ភ្នំពេញៈ ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (​ម.ស.ម.ក) ​បានចេញ​ផ្សាយ​របាយការណ៍​សង្ខេប​ស្តីពី​ធុរកិច្ច និង​សិទ្ធិមនុស្ស​មាន​ចំណងជើង​ថា ​“​គណនេយ្យភាព​សាជីវកម្ម​ចំពោះ​ការរំលោភ​សិទ្ធិ​បំពាន​លើ​សិទ្ធិ​ដីធ្លី​” ​ដោយ​បង្ហាញ​ពី​ការប្រឈម​ក្នុង​ការបញ្ចុះបញ្ចូល​ក្រុមហ៊ុន​សាជីវកម្ម​​ឱ្យ​ធានា​បាន​នូវ​គណនេយ្យភាព​ចំពោះ​ផលប៉ះពាល់​លើ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ស្រប​ពេល​ដែល​រដ្ឋាភិបាល​មាន​ជំហរ​ដោះស្រាយ​តាមផ្លូវ​តុលាការ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ម.ស.ម.ក ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​ឱ្យដឹងថា របាយការណ៍​នេះ​បាន​ពិនិត្យ​លើ​យន្តការ​ដែល​មាន​ស្រាប់​ផ្សេងៗ​គ្នា សម្រាប់​អ្នក​ដែល​ប្រឈម​នឹង​ការរំលោភបំពាន​លើ​សិទ្ធិ​ដីធ្លី​នៅក្នុង​ប្រទេស និង​វិធីសាស្ត្រ​មួយចំនួន​ដែល​សហគមន៍​បាន​ប្រើប្រាស់ ដើម្បី​ទទួល​បាន​ដំណោះស្រាយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្តថា កំណត់ត្រា​សង្ខេប​នេះ​បាន​វិភាគ​ទៅលើ​ទំនាស់​ដីធ្លី​ចំនួន​ ៤ ​ករណី គឺ​ទំនាស់​ដីធ្លី​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​សហគមន៍​ជនជាតិដើម​ភាគតិច និង​ក្រុមហ៊ុន​ចម្ការកៅស៊ូ សុកហ្វីន ខេ.ស៊ី.ឌី នៅ​មណ្ឌលគិរី​,​ទំនាស់​ដីធ្លី​ពាក់ព័ន្ធ​ជាមួយ​នឹង​អ្នកភូមិ និង​ក្រុមហ៊ុន​ស្ករមីតធ័រភូល នៅ​ខេត្ត​ឧត្តរមានជ័យ​,​ទំនាស់​ដីធ្លី​ពាក់ព័ន្ធ​នឹង​អ្នកភូមិ​ជាមួយ​ក្រុមហ៊ុន​ អឹម.ឌី.អេស នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស អឹម.ឌី.អេស ថ្មដា នៅក្នុង​ខេត្ត​ពោធិ៍សាត់ និង​ចុងក្រោយ គឺ​ទំនាស់​ដីធ្លី​រវាង​អ្នកភូមិ និង​ក្រុមហ៊ុន​ឧស្សាហកម្ម​ស្ករ​កោះកុង ខូអែល ធី ឌី និង​ក្រុមហ៊ុន​ចម្ការ​កោះកុង​ខូអែលធីឌី នៅ​ខេត្ត​កោះកុង​ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង​ ១ ៨០០ ​គ្រួសារ​។

ជាមួយ​នេះ​ក៏​ពិនិត្យមើល​យន្តការ​ផ្សេងៗ​ដែលមាន​សម្រាប់​អ្នក​ប្រឈម​នឹង​ការរំលោភ​សិទ្ធិដីធ្លី និង​វិធីសាស្ត្រ​ដែល​សហគមន៍​ប្រើប្រាស់ ដើម្បី​ទទួល​បាន​ដំណោះស្រាយ​ផងដែរ​។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ពន្យល់​ថា ការរំលោភ​បំពាន​លើ​សិទ្ធិ​ដីធ្លី​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ គឺជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​សិទ្ធិ​មនុស្ស​នានា​ដែល​កើតឡើង​ជា​ញឹកញប់​ក្នុង​យុគសម័យ​ទំនើប​នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​។

បើតាម ម.ស.ម.ក ផ្នែក​មួយចំនួន​ដ៏សំខាន់​នៃ​បញ្ហា​នេះ​​គឺជា​ការលំបាក​ក្នុង​ការបញ្ចុះបញ្ចូល​ក្រុមហ៊ុន​នានា​ឱ្យ​ធានា​បាន​នូវ​គណនេយ្យភាព​ចំពោះ​ផលប៉ះពាល់​លើ​សិទ្ធិមនុស្ស​របស់ខ្លួន​។ ធុរកិច្ច​នៅ​ទូទាំង​សកលលោក​គឺមាន​ផលប៉ះពាល់​ដោយផ្ទាល់​ ឬ​ដោយ​ប្រយោល​ចំពោះ​សិទ្ធិមនុស្ស​ស្ទើរតែ​ទាំងអស់​។ ​ជាក់ស្តែង​បញ្ហា​ទំនាស់​ដីធ្លី ក្រុមហ៊ុន​តែង​ត្រូវបាន​ចោទប្រកាន់​អំពី​ការរឹបអូស​យក​ដីធ្លី ការបណ្តេញចេញ​ដោយ​ង្ខំ និង​ការមិន​គោរព​សិទ្ធិ​ដីធ្លី របស់​ជនជាតិ​ដើម​ភាគតិច​។

