ភ្នំពេញៈ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ចំណាស់​ជាងគេ​បំផុត​មួយ​នៅ​កម្ពុជា​បាន​សន្យា​ថា នឹង​លើក​កម្ពស់​ការជ្រើសរើស​ពលករ​ប្រកប​ដោយ​ក្រមសីលធម៌​ដែល​នេះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​កាត់បន្ថយ​ការរំលោភបំពាន​ និង​កេងប្រវ័ញ្ច​ដែល​ពលករ​ចំណាក​ស្រុក​កម្ពុជា​តែងតែ​ជួប​ប្រទះ​។

សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា (ACRA) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​គាំទ្រ​ផ្នែក​ច្បាប់​សម្រាប់​ស្ត្រី​ និង​កុមារ​ដើម្បី​ពង្រឹង​កិច្ច​សហការ​គ្នា​នឹង​ផ្តោត​ទៅ​លើ​ការលើក​កម្ពស់​ការបណ្តុះ​បណ្តាល​មុន​ពេល​ពលករ​ចេញ​ដំណើរ​ និង​លើក​ទឹក​ចិត្ត​ពលករ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ស្រប​តាម​ផ្លូវ​ច្បាប់​។

លោកស្រី​ប្រធាន​សមាគម ACRA និង​ជា​ឧកញ៉ា អ៊ុង សៀងរិទ្ធី បាន​ថ្លែង​ថា​៖ «​ប្រសិន​បើ​ពួកគេ​ទៅ​បរទេស​តាមរយៈ​ក្រុមហ៊ុន​ស្រប​ច្បាប់​នោះ​ពួកគេ​នឹង​មិន​មាន​បញ្ហា​នោះ​ទេ​។ ប៉ុន្តែ​ពលករ​របស់​យើង​ធ្វើអ្វី​មួយ​ឆាប់​រហ័ស​ពេក​។ ពួកគេ​គិត​ថ្ងៃ​នេះ​នៅ​ថ្ងៃស្អែក​ពួកគេ​ចេញ​ទៅ​ក្រៅ​ប្រទេស ហើយ​មិន​បាន​គិត​ឲ្យ​បាន​ល្អិតល្អន់​ទេ ពួកគេ​ធ្វើ​ចំណាកស្រុក​ដោយ​ខុស​ច្បាប់​ ដូច្នេះ​ហើយ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដូចជា​ការកេងប្រវ័ញ្ច​ពី​ឈ្មួញកណ្តាល​ ឬ​ទៅ​ធ្វើការ​ដោយ​គ្មាន​ទិដ្ឋាការ​ការងារ​ ឬ​គ្មាន​ទម្រង់​បែបបទ​ផ្សេងៗ​ជាដើម​»​។

គម្រោង​នេះ​ផ្តោត​សំខាន់​ទៅ​លើ​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​ដែល​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ USAID និង​អនុវត្ត​ដោយ​អង្គការ Winrock International​។

ពលករ​ចំណាកស្រុក​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ពី​ការ​រំលោភ​បំពាន​ និង​កេងប្រវ័ញ្ច​។ ហើយ​បើ​យោង​តាម​ការសិក្សា​មួយ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ​ ILO និង​អង្គការ IOM កាលពី​ឆ្នាំ​មុន​បាន​រកឃើញ​ថា​ពលករ​ចំណាកស្រុក​កម្ពុជា​ ៨ ​​នាក់​ក្នុង​ចំណោម​ ១០ ​នាក់​បាន​រង​ការរំលោភ​សិទិ្ធ​ការងារ​។

ទោះបី​យ៉ាង​នេះ​ក្តី​រដ្ឋាភិបាល​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​ក្នុង​រយៈពេល​ ២ ឆ្នាំ​ចុងក្រោយ​នេះ​ហើយ​ថ្មីៗ​នេះ​មាន​ពលករ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ទីក្រុង​ហុងកុង​ និង​ប្រទេស​ម៉ាឡេស៊ី​ហើយ​គ្រោង​នឹង​បញ្ជូន​បន្ថែម​ទៀត​ទៅកាន់​ប្រទេស កាតា អារ៉ាប៊ីសាអ៊ូឌីត​ និង​ប្រទេស​ជប៉ុន​។

