ត្បូងឃ្មុំៈ អង្គការភ្លែនអន្ដរជាតិ បានសម្រេច «បិទបញ្ចប់ តំបន់ប្រតិបត្តិកម្មវិធីប្រចាំខេត្ត ត្បូងឃ្មុំ» ក្រោយពីបានអនុវត្ដគម្រោង លើកកម្ពស់សិទ្ធិកុមារ ជាពិសេសសមភាពក្មេងស្រី និងបណ្តុះបណ្តាលជំនាញផ្សេងៗដល់ប្រជាពលរដ្ឋ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន អស់រយៈពេល ១៥ ឆ្នាំ (២០០៤-២០១៩) នៅក្នុងខេត្តជាប់ព្រំដែនមួយនេះ ខណៈជីវភាពប្រជាពលរដ្ឋមានភាពរីកចម្រើនប្រសើរជាងមុន។
លោក យី គីមថាន នាយករងប្រចាំប្រទេស ផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិ បានថ្លែងថា៖ «ដោយសារស្ថានភាពជីវភាពប្រជាជន ក៏ដូចជាស្ថានភាពសិទ្ធិកុមារ ជាពិសេសកុមារី នៅក្នុងតំបន់គោលដៅខេត្ត ត្បូងឃ្មុំ មានភាពប្រសើរឡើងគួរឲ្យ កត់សម្គាល់ បន្ទាប់ពីការអនុវត្តគម្រោងរបស់យើងអស់រយៈពេល ១៥ ឆ្នាំកន្លងមក យើងសម្រេចថា វាជាពេលវេលាដ៏ស័ក្តិសម ក្នុងការដកខ្លួនចេញពីខេត្តនេះ»។
អង្គការភ្លែនអន្តរជាតិ ចាប់ផ្តើមប្រតិបត្តិការក្នុងខេត្តត្បូងឃ្មុំកាលពីឆ្នាំ ២០០៤ ដោយធ្វើការក្នុងស្រុកចំនួន ២ គឺ ស្រុកតំបែរ និងពញាក្រែក ដែលគ្របដណ្តប់លើឃុំចំនួន ១៧ និងភូមិចំនួន ១៥២។
អង្គការនេះ បានផ្តោតលើកម្មវិធីសំខាន់ៗមួយចំនួនក្នុងការជួយដល់ប្រជាពលរដ្ឋ រួមមាន គាំពារ និងអភិវឌ្ឍកុមារតូច កិច្ចការពារកុមារ ទឹកស្អាត និងអនាម័យ អាហារូបត្ថម្ភ ការបង្កើនកម្រិតជីវភាពគ្រួសារ និងការអប់រំថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ ការចូលរួមរបស់កុមារ ការបណ្តុះបណ្តាលវិជ្ជាជីវៈបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ។
លោក គីមថាន បន្ថែមថា៖ «យើងរួមចំណែកធ្វើឲ្យស្ថានភាពសិទ្ធិកុមារជាពិសេសកុមារី មានភាពប្រសើរឡើងច្រើនជាពិសេសគឺពាក់ព័ន្ធនឹងសិទ្ធិទទួលបានសុខភាពល្អពីកំណើត សិទ្ធិទទួលបានការអប់រំសិទ្ធិទទួលបានទឹកស្អាត និងអនាម័យ សិទ្ធិចូលរួម និងទទួលបានការ ការពារពីគ្រប់ទម្រង់នៃការរើសអើង។ រយៈពេល ១៥ ឆ្នាំមកនេះ យើងបានធ្វើការជាមួយកុមារ និងគ្រួសាររបស់គាត់ប្រមាណ ២,៥ សែននាក់»។