កំណត់ត្រា​សង្ខេប​នេះ​ក៏​កំណត់​នូវ​ការព្រួយបារម្ភ​មួយចំនួន​ផងដែរ ដែល​រារាំង​ដល់​ការសម្រេច​បាន​នូវ​គណនេយ្យភាព​របស់​សាជីវកម្ម​នៅ​កម្ពុជា និង​លើក​ឡើងជា​អនុសាសន៍​​ចំនួន​ ២៦ សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមហ៊ុន​នានា និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​កាត់បន្ថយ​ និង​ដោះស្រាយ​ក្ដីបារម្ភ​នេះ ដើម្បី​លើកកម្ពស់​យុត្តិធម៌ តម្លាភាព ការពារ និង​ដំណើរការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក វណ្ណ សុផាត អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច​ ​និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ឱ្យដឹង​​ថា​នេះ គឺជា​របាយការណ៍​បច្ចុប្បន្នភាព និង​លើក​ទី​ ២ បន្ទាប់ពី​បាន​ធ្វើ​រួចហើយ​កាលពី​ក្នុង​ឆ្នាំ ២០១៨​។ ​សម្រាប់​របាយការណ៍​ពេលនេះ បាន​រំលេច​អំពី​គណនេយ្យភាព​ការពាក់ព័ន្ធ​នឹង​អាជីវកម្ម​ដែល​មាន​ការរំលោភ​លើ​សិទ្ធិ​ដីធ្លី​របស់​ពលរដ្ឋ​ពី​សំណាក់​ក្រុមហ៊ុន​។

លោក​ថ្លែងថា​៖ «​របាយករណ៍​កំណត់ត្រា​សង្ខេប​នេះ​ត្រូវ​បាន​សិក្សា និង​ស្រាវជ្រាវ ប្រកប​ដោយ​ភាពត្រឹមត្រូវ និង​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដែល​បាន​ពិភាក្សា​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ​របាយការណ៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​បញ្ជូន​ទៅ​ក្រុមហ៊ុន និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​ជូន​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​»​។

លោក ផៃ ស៊ី ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ឱ្យដឹងថា ជំហរ​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​នេះ​មិន​ថា ក្រុមហ៊ុន ឬ​បុគ្គល​នោះ​ទេ ត្រូវ​ដោះស្រាយ​នៅ​តុលាការ និង​ជា​សិទ្ធិ​សម្រេច​របស់​ចៅក្រម ហើយ​អ្នក​ដែល​រំលោភ​លើដី​ធ្លី​ជា​ពលរដ្ឋ​ ឬ​ក៏​ក្រុមហ៊ុន​ត្រូវ​តែ​ប្រឈម​ចំពោះមុខ​ច្បាប់​។ សាមីជន​នៅក្នុង​ការដោះស្រាយ​រឿងនេះ​បាន​មាន​តែ​នីតិវិធី​តុលាការ​ទេ ខណៈ​បើ​យក​បញ្ហា​នេះ ជា​ករណី​នយោបាយ​គឺ​មិនអាច​ដោះស្រាយ​បានទេ​។

លោក ផៃ ស៊ីផាន បានស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​នឹង​ជម្លោះ​នេះ​ត្រូវ​ស្វែងរក​ការវិនិច្ឆ័យ ដើម្បី​ទទួល​បាន​នូវ​ភាពយុត្តិធម៌ ចំពោះ​ភាគី​ដែល​ត្រូវបាន​គេ​រំលោភ​យក​ដីធ្លី ព្រោះថា ករណី​នេះ​មិនមែន​ជា​រឿង​សិទ្ធិមនុស្ស​ទេ​ ព្រោះ​ជា​រឿង​ខុសច្បាប់​ចំពោះ​ការរំលោភ​លើដី​របស់គេ​។

លោក​បញ្ជាក់ថា​៖ «​អ្នក​ដែល​ដើរតួ​រឿង​សិទ្ធិមនុស្ស​ហ្នឹង គួរតែ​ពិនិត្យ​មើល​អង្គ​ហេតុ ឱ្យ​បាន​ច្បាស់​ថា តើ​អ្នកណា​រំលោភ​អ្នកណា បើ​យើង​និយាយ​ពាក់កណ្តាល​រឿង​សម្រាប់​​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ហើយ​ចាត់ទុក​ថា​ជា​ការរំលោភ​លើ​សិទ្ធិមនុស្ស​វា​មិនជា​ការដោះស្រាយ​សិទ្ធិមនុស្ស​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ​គឺជា​បំណង​ក្នុង​ការវាយប្រហារ​ដល់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ទៅវិញ​»៕