មណ្ឌលគិរី មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ស្រែហ៊ុយ​ម្នាក់​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ​​ថា​ ភ្លើង​ឆេះ​ព្រៃ​ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​បង្ក​ឡើង​ដោយ​ក្រុម​អ្នក​រុករក​ទឹក​ឃ្មុំព្រៃ ​និង​អនុ​ផល​ព្រៃ​ឈើ​ បាន​រាល​ដាល​ឆេះ​ស្រូវ​ប្រមាណ​ជាង​ ៤០​ ហិកតា​របស់​អង្គភាព​យោធា​សិក​រង​ខេត្ត​មណ្ឌល​គិរី​ និង ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ស្រែហ៊ុយ។​

​លោក​ម៉ាន់ ​រាម​ ជំទប់​ទី ១​ ឃុំ​ស្រែហ៊ុយ ​បាន​និយាយ​ថា​ កាល​ពីរ​សៀល​ថ្ងៃ​ពុធ​ មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ រាលដាល​ឆេះ​ស្រូវ​របស់​អង្គភាព​យោធា​សិករង​ខេត្ត​មណ្ឌល​គិរី​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ចំនួន​ពីរ​ គឺ​ភូមិ​ស្រែជ្រៃ និង ភូមិទួល​ស្រឡៅ ​នៃ​ឃុំ​ស្រែហ៊ុយ ​ស្រុក​កោះញែក សរុប​ចំនួ​ន​ ៣៥​ ហិកតា​ ​ខណៈ​ស្រូវ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ឈុល​ចំនួន​ ៧ ហិកតា​ដែល​បាន​ច្រូត​កាត់​​រួច​តែ​នៅ​មិន​ទាន់​ធ្វើ​ការ​បោក​បែន​នៅ​ឡើយ​នោះ​ក៏​ត្រូវ​បាន​រងការ​ឆេះ​ខូចខាត​ទាំង​ស្រុង​ផង​ដែរ។​

​លោក​រាម ​បាន​និយាយ​ទៀត​ថា​៖​«នៅ​ពេល​នេះ ក្រុម​មន្ត្រី​យោធា​ កំពុង​​ធ្វើការ​ស្រាវជ្រាវ​រក​អត្ត​សញ្ញាណ​របស់​​អ្នក​ភូមិ​មួយ​ចំនួន​ ដែល​ចេញ​ទៅ​រក​អនុផល​ព្រៃ​ឈើ ​នៅ​ក្នុង​ព្រៃ​ក្បែរ​នោះ ដោយ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ពួកគេ​ថា​ជា​អ្ន​ក​បង្ក​ឲ្យមាន​ករណី​ភ្លើងឆេះ​ព្រៃនេះ​កើត​ឡើង»​។

ជុំវិញ​ករណី​នេះ​ផង​ដែរ ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ឈុល លោក ​ទេន ប៊ុន​សាម ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​កាល​ពីដើម​ខែ​ធ្នូនេះ ​មាន​ករណី​ភ្លើង​ឆេះព្រៃ​មួយ​បាន​កើត​ឡើង​ម្ដង​ហើយ​ ប៉ុន្តែ​ត្រូវ​បាន​ពួក​គាត់ ​ដែល​មាន​ស្រែ​នៅក្បែរ​នោះ​នាំគ្នា​​ចាក់​ទឹក​ និង​ វាយ​ពន្លត់​ទាន់​ពេល មិន​បង្ក​ឲ្យមាន​ផល​ប៉ះពាល់​ដល់​ស្រូវ​របស់​អ្នក​ភូមិ​ណា​ម្នាក់​ទេ។ ​ដោយ​ឡែក​កាល​ពីរ​សៀល​ថ្ងៃ​ពុធ​ម្សិល​ម្ង៉ៃ​មុន​នេះ​ ស្រាប់​តែ​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ ​កើត​ឡើង​ម្ដង​ទៀត​នៅ​ភូមិ​ទួល​ស្រឡៅ ​បណ្ដាល​ឲ្យ​ឆេះ​ខូច​ខាត​ស្រូវ​របស់​​​​​អង្គ​ភាព​យោធា​សិក​រង​ខេត្ត​អស់​រាប់​សិប​ហិកតា​ ហើយ​បាន​រាល​ដាល​បន្ត​មក​ឆេះ​កណ្ដាប់​ស្រូវ​របស់​ពួក​គាត់​ក្នុង​ភូមិ​ឈុល​អស់​សរុប​៧ហិក​តា​ថែម​ទៀត។​

