ភ្នំពេញ: មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នៃ​ក្រសួង​សុខាភិបាល​កាលពី​ម្សិលមិញ​បាន​បង្ហាញ​នូវ​ក្ដីបារម្ភ​យ៉ាងខ្លាំង​អំពី​ការធ្លាក់ចុះ​យ៉ាងគំហុក​នូវ​ចំនួន​អ្នកស្ម័គ្រចិត្ត​ផ្ដល់​ឈាម​នៅក្នុង​រយៈពេល​ ៦ ​ខែ​ដើម​ឆ្នាំ​ ២០២០ ដែល​ទទួលបាន​ត្រឹមតែ​ ៦ ​ពាន់​ប្លោក ប្រមាណ​ជា​ ១១ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ទទួលបាន​ចំនួន ៧ ​ម៉ឺន​ប្លោក​។ យោងតាម​លោក សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ដែល​បាន​ថ្លែង​កាលពី​ម្សិលមិញ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​ការផ្ដល់​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​» ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។

លោក ប៉ូ បាន​ថ្លែង​ទៀតថា​គិត​ត្រឹម ៦ ខែ​ដំបូង​ដើមឆ្នាំ ២០២០ ​នេះ​អត្រា​ការបរិច្ចាគ​ឈាម​បាន​ធ្លាក់ចុះ​ប្រមាណ ១១ ភាគរយ នៅពេល​ដែល​តម្រូវការ​ប្រើប្រាស់​បាន​កើនឡើង​ពី​ ១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ​ប្រមាណ ១ ​ម៉ឺន​ប្លោក​។ ខណៈពេល​ដែល​តម្រូវកា​រ​ឈាម​នៅ​កម្ពុជា​នៅ​ខ្វះចន្លោះ​ពី​ ២០ ទៅ​ ៣០ ​ភាគរយ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ដែល​កំពុង​ត្រូវការ​ឈាម​ជា​ចាំបាច់​។

លោក ប៉ូ ថ្លែងថា​៖ «​ដើម្បី​កុំ​ឲ្យ​មាន​ក្ដីកង្វល់​ពី​ការខ្វះខាត​ឈាម និង​ទប់ស្កាត់​ការលក់ដូរ​ឈាម​ដែល​សប្បុរសជន​បាន​បរិច្ចាគ​នេះ ទាល់តែ​មាន​អត្រា​អ្នកស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​កើន​លើសពី​ ៨០ ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប ពោលគឺ​បើ​មាន​អ្នកបរិច្ចាគឈាម​រហូត​ដល់ ៨០ ភាគរយ​គឺ​កម្ពុជា​នឹង​មិនមាន​ក្ដីកង្វល់​ខ្វះ​ឈាម​ទៀត​ទេ​។ ចំពោះ​សព្វថ្ងៃនេះ​កម្ពុជា​នៅ​ខ្វះ​ឈាម​ប្រមាណ​ចន្លោះ​ពី ២០ ទៅ​ ៣០ ​ភាគរយ​ក្នុង​មួយឆ្នាំ​»​។

លោក ប៉ូ បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​យើង​មាន​ក្ដីបារម្ភ​ច្រើន​ជុំវិញ​ការខ្វះ​ឈាម​នេះ​។ មូលហេតុ​ដែល​មិនសូវមាន​អ្នកស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​នេះ គឺ​ពលរដ្ឋ​ខ្មែរ​យើង​នៅ​មិនទាន់​យល់​ពី​សារៈសំខាន់​នៃ​ការបរិច្ចាគ​ឈាម ហើយ​យើង​ក៏​មិនទាន់​បាន​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដែរ​។ ម្យ៉ាងទៀត ពួកគាត់​នៅ​សង្ស័យថា ការបរិច្ចាគ​ឈាម​ធ្វើឲ្យ​ខូច​សុខភាព​។ ករណី​ទាំងអស់​នេះ ខ្ញុំ​សូមបញ្ជាក់​ថា ការបរិច្ចាគ​ឈាម​មិនមាន​បញ្ហា​សុខភាព​ទេ ហើយ​ថែមទាំង​ជួយ​សុខភាព​យើង​ឲ្យ​ល្អ​ទៅវិញ ហើយ​យើង​នឹង​ធ្វើការ​ផ្សព្វផ្សាយ​បន្ថែមទៀត​ពី​គុណសម្បត្តិ​នៃ​ការបរិច្ចាគ​ឈាម​»​។

