សៀមរាប/បន្ទាយមានជ័យៈ ​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ក្នុង​រយៈពេល ២ ​ថ្ងៃ​ជាប់​គ្នា​មកនេះ​បាន​ធ្វើឲ្យ​បាក់រលំ​ដើមឈើ​ធំៗ ៧ ​ដើម ​នៅក្នុង​បរិវេណ​ប្រាសាទ​តាព្រហ្ម ប្រាសាទ​អង្គរ​ និង​បាន​បង្ក​ការខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ សាលារៀន និង​កុដិព្រះសង្ឃ​សរុប​ចំនួន​ ៨៩ ​ខ្នង​ នៅក្នុង​ខេត្ត​ចំនួន​ ២ ​ផ្សេងទៀត​រួមមាន​ខេត្ត​ប៉ៃលិន និង​ខេត្ត​បន្ទាយមានជ័យ​។ នេះ​បើតាម​សេចក្ដី​រាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ព្រឹក​ម្សិលមិញ​។

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​អប្សរា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ចន្ទ​ថា ដើម​ស្ពង់​ និង​ដើម​បង្កែវដំរី​ក្នុង​តំបន់​អង្គរ​ចំនួន ៧ ​ដើម​បាន​បាក់រលំ បន្ទាប់ពី​មាន​ភ្លៀងខ្យល់​បក់បោក​ខ្លាំង​កាលពី​ល្ងាច​ថ្ងៃទី​ ១២ ខែមេសា​។

លោក​ថ្លែងថា​៖ «​ដើមឈើ​ដែល​បាក់រលំ​មាន ៤ ​ដើម​ស្ថិតនៅក្នុង​បរិវេណ​ប្រាសាទតាព្រហ្ម និង​ ១ ​ដើម​ស្ថិតក្នុង​បរិវេណ ប្រាសាទអង្គរវត្ត និង ២ ​ដើម​ទៀត​ស្ថិត​នៅក្នុង​ភូមិករ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ទីតាំង​ក្នុង​តំបន់​អភិរក្សអង្គរ​។ ទោះយ៉ាងណា វា​មិន​បង្ក​ផលប៉ះពាល់​ដល់​តួ​ ឬ​ប្រាង្គ​ប្រាសាទ​នោះទេ​»​។

លោក យូ ពៅ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ចន្ទ​ថា ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ និង​មាន​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​នៅ​ក្រុងប៉ៃលិន ដែល​បង្ក​ឲ្យ​ខូចខាត​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​ ៥ ​ខ្នង​ថែម​ទៀត​នៅ​ភូមិ​ប៉ាហ៊ីត្បួង និង​ភូមិ​អូរតាពុកលើ សង្កាត់​ប៉ៃលិន​កាលពី​រសៀល​ថ្ងៃទី​ ១២ ខែ​មេសា ខណៈ​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​ភ្លៀងខ្យល់​ និង​ផ្គររន្ទះ​បាន​សម្លាប់​ស្ត្រី​ជា​កម្មករ​ស៊ីឈ្នួល​ដាំដំឡូងមី​ម្នាក់​នៅ​ឃុំ​អូរអណ្ដូង ស្រុក​សាលាក្រៅ និង បាន​បង្ក​ការខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​ ១០ ​ខ្នង​។

លោក​ ពៅ និយាយថា​៖ «​ភ្លៀងខ្យល់​កាលពី​រសៀល​ថ្ងៃអាទិត្យ​បាន​ធ្វើឲ្យ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​ជាច្រើន​ផ្ទាំង​បាក់រលំ សង្កត់​លើ​ម៉ូតូ​បណ្ដាល​ឲ្យ​ខូចខាត​អស់​ ៣ ​គ្រឿង ប៉ើង​របើក​ដំបូល​ផ្ទះ​អាជីវករ​លក់​ទូរស័ព្ទដៃ​នៅ​ផ្សារ​ប៉ាហ៊ី​អស់​ ៥ ​ខ្នង​ និង​ខូចខាត​សម្ភារ និង​ទូរស័ព្ទដៃ​ជាច្រើន​គ្រឿង​ដែល​សរុប​ជា​ទឹកប្រាក់​ជាង ៣៥ ០០០ ​ដុល្លារ​»​។

