តាកែវៈ យ៉ាងហោចណាស់​ទ្រព្យសម្បត្តិ​ដែល​ត្រូវបាន​ប៉ាន់ស្មាន​មានតម្លៃ​ប្រមាណ​ជា​ ៥០ ​ម៉ឺន​ដុល្លារ​ត្រូវ​បាន​បំផ្លាញ ក្រោយពី​ភ្លើង​ឆេះ​តូប​លក់ដូរ​ចំនួន​ ៥០ ​កន្លែង​ក្នុងចំណោម​តូប​ជាច្រើន​នៅក្នុង​ផ្សារ​ត្រាំកក់ ក្នុង​ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​យប់​ថ្ងៃទី​ ៥ ខែឧសភា​។

លោក​ ម៉ៅ សុផល ស្នងការរង​ទទួលបន្ទុក​ផ្នែក​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃទី​ ០៦ ខែឧសភា​ថា ភ្លើង​បាន​ឆេះ​តូប​ជាច្រើន​ដូចជា​តូប​លក់​ទូរស័ព្ទដៃ សម្លៀកបំពាក់ និង ស្បែកជើង ដែល​សម្ភារ​លក់ដូរ​ទាំងនោះ​ត្រូវបាន​រក្សាទុក​ក្នុង​តូប​នៅក្នុង​ផ្សារ​។

លោក​បាន​បញ្ជាក់ថា​៖ «​តាម​ការសាកសួរ​ និង​ពិនិត្យ​ភាពជាក់ស្ដែង​នៅ​កន្លែងកើតហេតុ ករណី​គ្រោះ​អគ្គិភ័យ​នេះ​បង្កឡើង​ពី​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី ហើយ​ឆេះ​ចេញពី​តូប​លក់​ទូរស័ព្ទដៃ​មួយ​របស់​អាជីវករ​ឈ្មោះ ណុប សុវណ្ណ​។ ក្នុង​ហេតុការណ៍​នេះ មិន​មាន​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ និង​សមត្ថកិច្ច​ណា​ម្នាក់​រងគ្រោះថ្នាក់ ឬ ស្លាប់​នោះទេ​»​។

លោក សុផល ថ្លែងថា សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ ១៤ ​គ្រឿង ដើម្បី​ពន្លត់ភ្លើង​ក្នុង​រយៈពេល​ប្រមាណ​ជាង​ ២ ​ម៉ោង ទើប​រលត់​ទាំងស្រុង​។

ទោះជា​បែបណា​ក៏ដោយ មកទល់​ពេលនេះ អាជ្ញាធរ​មូលដ្ឋាន​នៅ​មិនទាន់​វាយតម្លៃ​ការខូចខាត​សរុប​នៃ​គ្រោះ​អគ្គិភ័យ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​បើតាម​ការប៉ាន់ប្រមាណ​ក្នុង​ជំហាន​បឋម​នេះ គឺ​មាន​ទំហំ​ជា​ទឹកប្រាក់​ប្រមាណ​ជាង​ ៥០ ​ម៉ឺន​ដុល្លារ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សោម រ័ត្ន មេឃុំ​ត្រាំកក់ ដែល​បាន​ចុះ​ស្រង់​ស្ថិតិ​ពី​អាជីវករ​រងគ្រោះ​កាលពី​ព្រឹក​ថ្ងៃទី​ ០៦ ខែឧសភា​។

លោក​ថ្លែងថា​៖ «​យោងតាម​ការអះអាង​របស់​អាជីវករ​រងគ្រោះ​ក្នុង​ ១ ​ម្ចាស់​តូប មាន​ការខាតបង់​ចន្លោះ​ពី​ ៨ ០០០ ​ដុល្លារ ដល់​ ៣០ ០០០ ​ដុល្លារ​។ ដូច្នេះ​បើ​យើង​បូកប៉ាន់​ប្រមាណ​នូវ​ចំនួន​តូប​ទាំង​ ២២ ​ដែល​រង​ការឆេះ​ខូចខាត​ទាំងស្រុង​នោះ សរុប​ជា​ទឹកប្រាក់ ប្រមាណ​ ៥០ ​ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​នេះ​គ្រាន់តែ​ជាការ​ប៉ាន់ប្រមាណ​ជំហាន​ដំបូង ដោយ​ផ្អែកលើ​ទិន្នន័យ ដែល​អាជីវករ​ផ្ដល់​ឲ្យ​ប៉ុណ្ណោះ មិនដឹង​ថា​ពួកគេ​បំប៉ោង​តួលេខ​ឬ​យ៉ាងណា​នោះទេ​»​។

លោក ណុប សុវណ្ណ ម្ចាស់​តូប​លក់​ទូរស័ព្ទដៃ​ដែល​ត្រូវបាន​អាជីវករ​ភាគច្រើន អះអាង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​ចេញពី​តូប​របស់គាត់​នោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពេល​ដែល​ទទួលបាន​ដំណឹង​ពី​ការឆេះ​ផ្សារ​ភ្លាម គាត់​បាន​រត់​មក​តូប​របស់គាត់ ដើម្បី​ប្រមូលយក​ទំនិញ​ដែល​ភាគច្រើន​ជា​ទូរស័ព្ទដៃ និង​គ្រឿងបន្លាស់​ចេញ ប៉ុន្តែ​ពេលមកដល់​ភ្លើង​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​រួចទៅហើយ និង​បាន​រាលដាល​ដល់​តូប​ជាច្រើន​នៅក្បែរនោះ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គ្មានអ្វី​សេសសល់​ទៀត​ទេ ទំនិញ​ទាំងអស់​គិត​ជា​ទឹកប្រាក់​សរុប​ជាង​ ៣ ​ម៉ឺន​ដុល្លារ​ត្រូវ​ឆេះ​អស់​ក្នុង​ ១ ​ប៉ប្រិចភ្នែក​»​។

លោក សុវណ្ណ ថ្លែងថា​៖ «​មុន​ចេញទៅ​ផ្ទះ​ខ្ញុំ​បាន​បិទ​ភ្លើងអគ្គិសនី​ទាំងអស់​នៅក្នុង​តូប​លក់ដូរ​របស់ខ្ញុំ​អស់​ទៅ​ហើយ ប៉ុន្តែ​ហេតុអ្វី​បានជា​កើតមាន​ករណី​ផ្ទុះ​សេ​ខ្សែភ្លើង​នេះ​ទៀត​»៕