ខេត្តពោធិ៍សាត់៖ ភ្លៀង​លាយឡំ ខ្យល់​កន្ត្រាក់​ និង​ផ្គរ​រន្ទះ បាន​បង្ក​ឲ្យ​ប្រជាកសិករ ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ព្រមទាំង​បង្ក​ការខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ ៦៥ ខ្នង និង អគារ​រដ្ឋបាល​សាធារណៈ​មួយចំនួន​ទៀត​ក្នុង​ខេត្ត​ចំនួន ៣ គឺ​ខេត្ត​ឧត្តរមានជ័យ បាត់ដំបង និង ខេត្តពោធិ៍សាត់។ នេះ​បើតាម អាជ្ញាធរ​មូលដ្ឋាន នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ។

លោក ជា ពិសិដ្ឋ ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្ត​ឧត្តរមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គររន្ទះ កាលពី​ល្ងាច​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ បាន​បង្ក​ឲ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់ និង ម្នាក់ទៀត​រងរបួស​ធ្ងន់ និង បាន​បង្ក​ការខូចខាត​លំនៅឋាន​ប្រជាពលរដ្ឋ ចំនួន ៣៥ ខ្នង​ក្នុង​ក្រុង-ស្រុក​ចំនួន​បី គឺ​ក្រុង​សំរោង ស្រុក​បន្ទាយ​អំពិល និង ស្រុក​ចុងកាល់។

លោក​ថ្លែងថា៖ «នៅ​ថ្ងៃអាទិត្យ​នេះ ក៏មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម​ផងដែរ នៅក្នុង​ខេត្ត​ឧត្តរមានជ័យ ប៉ុន្តែ​ពុំមាន​ករណី​ខ្យល់​កន្ត្រាក់ និង ផ្គររន្ទះ​កើតឡើង​នោះទេ»។

ភ្លៀងលាយឡំខ្យល់កន្រ្តាក់ បណ្តាលឲ្យរបើកដំបូលប៉ុស្តិ៍នគរបាល រងការខូចខាត នៅខេត្តពោធិ៍សាត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៤៥ នាទីរសៀល ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១។ រូបថត Police

បើតាម​លោក ពិសិដ្ឋ បុរសរងគ្រោះ ឈ្មោះ ស្មោន ល័ក្ខ អាយុ ៥០ ឆ្នាំ​ជា​ប្រជាកសិករ​នៅ​ភូមិ​វល្លិ៍យាវ ឃុំ​បេង ស្រុក​បន្ទាយអំពិល ត្រូវបាន​រន្ទះបាញ់​ស្លាប់​នៅ​នឹង​កន្លែង គ្រា​ដែល​គាត់​កំពុង​ដាំ​ដំឡូងមី ពេល​មេឃ​កំពុងមាន​ភ្លៀង។ ចំណែក យុវតី​រងគ្រោះ​ឈ្មោះ ហ្គិក ស្រីហួយ អាយុ ១៧ ឆ្នាំ ដែល​ជា​អ្នកជិតខាង​របស់​លោក​ ស្មោន ល័ក្ខ បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

លោក សន និល អធិការ​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​រសៀល​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រតនមណ្ឌល ក៏មាន​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​ផងដែរ ដោយ​បាន​បង្ក​ការខូចខាត បង្គោល​អង់តែន​វិទ្យុទាក់ទង​ចំនួន ១ និង​អគារ​រដ្ឋបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតនមណ្ឌល​ចំនួន ២ ព្រមទាំង​ដួលរលំ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣០ ខ្នង។

លោក​បញ្ជាក់ថា៖ «តាំងពី​តូច​មក ខ្ញុំ​មិន​ធ្លាប់​ជួប​ ឬ​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ ខ្យល់​កន្ត្រាក់ ឬ ព្យុះ​បែបនេះ​ទេ។ វា​បាន​បក់​កាច់​ផ្ដួល​បង្គោល​អង់តែន​វិទ្យុទាក់ទង និង គួច​រំលើង​ដើមឈើ​ទាំង​ឫស មក​ដួល​សង្កត់​លើ​អគារ​រដ្ឋបាល​នៃ​អធិការដ្ឋាន​នគរបាល​យើងខ្ញុំ បណ្ដាល​ឲ្យ​រង​ការខូចខាត​ចំនួន ២ អគារ។ ចំណែក​ផ្ទះ​ប្រជាពលរដ្ឋ​វិញ​គឺ​លើក​ផុតពី​ជើងតាង ដួលរលំ​អស់ ៣០ ខ្នង។ ប៉ុន្តែ​សំណាងល្អ ដែល​ពុំមាន​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ណា​ម្នាក់»។

ភ្លៀងលាយឡំខ្យល់កន្រ្តាក់ បណ្តាលឲ្យរបើកដំបូលប៉ុស្តិ៍នគរបាល រងការខូចខាត នៅខេត្តពោធិ៍សាត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៤៥ នាទីរសៀល ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១។ រូបថត Police

ចំណែក​លោក តាន់ គារិទ្ធ អធិការនគរបាល​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ក៏បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ នៅ​ថ្ងៃទី ១៦ ខែ​មេសា កន្លង​ទៅ​ថ្មីៗនេះ បាន​បង្ក​ការខូចខាត​ដំបូល​អគារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រងិល ទាំងស្រុង និង​ខូចខាត​ឯកសារ និង​សម្ភារ​មួយចំនួន ព្រមទាំង​ប៉ើង​របើក​ដំបូលផ្ទះ​អ្នកភូមិ​កំពែង​ឃុំ​ព្រងិល ចំនួន ២ ខ្នង​ទៀត។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​នៃ​ព្យុះស៊ូរីហ្គឺ (SURIGAE) ហើយ​នៅពេលនេះ ព្យុះស៊ូរីហ្គឺ​បាន​វិវត្ត​ខ្លួន​ទៅជា​ព្យុះកំបុតត្បូង (TY) ដើរ​ស្របតាម​បណ្ដោយ​ឆ្នេរ​ភាគ​ខាងកើត​នៃ​ប្រទេស​ហ្វីលីពីន ឆ្ពោះ​ទៅ​ទិស​ខាងជើង ធ្វើឱ្យ​មាន​ខ្យល់មូសុង​និរតី កើតឡើង​ដូច​ក្នុង​រដូវវស្សា ដែល​អាច​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២០ ខែមេសា ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស។

ជាមួយ​គ្នា​នេះ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​កើតមាន​ញឹកញាប់ ជាពិសេស​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល៕