បើតាមលោក គីមថាន ដោយសារមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយអង្គការដៃគូ អាជ្ញាធរនិងសហគមន៍ក្នុងរយៈពេល ១៥ ឆ្នាំ គម្រោងនេះទទួលបានសមិទ្ធផលសំខាន់ៗគួរឲ្យសាទរ។ សមិទ្ធផលទាំងនោះរួមមានបង្កើតក្លិបកុមារ និងបណ្តុះបណ្តាលពីសិទ្ធិកុមារ ការគ្រប់គ្រងក្លិប និងជំនាញសម្របសម្រួល ចំនួន ១៨៧ ក្លិប។ គាំទ្របង្កើតបណ្តាញការពារកុមារ អប់រំ រាយការណ៍ និងដោះស្រាយ ពីការរំលោភបំពានកុមារចំនួន ១៨៧ បណ្តាញ។
សាងសង់អណ្តូងទឹក ក្នុងសហគមន៍ សាលារៀន និងក្នុងសាលាមតេ្តយ្យសហគមន៍ ចំនួន ៥៤១។ សាងសង់ បង្គន់នៅសាលារៀន និងមតេ្តយ្យសហគមន៍ចំនួន ១០០។ សាងសង់ មណ្ឌលសុខភាព អគារសម្រាកក្រោយពេលសម្រាល បំពាក់ជាមួយសម្ភារ បង្គន់ អណ្តូង និងផ្ទាំងសូឡាចំនួន ៩។ សាងសង់សាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន ១៨ ខ្នង។ សាងសង់អគារបណ្ណាល័យចំនួន ១៣ ខ្នងព្រមទាំងផ្គត់ផ្គង់សម្ភារ និងសៀវភៅអាន។
កសាងសួនកុមារនៅតាមសាលារៀនចំនួន ៤១។ គាំទ្រមណ្ឌលសុខភាពចំនួន ៥ ក្នុងការចាក់វ៉ាក់សាំងដល់កុមារ ៣,៧០៧ នាក់។ គាំទ្រកម្មវិធីអាហារូបត្ថម្ភ ដល់កុមារតូច ចំនួន ១១,២៧០ នាក់។
គាំទ្របង្កើតក្រុមអប់រំ និងបណ្តុះបណ្តាលការអប់រំសុខភាពបន្តពូជដល់យុវជន ៧៥,៩៨៦ នាក់។ គាំទ្រ និងសាងសង់ ១៣១ សាលាមតេ្តយ្យសហគមន៍ និងមតេ្តយ្យរដ្ឋ (ជាមួយសម្ភាររៀននិងបង្រៀន បង្គន់ និងសួនកុមារ)។
គាំទ្រ និងបង្កើតក្រុមឪពុកម្តាយចំនួន ៩៥៨ និងបណ្តុះបណ្តាលពួកគាត់ ពីទម្លាប់ល្អទាំង ១២ យ៉ាង។ បណ្តុះបណ្តាលគ្រូ ១២០ នាក់ ពីបចេ្ចកទេសបង្រៀនកុមារតូច។ គាំទ្របង្កើតថ្នាក់សិស្សរៀនយឺតសម្រាប់ ១០០ ក្រុម។ បញ្ចូលកុមារ និងយុវជន ក្នុងការងារត្រៀម និងកាត់បន្ថយគ្រោះមហន្តរាយ ដែលសរុបជាទឹកប្រាក់ដែលបានចំណាយរយៈពេល ១៥ ឆ្នាំអស់ប្រមាណ ១៥ លានដុល្លារ។
អ្នកស្រី ជឿង ជឿន តំណាងសហគមន៍សេវាសង្គមកិច្ចកម្ពុជា (SSC) ស្ថិតក្នុងឃុំគោកស្រុក ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ បានសម្ដែងការសោកស្ដាយ ខណៈកំពុងចូលរួមជាមួយកម្មវិធីបិទបញ្ចប់គម្រោងរបស់អង្គការភ្លែន នៅសាលាខេត្តត្បូងឃ្មុំ កាលពីម្សិលមិញដោយអ្នកស្រីលើកឡើងថា អង្គការមួយនេះធ្លាប់នៅរួមសុខទុក្ខ គាំទ្រ ប្រជាពលរដ្ឋ ពិសេសកុមារតូច នៅតាមសហគមន៍ ចំពោះការថែទាំសុខភាព អនាម័យទឹកស្អាត សាលារៀន និងបណ្ណាល័យជាដើមអស់រយៈពេល ១៥ ឆ្នាំកន្លងមកនេះ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំមានអារម្មណ៍ ដូចជាបាត់អ្វីម្យ៉ាងពីក្នុងខ្លួន ពេលដឹងថា អង្គការភ្លែនបិទបញ្ចប់គម្រោងនៅទីនេះ។ អង្គការនេះបានចូលមកជួយបណ្ដុះបណ្ដាលប្រជាពលរដ្ឋទាំងជំនាញវិជ្ជាជីវៈ ការអប់រំប្រជាពលរដ្ឋឱ្យចៀសផុតពីការប្រើអំពើហិង្សាក្នុងគ្រួសារ និងផ្ដល់ការគាំទ្រដល់កុមារ លើកកម្ពស់សិទ្ធិកុមារជាដើម។ ក្មេងៗឱ្យតែឮថា អង្គការភ្លែនពួកគាត់ដឹងតែសប្បាយចិត្ដ និងចូលរួមការងារគ្រប់បែបយ៉ាងដែលអង្គការនេះចុះមកធ្វើនៅសហគមន៍យើងព្រោះពួកគាត់ដឹងថាអង្គការនេះបានជួយដល់ពួកគាត់»។
អ្នកស្រីបានឱ្យដឹងថា ប្រជាពលរដ្ឋនៅសហគមន៍អ្នកស្រីបច្ចុប្បន្នមានជីវភាពធូរធារ បានឱ្យកូនចូលរៀន និងមិនមានក្មេងៗបោះបង់ការសិក្សា ដូចកាលពីមុនទៀតទេ។
អ្នកស្រីក៏បានលើកឡើងផងដែរថា៖ «កាលពីមុនមកនៅសហគមន៍ ពលរដ្ឋមានការប្រើហិង្សាលើស្រ្ដី និងលើកុមារច្រើន ហើយកុមារ ក៏បោះបង់ការសិក្សាច្រើនដែរ ប៉ុន្ដែឥឡូវតាមរយៈអង្គការភ្លែន បានជំរុញ និងបណ្ដុះបណ្ដាលពលរដ្ឋឱ្យចេះគោរពសិទ្ធិស្រ្ដី និងកុមារ ធ្វើឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរឥរិយបថនិងផ្នត់គំនិតក្នុងគ្រួសារហើយបានចូលរួមជាមួយសហគមន៍»។
លោក កាំង វ៉ាន់ឌី មេឃុំ ចុងជាច ក្នុងស្រុកតំបែរ បានឱ្យដឹងដែរថា កាលពីជាង ១០ ឆ្នាំមុន ពលរដ្ឋដែលរស់នៅក្នុងខេត្ដត្បូងឃ្មុំ មានជីវភាពក្រីក្រច្រើន ប៉ុន្ដែឥឡូវពួកគាត់ មានជីវភាពប្រសើរឡើងច្រើន ទាំងផ្នែកសុខភាព និងការអប់រំ។
លោកបន្តថា៖ «អង្គការភ្លែនក៏បានជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋជាមួយអាជ្ញាធរមូលដ្ឋានធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងភូមិឃុំខ្ញុំមានការរីកចម្រើន។ ក្រៅពីនេះ អាជ្ញាធរឃុំ ក៏មានគម្រោងផ្តល់ជាពូជសត្វមាន់ ឱ្យពលរដ្ឋចិញ្ចឹម និងផ្ដល់ទុនដល់ប្រជាពលរដ្ឋដែលមានភាពក្រីក្រខ្លាំងផងដែរ»។