នៅក្នុង​សុន្ទរកថា​បើក​សិក្ខាសាលា​រយៈពេល​ ២ ​ថ្ងៃ​ស្តីពី​ក្រមសីលធម៌​នៃ​ការជ្រើសរើស​ពលករ​នេះ​លោក ហ៊ូ វុទ្ធី អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​បាន​ទទួល​ស្គាល់​អំពី​ហានិភ័យ​នេះ​ ប៉ុន្តែ​លោក​បាន​និយាយ​ថា​រដ្ឋាភិបាល​មិន​អាច​ធានា​សុវត្ថិភាព​ពលករ​ចំណាកស្រុក​តែ​ម្នាក់​ឯង​បាន​ទេ​។

លោក ​វុទ្ធី ​មាន​ប្រសាសន៍​ថា​៖ «​រដ្ឋាភិបាល​ត្រូវការ​ការគាំទ្រ​ពី​វិស័យ​ឯកជន​ និង​អ្នក​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត​។ ដូច្នេះ​ហើយ​វិស័យ​ឯកជន​ត្រូវ​តែ​ពង្រឹង​ការងារ​របស់​ពួកគេ​»​។

លោក Dy The Hoya មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​ការងារ​បាន​យល់​ស្រប​ថា​វគ្គ​បណ្តុះបណ្តាល​ពលករ​មុនពេល​ចេញ​ដំណើរ​ទៅ​ធ្វើការ​ក្រៅប្រទេស​ត្រូវការ​កែលម្អ​បន្ថែម​ហើយ​លោក​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ផ្តោតលើ​ការពង្រឹង​ការតាមដាន​ពលករ​ និង​ត្រូវដាក់​ទណ្ឌកម្ម​ទៅ​លើ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ និង​និយោជក​ដែល​គ្មាន​ក្រមសីលធម៌​។

លោក​ថា​៖ «​ខ្ញុំ​មិន​គិត​ថា​វា​អាច​លុបបំបាត់​ការរំលោភបំពាន​បាន​ដោយ​គ្រាន់តែ​ផ្តល់​ការបណ្តុះ​បណ្តាល មុន​ពេល​ពួកគេ​ចាកចេញ​នោះ​ទេ​។ ពួកគេ​ត្រូវ​តែ​បង្កើត​ប្រព័ន្ធ​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​សម្រាប់​ការពារ​ពលករ​ហើយ​ការអនុវត្ត​ក៏​ត្រូវ​តែ​មាន​ប្រសិទ្ធភាព​ផង​ដែរ »​។

ក្រុម​អ្នកស្រាវជ្រាវ​ក៏​បាន​រកឃើញ​ថា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឱ្យ​ពលករ​ចំណាកស្រុក​ទៅ​ធ្វើការ​ស្រប​ច្បាប់​ត្រូវ​បាន​រារាំង​ដោយ​ការចំណាយ​ខ្ពស់​។ លោក បាន ​ប៉ាន់​ប្រមាណ​ថា​ដំណើរការ​ជ្រើសរើស​ពលករ​ឲ្យ​បាន​ការងារ​ធ្វើ​ស្រប​ច្បាប់​នៅក្នុង​ប្រទេស​ថៃ​គឺ​មាន​តម្លៃ​ចន្លោះ​ពី​ ៦០០ ​ទៅ​ ៨០០ ​ដុល្លារ​។

របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ថា​ក្រសួង​បាន​រកឃើញ​ថា​មាន​ពលករ​ចំណាកស្រុក​ខ្មែរ​តែ​ចំនួន​ ៩៦ ​ពាន់​នាក់​ប៉ុណ្ណោះ​ដែល​ទៅ​ធ្វើការ​តាមរយៈ​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន​៕ NS/​រាយការណ៍​បន្ថែម​ដោយ នៀម ឆេង