផ្នែកសិល្បៈដែលបានធ្វើការនៅក្រុមហ៊ុននេះអស់ពេលប្រមាណ ១៧ ឆ្នាំបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការប្រកាសរបស់ក្រុមហ៊ុននេះហាក់ដូចជា ធ្វើឡើងភ្លាមៗពេកដែលធ្វើឱ្យអ្នកស្រី និងបុគ្គលិកដទៃទៀតមិនអាចទទួលយកបានចំពោះការបិទទ្វារទីតាំងដែលមានប្រវត្តិល្បីរន្ទឺនេះ។ អ្នកស្រីនៅតែសង្ឃឹមថា ក្រុមហ៊ុននឹងអាចបន្តអាជីវកម្មរបស់ខ្លួនបន្តទៀត ខណៈបច្ចុប្បន្ននៅតែមានភ្ញៀវទេសចរមកទស្សនាមិនដាច់ បើទោះជាមិនច្រើនដូចមុនក៏ដោយ។
អ្នកស្រីបានបញ្ជាក់ថា៖ «យើងមិនដឹងថា ទៅរកការងារកន្លែងណាធ្វើទេ ឥឡូវ។ វាលឿនពេកហើយសម្រាប់យើង។ យើងរំពឹងថា ការទូទាត់ប្រាក់ខែចុងក្រោយរបស់យើងនឹងទទួលបានត្រឹមត្រូវ ព្រោះប្រាក់កម្មករដូចជាពួកយើងបាន មិនច្រើនទេ។ យើងរំពឹងប្រាក់ខែចុងក្រោយយកទៅធ្វើជាដើមទុនសម្រាប់ប្រកបរបររកស៊ីបន្តទៅមុខ»។
បើតាមអ្នកស្រី មុំ ស្រីភ៌ក្ក ចំពោះសម្ភារនៅក្នុងភូមិវប្បធម៌អាចមិនត្រូវដាក់លក់ឡាយឡុងនោះទេ ព្រោះថាម្ចាស់ក្រុមហ៊ុននៃភូមិវប្បធម៌មានសាខាច្រើន ដូច្នេះសម្ភារទាំងនេះអាចនឹងត្រូវយកទៅដាក់នៅទីតាំងផ្សេង។
ជាមួយនឹងការប្រកាសបិទអាជីវកម្មទាំងស្រុងនេះ បុគ្គលិកជាង ៤០ នាក់ ក្នុងចំណោម ៣០០ នាក់ដែលបានធ្វើការប្រមូលផ្តុំគ្នាតវ៉ាតាំងពីខែសីហាមក នៅតែប្រកាន់ជំហរក្នុងការតវ៉ាបន្តទៀតដើម្បីទាមទារប្រាក់ឈ្នួល ២០ ភាគរយ និងប្រាក់ថ្លៃអាហារប្រចាំខែ ដែលភាគីក្រុមហ៊ុនបានកាត់ពីពួកគេ។
លោក លឹម សុផា តំណាងឱ្យអ្នកតវ៉ាបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បុគ្គលិកទាំងជាង ៤០ នាក់នៅតែប្រកាន់ជំហរក្នុងការតវ៉ារហូតដល់ថ្ងៃក្រុមហ៊ុននេះបិទទ្វារ ដើម្បីទាមទារលក្ខខណ្ឌដែលពួកគាត់ត្រូវតែបានស្របតាមច្បាប់។ លោកសោកស្តាយចំពោះបុគ្គលិកដទៃទៀតដែលនឹងត្រូវបាត់បង់ការងារក្នុងពេលឆាប់ៗ ខណៈអ្នករងគ្រោះមិនទាន់ទទួលបានដំណោះស្រាយផងនោះ។
លោកបញ្ជាក់ថា៖ «ការបិទនេះមិនពាក់ព័ន្ធនឹងការតវ៉ារបស់យើងទេ ព្រោះពួកយើងក៏ជាជនរងគ្រោះដែរ។ ក្រុមហ៊ុនបានប្រកាសហើយថា ការបិទទ្វារក៏ព្រោះតែបញ្ហាកូវីដ ដូច្នេះយើងសង្ឃឹមថា យើងនឹងទទួលបានដំណោះស្រាយ ដូចទៅនឹងបងប្អូនកម្មករដទៃទៀត»។
លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) បង្ហាញក្តីបារម្ភចំពោះការទូទាត់ប្រាក់អត្ថប្រយោជន៍ដែលកម្មករនិយោជិតនឹងទទួលបានក្នុងពេលបញ្ចប់កិច្ចសន្យាខាងមុខនេះ។
លោកអះអាងថា មកទល់ពេលនេះមិនទាន់មានការបង្ហាញវិធីជាក់លាក់ណាមួយក្នុងការគណនាផ្តល់ប្រាក់ឈ្នួលបញ្ចប់កិច្ចសន្យារបស់ពួកគេដែលគ្រោងបញ្ឈប់នោះទេ ខណៈ ៤០ នាក់ដែលកំពុងតែនាំគ្នាតវ៉ានៅមិនទាន់ទទួលបាននូវដំណោះស្រាយនោះ។
លោកបន្តថា៖ «វាជារឿងមួយដែលគួរឱ្យសោកស្តាយណាស់ដោយសារតែគាត់កន្លងមកកម្មករធ្វើការតវ៉ាមិនទាន់ទទួលបានដំណោះស្រាយផងស្រាប់តែទទួលបានព័ត៌មានភូមិវប្បធម៌ប្រកាសបិទទ្វារ គ្រោងទូទាត់ដល់កម្មករ។ ខ្ញុំបារម្ភដែរថា ការទូទាត់ហ្នឹងបានប៉ុន្មានចំណុចដល់កម្មករហើយរបៀបគណនាហ្នឹងរបៀបម៉េច? យើងនឹងតាមដាន ករណីនេះបន្តទៀត»៕
វីដេអូ៖