ភ្នំពេញ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បន្ត​បិទ​ខ្ទប់​ភូមិ​ចំនួន ៣ បន្ថែម​ទៀត​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បន្ទាប់ពី​មើលឃើញ​ពី​ហានិភ័យ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ១៩។

តាម​សេចក្តី​សម្រេច​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ការបិទ​ខ្ទប់​ភូមិ​ចំនួន ៣ បន្ថែម​ទៀត​នេះ គឺមាន​ភូមិ​ទ្រា៤ ភូមិ​ដំណាក់ធំ២ និង​ភូមិ​ដំណាក់ធំ៣ សម្រាប់​រយៈពេល ២ សប្តាហ៍ ដោយ​គិត​ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី ១១ រហូតដល់​ថ្ងៃ ទី ២៤ ខែ​មេសា។

សាលា​រាជធានី​បាន​បញ្ជាក់ថា៖ «ការបិទ​ខ្ទប់​នេះ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវ​បិទ​ខ្ទប់ និង​ទប់ស្កាត់​ជំងឺ​នេះ មិន​ឲ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត»។

ក្នុង​អំឡុងពេល​នៃ​ការអនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អះអាងថា បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់ ការធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ លើកលែង​តែ​ក្នុង​ករណី​ចាំបាច់ ដោយ​មាន​លិខិតបញ្ជាក់​ពី​សកម្មភាព ការងារ មុខរបរ ឬ​អាជីវកម្ម និង​ការចេញ​ទៅ​ទិញ​ម្ហូបអាហារ គ្រឿងឧបភោគ​បរិភោគ។

លោក​បន្តថា ចំពោះ​ករណី​ចេញទៅ​កាន់​មន្ទីរពេទ្យ ឬ​កន្លែង​ចាំបាច់​មួយចំនួន ក៏ត្រូវ​បាន​អនុញ្ញាត​ផងដែរ ដោយ​ត្រូវ​ទទួល​ការអនុញ្ញាត​ជាមុន​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច ទទួល​បន្ទុក​អនុវត្ត​វិធានការ​បិទ​ខ្ទប់។

យ៉ាងណា​លោក ឃួង ស្រេង បាន​សង្កត់ធ្ងន់​ថា៖ «រាល់​ការលើកលែង​ខាងលើ បុគ្គល​គ្រប់រូប​មាន​កាតព្វកិច្ច​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល រួមមាន ការពាក់​ម៉ាស់ និង​ការរក្សា​គម្លាត​សុវត្ថិភាព ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ និង​ការវាស់​កម្តៅ»។

កាលពី​ថ្ងៃ​សុក្រ​លោក ឃួង ស្រេង បាន​សម្រេច​ធ្វើការ​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ខណ្ឌ​ចំនួន ៣ គឺ​ខណ្ឌមានជ័យ សែនសុខ និង​ខណ្ឌ​ពោធិ៍សែនជ័យ​រយៈពេល ១៤ ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី ១០ ដល់​ថ្ងៃទី ២៣ ខែ​មេសា ឆ្នាំ ២០២១។

តំបន់​ដែល​បាន​បិទ​នោះ​រួមមាន​សង្កាត់​ស្ទឹងមានជ័យ១ និង​មានជ័យ២ ក្នុង​ខណ្ឌមានជ័យ។ ភូមិ​ទ្រុងមាន់១ នៃ​សង្កាត់​អូរបែកក្អម ភូមិ​ត្រពាំងថ្លឹង២ និង​ភូមិ​ទួលពង្រ​នៃ​សង្កាត់​ចោមចៅ១, ភូមិ​ចំការឪឡឹក១ ភូមិ​ប៉ប្រក​ខាងត្បូង ភូមិ​ប៉ប្រក​ខាងជើង និង​ភូមិ​ត្រពាំងល្វា១ នៃ​សង្កាត់​កាកាប​ទី១ និង​ភូមិ​ចំការឪឡឹក១ នៃ​សង្កាត់​កាកាប​ទី ២ ដោយសារ​កម្មករ​បាន​មក​ជួល​ផ្ទះ​នៅ​តំបន់​នោះ៕