ដោយឡែក​នៅ​ខេត្ត​បន្ទាយមានជ័យ​ភ្លៀងខ្យល់​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​ជាប់​គ្នា​នេះ​បាន​បង្ក​ការខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប ៨៤ ​ខ្នង​ក្នុង​នោះ​នៅ​ស្រុក​ថ្មពួក​ប៉ះពាល់​ផ្ទះ​ ៥៣ ​ខ្នង និង​ ៣១ ​ខ្នង​ទៀត​នៅ​ក្រុង​ប៉ោយប៉ែត​។

លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃទី​ ១២ ខែ​មេសា បាន​បង្ក​ការខូចខាត​ផ្ទះ​និង​បន្ទប់​ជួល​សរុប​ចំនួន​ ៣១ ​ខ្នង​នៅក្នុង​សង្កាត់​ផ្សារកណ្ដាល និង​សង្កាត់​និមិត្ត​ព្រមទាំង​បាក់រលំ​បង្គោល​អគ្គិសនី​ចំនួន​ ១ ​ដើម​។

លោក​បញ្ជាក់​ថា​៖ «​ខណៈ​នេះ​ខ្ញុំ និង​ក្រុមការងារ​គណៈបញ្ជាការ​ឯកភាព​ក្រុង​ប៉ោយប៉ែត​កំពុង​នាំគ្នា​ចុះជួយ​អន្តរាគមន៍​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ឡើងវិញ និង​ចែកជូន​នូវ​ស្បៀង​អាហារ​ព្រមទាំង​សម្ភារ​បង្ការ​ទប់ស្កាត់​ការឆ្លង​មេរោគ​កូរ៉ូណា​មួយ​ចំនួន​ទៀត​ដល់​ពួកគាត់​»​។

ចំណែក​លោក ឌៀប ឈួន អភិបាលស្រុក​ថ្មពួក​ថ្លែង​ថា កាលពី​ល្ងាច​ថ្ងៃទី​ ១១ ខែមេសា​ មាន​ភ្លៀងខ្យល់​បក់បោក​ខ្លាំង​ដោយ​បាន​បង្ក​ផលប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ​សរុប ៥៣ ​ខ្នង និង​ប៉ើងរបើក​ដំបូល​អគារ​សាលារៀន​ ១ ​ខ្នង និង កុដិ​លោក​ ១ ​ខ្នង​ នៅក្នុង​ឃុំ​គោករមៀត និង​ឃុំ​បន្ទាយឆ្មារ​។ លោក​បញ្ជាក់ថា​៖ «​ផ្ទះ​ចំនួន​ ១១ ​ខ្នង ​ក្នុងចំណោម​ផ្ទះ​ ៥៣ ​ខ្នង​ ដែល​រង​ផលប៉ះពាល់​ដោយ​ខ្យល់កន្ត្រាក់​នោះ​បាន​ដួលរលំ និង​បាក់បែក​ខូចខាត​អស់ទាំង​ស្រុង​»​។

បើតាម​តួលេខ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី​ ១៣ ខែ មេសា ឆ្នាំ​ ២០២០ បាតុភូត​ភ្លៀងខ្យល់ និង​រន្ទះ​បាន​បង្ក​ឲ្យ​មនុស្ស​ ៦ ​នាក់​ស្លាប់ និង​ ៧ ​នាក់​រងរបួស ងាប់​គោ ២ ​ក្បាល​ និង​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ជាង​ ២ ០០០ ​ខ្នង​ ព្រមទាំង​អគារ​សាធារណៈ​របស់​រដ្ឋ​មួយ​ចំនួន​ទៀត​។ ក្នុងនោះ​ខេត្ត​បាត់ដំបង រង​ការខូចខាត​ច្រើន​ជាងគេ​បន្ទាប់មក​ខេត្ត​បន្ទាយមានជ័យ សៀមរាប និង​ខេត្តពោធិ៍សាត់​៕