​លោក​ ​ប៊ុន​សាម ​បាន​អះអាង​ថា៖​«​ ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ស្រុកកោះ​ញែក បាន​កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​ជា​ទូទៅ​ករណី​នេះ​កើត​ឡើង​ដោយ​សារ​កត្តា​មនុស្ស​ជា​អ្នក​បង្ក​ ដូច្នេះ​ខ្ញុំគិត​ថា​បើ​សិន​ជា​អាជ្ញាធរ​អាច​រក​ឃើញ​ជន​បង្ក​បាន​ ​យើង​​ខ្ញុំ​អាច​នឹ​ង​ប្ដឹង​ទាមទារ​ឲ្យ​ពួក​គេ​សង​សំណង​ខូច​ខាត​មក​យើង​វិញ​បាន​ខ្លះ​សម្រាប់​ដោះ​ស្រាយ​ជីវភាព​រស់​នៅ»​។​

​កាល​ពីម្សិល​មិញ​នេះ​ផង​ដែរ លោក​វរសេនីយ៍​ទោ ​យ៉ាំ ​ភ្យន​ នាយ​រង​សេនា​ធិការ​នៃ​បញ្ជា​ការ​ដ្ឋាន​តំបន់​សិក​រង​ខេត្ត​មណ្ឌល​គិរី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ខណៈ​ក្រុមការ​ងារ​របស់​គាត់​ដែល​មាន​គ្នា៨​នាក់​ប្រចាំ​ការ​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ស្រែ​កងទ័ព​នៃ​តំបន់​ប្រតិបត្តិ​ការសិក​រងខេត្ត​ កំពុង​នាំ​គ្នា​ប្រើត្រាក់​ទ័រ​ច្រូត​កាត់​ស្រូវ​ និង​ដឹក​ជញ្ជូន​ស្រូវ​មកដាក់​ក្នុង​ឃ្លាំង​សុវត្ថិភាព​ ស្រាប់​តែ​មាន​ភ្លើង​ឆេះព្រៃ​ដ៏​ធំមួយ​បាន​រាល​ដាល​មក​ដល់ ពេល​នោះ​ពួកគាត់​ក៏​បាន​នាំ​គ្នា​បើក​ត្រាក់​ទ័រ​ច្រូតស្រូវ​នោះ​គេច​ចេញ​ពីអណ្ដាត​ភ្លើង​ ដើម្បី​សុវត្ថិ​ភាព។​

​លោក ​ភ្យន​ បាន​បញ្ជាក់​ថា​៖ «​ស្រូវ​របស់​យើង​ទាំងអស់​មាន​ ៦៥ ​ហិកតា​ ប៉ុន្តែ​ យើង​បាន​ច្រូត​កាត់​រួច​អស់​ ៣០​ ហិកតា​ ​សល់​៣៥​ហិកតា​ទៀត ត្រូវ​ភ្លើង​ឆេះ​ព្រៃ​ឆេះរាល​ដាល​មក​បំផ្លាញ​អស់​ទាំង​ស្រុង។​

បើ​តា​ម​ទិន្នផល​ស្រូវ​ ដែល​យើង​ប៉ាន់​ប្រមាណ​លើ​ផ្ទៃ​​ដី​ដែល​បាន​ឆេះអស់​នោះ​ សរុប​ប្រមាណ​ពី​៣០​តោន​ទៅ​ ៤០ តោន។​ ការ​ខូចខាត​នេះ​គឺ​ជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​អង្គភាព​តំបន់​ប្រតិ​បត្តិការ​សិក​រង​ខេត្ត​មណ្ឌល​គិរី​យើង​ ខ្វះខាត​ស្បៀង​អាហា​រ​សម្រាប់​ផ្គត់​ផ្គង់​ដល់​កងទ័ព»​។​

បើ​តាម​លោក​ ភ្យន​ តំប​ន់​ប្រតិ​បត្តិការ​សិក​រង​ខេត្ត​មណ្ឌល​គិរី​ ផ្ទៃ​ដី​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ស្រែ​និង​ចំការ​ សរុប​ ២៥០​ ហិក​តា ​ប៉ុន្តែ​ដោយ​សារ​ពុំមាន​គ្រឿង​ចក្រ​សម្រាប់​ឈូស​ឆាយ​ ព្យួរ​រាស់​ និង​ច្រូត​កាត់​គ្រប់​គ្រាន់​ ​ក្រុម​មន្ត្រី​យោធា​ទទួល​បន្ទុក​ផ្នែក​អភិ​វឌ្ឍន៍​និង​ផ្គត់​ផ្គង់​​ស្បៀង​អាហារ​កងទ័ព​ក្នុង​ខេត្តនេះ ​បាន​ធ្វើ​កា​រ​អភិវឌ្ឍន៍​ដំណាំ​ស្រូវ​បាន​ត្រឹម​តែ​ ៦៥ ​ហិកតា​ប៉ុណ្ណោះ៕​