
មជ្ឈមណ្ឌលជម្លៀសសុវត្ថិភាពនៅខេត្តពោធិ៍សាត់ ត្រូវបានដាក់អោយដំណើរការនៅថ្ងៃនេះ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្ថានទូតជប៉ុន និងកម្មវិធីស្បៀងអាហារ ពិភពលោក (WFP) បានប្រគល់មជ្ឈមណ្ឌលជម្លៀសសុវត្ថិភាព ដែលទើបនឹងសាងសង់រួចចំនួន ៦ កន្លែង ដល់សហគមន៍មូលដ្ឋានខេត្តកំពង់ឆ្នាំង កំពង់ធំ និងពោធិ៍សាត់នៅថ្ងៃទី ២១ និង ២២ ខែឧសភានេះ។
សេចក្តីប្រកាសព័ត៌មានរួមនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្ថានទូតជប៉ុន និងកម្មវិធីស្បៀងអាហារពិភពលោកនៅថ្ងៃទី ២១ ខែឧសភា បានឲ្យដឹងថា ជាកិច្ចបញ្ចប់ការសាងសង់ មជ្ឈមណ្ឌលជម្លៀសសុវត្ថិភាពចំនួន ៦ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់នៅក្នុងសហគមន៍ងាយរងគ្រោះ ស្ថានទូតជប៉ុន និងកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ (WFP) បានសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ដើម្បីប្រគល់មជ្ឈមណ្ឌលទាំងនេះជាផ្លូវការ ជូនទៅកាន់សហគមន៍មូលដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំង កំពង់ធំ និងពោធិ៍សាត់ មុនពេលរដូវវស្សាចាប់ផ្តើម។
តាមសេចក្តីប្រកាសព័ត៌មាន មជ្ឈមណ្ឌលជម្លៀសសុវត្ថិភាពត្រូវបានសាងសង់ឡើង ស្របតាមបទដ្ឋានអន្តរជាតិ និងមានសាលធំទូលាយ ផ្ទះបាយ កន្លែងបោកខោអាវ បន្ទប់ស្តុកទំនិញ បន្ទប់ទឹក កន្លែងលាងដៃ ទីជម្រកសម្រាប់សត្វ និងទីវាលធំទូលាយ។
នៅតាមមជ្ឈមណ្ឌលនីមួយៗមានបំពាក់ទៅដោយប្រព័ន្ធផ្គត់ផ្គង់ទឹក (អណ្តូង អាងស្តុកទឹក និងធុងទឹក) ប្រព័ន្ធអគ្គិសនី (ម៉ាស៊ីនភ្លើង ប្រព័ន្ធថាមពលព្រះអាទិត្យ) និងប្រព័ន្ធការពាររន្ទះ។
សេចក្តីប្រកាសបញ្ជាក់ថា៖ «មជ្ឈមណ្ឌលជម្លៀសទាំងនេះអាចដាក់មនុស្សបានពី ២ ០០០ ទៅ ៣ ០០០ នាក់ ហើយនេះគឺជាការបង្ហាញនូវការប្តេជ្ញា និងយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់ជប៉ុន ដែលមានជាយូរមកហើយចំពោះប្រជាជនកម្ពុជា»។
មជ្ឈមណ្ឌលទាំងនេះមានមុខងារចំនួនពីរគឺ សម្រាប់ជម្លៀសប្រជាជន ទៅកាន់ទីសុវត្ថិភាពក្នុងករណីមានព្យុះ និងទឹកជំនន់ក្នុងរដូវវស្សា និងជាទីកន្លែងប្រើប្រាស់ទូទៅក្នុងគោលបំណងចម្រុះ។ ថ្មីៗនេះមជ្ឈមណ្ឌលនេះត្រូវបានប្រើប្រាស់ជាកន្លែងចាក់វ៉ាក់សាំងការពារកូវីដ ១៩ និងជាមណ្ឌលចត្តាឡីស័កផងដែរ ។
លោក Karimata Atsushi រដ្ឋមន្ត្រី និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាល និងប្រជាជនជប៉ុនមានមោទនភាពក្នុងការចូលរួមចំណែកកសាងភាពធន់ និងរឹងមាំរបស់សហគមន៍មូលដ្ឋាន ដើម្បីទប់ទល់ជាមួយគ្រោះមហន្តរាយធម្មជាតិ។
លោកថ្លែងថា៖ «តាមរយៈជំនួយមនុស្សធម៌នេះ យើងខ្ញុំនៅជិតជាមួយនឹងប្រជាជនកម្ពុជា នៅពេលពួកគាត់ឆ្លងកាត់ស្ថានភាពលំបាក។ យើងខ្ញុំសង្ឃឹមថា គម្រោងនេះនឹងពង្រឹងបន្ថែមនូវទំនាក់ទំនង មិត្តភាពរវាងប្រទេសទាំងពីរ»។
តំណាងរបស់កម្មវិធីស្បៀងអាហារពិភពលោក លោកស្រី Claire CONAN បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់នូវជំនួយដែលមិនអាចកាត់ថ្លៃបាននេះ។
លោកស្រីថ្លែងថា៖ «តាមរយៈជំនួយសប្បុរសនេះ កម្មវិធីស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសាងសង់ និងបំពាក់ប្រព័ន្ធសម្រាប់មជ្ឈមណ្ឌល ជម្លៀសសុវត្ថិភាពទាំង ៦ នេះ ដើម្បីការពារប្រជាជនក្នុងពេលមានទឹកជំនន់ និងគ្រោះ ធម្មជាតិនានា និងជាទីកន្លែងបម្រើផលប្រយោជន៍ចម្រុះសម្រាប់សហគមន៍» ។
លោក ស្រី ណាល់ ជាមេឃុំ និងជាតំណាងសហគមន៍ម្នាក់ដែលត្រូវបានស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មាននេះបានថ្លែងថា លោកស្រីនឹងថែរក្សាមជ្ឈមណ្ឌល និងបរិក្ខារទាំងនេះឱ្យបានល្អ ដើម្បីទុកសម្រាប់ប្រជាពលរដ្ឋជ្រកកោននៅក្នុងគ្រាលំបាក។
សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០១៩ រដ្ឋាភិបាលជប៉ុនបានចូលរួមវិភាគទានចំនួន ២,៧ លានដុល្លារអាមេរិកដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីលើកកម្ពស់ភាពធន់ និងរឹងមាំរបស់សហគមន៍នៅកម្ពុជាក្នុងការប្រឈមជាមួយវិបត្តិនានា និងកសាងសមត្ថភាពស្ថាប័ន សម្រាប់ការត្រៀមលក្ខណៈទប់ទល់ជាមួយគ្រោះអាសន្ន។
ជំនួយគាំទ្រនេះបានបង្កើតនូវសមិទ្ធផលចំនួនបីគឺ ទី១ ការសាងសង់មជ្ឈមណ្ឌលជម្លៀសសុវត្ថិភាព ចំនួន ៦ កន្លែងនៅក្នុងខេត្តចំនួន ៣ ដែលងាយរងគ្រោះដោយទឹកជំនន់ ទី២ ការពង្រឹងផែនការ គ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគមន៍ និង ទី៣ ការលើកកម្ពស់ការចាត់វិធានការទាន់ពេលវេលាតាមរយៈប្រព័ន្ធប្រកាសអាសន្នជាមុន៕