លោកមេឃុំ ក៏ទទួលស្គាល់ដែរថា រយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះជីវភាពប្រជាពលរដ្ឋមានការប្រែប្រួលច្រើន ដោយមានភាពរីកចម្រើនខ្លាំងជាងមុនដូច្នេះទើបអង្គការភ្លែន សម្រេចបិទគម្រោងកម្មវិធីនានាក្នុងខេត្ដត្បូងឃ្មុំ។
ក្រៅពីជួយកសាងហេដ្ឋារចនាសម្ព័ន្ធ អគារសាលារៀន បណ្ណាល័យ អង្គការភ្លែនក៏បានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនបោះបង់ការសិក្សា ដូចជាជំនាញជាងជួសជុលឡាន ម៉ូតូ និងជំនាញដាំដុះដល់ប្រជាពលរដ្ឋផងដែរ។
លោក វ៉ាន់ឌី បញ្ជាក់ថា៖ «ប្រជាពលរដ្ឋនៅក្នុងឃុំខ្ញុំ ៩០ ភាគរយគឺប្រកបរបរកសិកម្ម ១០ ភាគរយទៀតជាអ្នកលក់ដូរ (ចាប់ហួយ)។ មានយុវជនតិចតួចប៉ុណ្ណោះ ដែលបានធ្វើចំណាកស្រុក ដោយពួកគាត់ បានប្រឡងជាប់ទៅធ្វើការងារនៅប្រទេសកូរ៉េ និងជប៉ុន និងមួយចំនួនទៅប្រទេសថៃ»។
លោកមេឃុំឱ្យដឹងថា នៅក្នុងឃុំរបស់លោក មានប្រជាពលរដ្ឋចំនួន ៤ ២២៥ គ្រួសារ និងមានប្រជាជនចំនួន ១៥ ៩៩៥ នាក់ មានសាលាបឋមសិក្សាចំនួន ៨ កន្លែង និងវិទ្យាល័យ ១កន្លែង។
លោក ម៉ៅ ឌុង នាយករដ្ឋបាលស្ដីទី ខេត្ដត្បូងឃ្មុំ ដែលបានចូលរួមបិទគម្រោងនេះ ក្នុងនាមតំណាងលោកអភិបាលខេត្ដកាលពីម្សិលមិញបានថ្លែងថា ក្នុងរយៈពេលជាង ១០ ឆ្នាំនេះ អង្គការភ្លែន បានសហការជាមួយអាជ្ញាធរខេត្ដ ជួយប្រជាពលរដ្ឋទៅលើវិស័យសំខាន់ៗមួយចំនួន ឱ្យមានភាពប្រសើរឡើង ដូចជាវិស័យ អប់រំ សុខភាព អនាម័យ និងទឹកស្អាតជាដើម។
លោកបន្ដថា៖ «នៅខេត្ដត្បូងឃ្មុំយើងកាលពីមុនមកយើងគិតថា ជាតំបន់មួយ ដែលមានស្រុកមួយចំនួនជាស្រុកដាច់ស្រយាល ដូច្នេះទើបកាលនោះ ការអប់រំ អនាម័យនៅមានការខ្វះចន្លោះ ប៉ុន្ដែពេលនេះ យើងឃើញថាក្រោយពីរាជរដ្ឋាភិបាល ដាក់ផែនការយុទ្ធសាស្រ្ដ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ រួមនឹងដៃគូអភិវឌ្ឍន៍ផ្សេងៗ ធ្វើឱ្យខេត្ដត្បូងឃ្មុំ ដែលជាខេត្ដទើបតែបង្កើតថ្មីនេះមានការរីកចម្រើន ពិសេសហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យរបស់ខេត្ដ ឥឡូវនេះលែងមានតំបន់ណាដាច់ស្រយាលទៀតហើយ គឺជាតំបន់អភិវឌ្ឍន៍ទាំងអស់»៕