លោក ហុក គឹមចេង អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​កាលពី​ម្សិលមិញ​ដែរ​ថា ការស្ម័គ្រចិត្ត​ចូលរួម​បរិច្ឆាគ​ឈាម​នេះ​នៅមានកម្រិត​ទាប​នៅឡើយ ដោយ​ក្នុងនាម​មន្ត្រី​ជំនាញ និង​ក្នុងនាម​ក្រសួង​សុខាភិបាល​នៅតែ​ជំរុញ​ឲ្យ​មានការ​ចូលរួម​បរិច្ចាគ​ឈាម​ឲ្យ​បាន​ផុសផុល​ថែមទៀត ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ដែល​កំពុង​ខ្វះខាត​ឈាម​ជាច្រើន​នាក់​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ការផ្គត់ផ្គង់​ឈាម​ឲ្យ​បាន​គ្រប់គ្រាន់​ទៅដល់​អ្នកជំងឺ និង​គ្រួសារ​អ្នកជំងឺ​ដែល​កំពុង​ត្រូវការ​ឈាម​នេះ គឺជា​គោលនយោបាយ​ចាំបាច់​មួយ ដើម្បី​ផ្ដល់​ទំនុកចិត្ត​សប្បុរសជន​ក៏​ដូចជា​ជំរុញ​លើក​ទឹកចិត្ត​ដល់​សាធារណជន​ឲ្យ​ចូលរួម​ក្នុងការ​បរិច្ចាគ​ឈាម​កាន់តែ​ច្រើនឡើង​ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​ការបរិច្ចាគ​ឈាម​គឺជា​អំពើ​សប្បុរសធម៌​មួយ និង​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជនរងគ្រោះ​នៅតាម​មន្ទីរពេទ្យ​នានា​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ តែ​តាមរយៈ​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា វា​ក៏​អាចមាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​អ្នកផ្តល់​ឈាម​ដែរ ពោល​គឺ​ការផ្ដល់​ឈាម​អាច​កាត់បន្ថយ​ការកកើត​កោសិកា​ជំងឺមហារីក និង​កាត់បន្ថយ​ហានិភ័យ​នានា​ចំពោះ​សុខភាព​យើង​»​។

លោក ពេជ្រ ចិន្ដា ជា​បុគ្គលិក​អង្គការ​មួយ​នៅ​រាជធានី​ភ្នំពេញ​ដែល​ធ្លាប់​បរិច្ចាគ​ឈាម​ចំនួន ៣ ​លើក​មកហើយ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការបរិច្ចាគ​ឈាម គឺជា​មធ្យោបាយ​ដ៏មាន​សុវត្ថិភាព និង​ងាយស្រួល​មួយ​ដែល​អាច​ឲ្យ​គ្រប់គ្នា​ធ្វើបាន​សម្រាប់​ជួយ​ដល់​សហគមន៍​នៅពេល​ដែលមាន​តម្រូវការ​ជា​ចាំបាច់​។ រាល់​តំណក់ឈាម​នីមួយៗ​គឺ​សុទ្ធតែជា​ក្តីសង្ឃឹម​របស់​ជនរងគ្រោះ​នៅក្នុង​មន្ទីរពេទ្យ​។

លោក​ថា​៖ «​ពេល​ដឹងថា អង្គការ​របស់ខ្ញុំ​រៀបចំ​កម្មវិធី​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ខ្ញុំ​បាន​ចុះឈ្មោះ​ភ្លាម ព្រោះ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុងតែ​បាន​ជួយ​ជីវិត​មនុស្ស​ម្នាក់​។ ខ្ញុំ​មាន​មោទនភាព​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​អ្នក​ជួយ​ជនរងគ្រោះ ព្រោះ​ការបរិច្ចាគ​ឈាម គឺ​ប្រៀប​ដូចជា​ការផ្ដល់​ជីវិត​មួយ ដូច្នេះ​សូមកុំ​មាន​ការស្ទាក់ស្ទើរ​នៅក្នុង​ការចូលរួម​»៕