ព្រះសីហនុៈ ស្ថានភាព​ទឹកភ្លៀង​នៅក្នុង​រដូវវស្សា និង​ការអភិវឌ្ឍ​ខ្លាំង​នៅ​កណ្ដាល​ទីក្រុង​បាន​បង្កើតជា​ជំនន់​ទឹកភ្លៀង​ចាប់តាំងពី​ថ្ងៃទី​ ២៤ ខែឧសភា នៅ​ក្នុងភូមិ​ដាច់ស្រយាល​ចំនួន​ ២ ​នៃ​សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ ហើយ​រហូតមក​ដល់ពេល​នេះ អាជ្ញាធរ​សង្កាត់​មិនទាន់​អាច​បញ្ជាក់បាន​អំពី​ព័ត៌មាន​នៃ​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះទេ​។

លោក សេង នីម ចៅសង្កាត់​លេខ​ ៤ ​នៃ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​ម្សិលមិញ​បាន​ទទួលស្គាល់​ថា តំបន់​ដែល​បាន​លិច​ទឹក​នៅក្នុង​ភូមិ​នោះ គឺ​នៅ​ឆ្ងាយ​ពី​ក្រុង និង​មិនទាន់មាន​បណ្ដាញ​បង្ហូរទឹក ទើប​បណ្តាល​ឱ្យ​មាន​ការជន់លិច​។

លោក សេង នីម ថ្លែងថា​៖ «​ខ្ញុំ​មិនមាន​ព័ត៌មាន​លម្អិត​អំពី​ជំនន់​ទឹកភ្លៀង​ដែល​បាន​កើតឡើង​នេះ​ទេ និង​អំពី​ស្ថានភាព​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នោះទេ ព្រោះ​តំបន់​នោះ​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​ខ្ញុំ​ស្នាក់នៅ​»​។

ទោះយ៉ាងណា​ក៏ដោយ មន្ត្រី​ជំនាញ​នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ​កំពុង​ចុះ​សិក្សា និង​ប្រមូល​ទិន្នន័យ​នានា​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ភូមិសាស្ត្រ​សង្កាត់​លេខ​ ៤ នៃ​ក្រុងព្រះសីហនុ ដែល​មាន​ការជន់លិច​ដោយ​ទឹកភ្លៀង​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៥ ខែ ឧសភា ឆ្នាំ​ ២០២១ ថា រដ្ឋបាលខេត្ត​កំពុង​រង់ចាំ​របាយការណ៍​លម្អិត​ដើម្បី​រក​វិធីសាស្ត្រ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ នៅពេល​ដែល​មន្ត្រី​ជំនាញ បាន​កំពុង​ចុះទៅ​ស្រាវជ្រាវ​ធ្វើ​កិច្ចការ​នេះ​នៅក្នុង​តំបន់​ជន់លិច​។

លោក ឃាង ភារម្យ ថ្លែងថា​៖ «​នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​​ជាប់ៗ គ្នា តែងតែ​ចៀស​មិន​ផុតពី​ការជន់លិច​នោះទេ ជាពិសេស​នៅក្នុង​តំបន់​ទំនាប ប៉ុន្តែ ការជន់លិច​នេះ គឺ​មិនយូរ​នោះទេ ព្រោះ​អាជ្ញាធរខេត្ត​កាលពី​កន្លងមក​នេះ​បាន​ស្តារ និង​ពង្រីក​ប្រព័ន្ធ​លំហូរ​ទឹក ដូចជា​ប្រឡាយ និង​អូរ នានា បាន​ធ្វើឱ្យ​ទឹក មាន​ការហូរ​លឿន​ជាង​មុន​»​។

លោកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​នៃ​សមាគម​អាដហុក​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ​បាន​ឱ្យ​ដឹងថា បច្ចុប្បន្ននេះ​នៅក្នុង​ក្រុងព្រះសីហនុ​មិន​មាន​ការជន់លិច​ដោយ​ទឹកភ្លៀង​ទៀត​ទេ​ចាប់តាំងពី​ឆ្នាំ ២០២០ ព្រោះ​អាជ្ញាធរខេត្ត​បាន​កាយ​ប្រឡាយ ស្តារអូរ​។ ប៉ុន្តែ​ក៏​មាន​តំបន់​មួយចំនួន​ដែល​នៅ​ឆ្ងាយ​ពី​ក្រុង នៅតែ​ប្រឈម​នឹង​ការលិច​ដោយសារ​ជំនន់​ទឹកភ្លៀង ជាពិសេស​នៅ​ភូមិ ៥ និង ភូមិ ៦ នៃ​សង្កាត់​លេខ ៤ នេះ​មាន​ការលិច​ទឹកជា​រៀងរាល់​ឆ្នាំ​។

លោកស្រី សុធារី ថ្លែងថា​៖ «​បើ​ទីក្រុង​លិច​ទឹក​នៅក្នុង​តំបន់​នេះ​មាន​ការលិច​ខ្លាំង​រហូតដល់​មាន​ការហែល​។ ការលិច​នេះ ដោយសារ​តែ​អូរ និង​ប្រឡាយ​នានា​មាន​ការកកស្ទះ វា​ហូរ​មិនទាន់​»​។

លោកស្រី ជៀប សុធារី បញ្ជាក់​ទៀត​ថា ជំនន់​ទឹកភ្លៀង​កើតឡើង ដោយសារ​មាន​ការអភិវឌ្ឍ​ក្រុង​យ៉ាងគំហុក និង​ការចាក់​បំពេញ​ដី ដើម្បី​អភិវឌ្ឍ​​អគារ​ខ្ពស់ៗ​បាន​ធ្វើឱ្យ​តំបន់​ក្នុងភូមិ​ ២ ​នោះ​ក្លាយ​ជា​តំបន់​ទំនាប និង​មាន​ទឹក​ជន់លិច​។

ភ្លៀង​ធ្លាក់​ជាប់​គ្នា​ចាប់តាំងពី​ថ្ងៃទី​ ២១ ខែឧសភា រហូត​មកដល់​ថ្ងៃទី​ ២៥ មាន​ទាំង​ព្យុះ និង​ខ្យល់​កន្ត្រាក់ ដែល​ធ្វើឱ្យ​ដើមឈើ​ដួលរលំ និង​តំបន់​ខ្លះ​លិចទឹក ដូច​នៅក្នុង​តំបន់​ភូមិ​ ៥ និង​ភូមិ​ ៦ ​នេះ ដែល​រហូត​មកដល់​នេះ នៅតែ​មាន​ទឹក​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​៕