មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយក្រសួង អប់រំ យុវជននិងកីឡា ប្រកាសចែកសៀវភៅជូនដល់សារធាណជនដោយឥតគិតថ្លៃ ដែលសៀវភៅនេះ និយាយពីរបបប្រល័យពូជសាសន៍ និង ការសម្លាប់រង្គាល ក្នុងគោលបំណងដើម្បីឲ្យសាធារណជន ទទួលបានចំណេះដឹងអំពីការសម្លាប់ដ៏រង្គាលនាសម័យនោះ។
សេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ចេញផ្សាយនៅថ្ងៃសុក្រ ទី៨ វិច្ឆិកានេះ បានឲ្យដឹងថា សៀវភៅនេះ មានចំណង់ជើង «អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល ក្នុងប្រវត្តិសាស្ត្រពិភពលោក៖ ទិដ្ឋភាពទូទៅនៅក្នុងថ្នាក់រៀនកម្ពុជា» ដែលនឹងត្រូវចែកជូនដោយឥតគិតថ្លៃនៅថ្ងៃទី ២២ វិច្ឆិកា ចាប់ពីម៉ោង ៨ ព្រឹក នៅវិទ្យាល័យ ឥន្ទ្រទេវី ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានដដែលនោះ បានបន្តថា សៀវភៅនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់ លោកគ្រូ-អ្នកគ្រូ ក្នុងការរៀបចំគម្រោងមេរៀន ដែលលើកឡើងអំពីការសម្លាប់រង្គាលនៅក្នុងប្រវត្តិសាស្ត្រ។ សៀវភៅខាងលើក៏ រួមបញ្ចូលនូវករណីសិក្សាចំនួន ៥ នៅលើពិភពលោក ដែលកើតឡើងស្រដៀងគ្នានឹងរបបប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅកម្ពុជាផងដែរ។
មជ្ឈមណ្ឌលឯកសារកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីប្រកាសនោះថា ថ្វីត្បិតតែករណីសិក្សាទាំង ៥ មានវិធីសាស្ត្រផ្សេងៗគ្នាក្នុងការពន្យល់បកស្រាយអំពីប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍ ករណីសិក្សាទាំងនេះសុទ្ធសឹងតែជំរុញឲ្យមានការឆ្លុះបញ្ចាំង ការប្រៀបធៀប និងការពិភាក្សាវែកញែក។
មជ្ឈមណ្ឌលឯកសារកម្ពុជា បានបញ្ជាក់ថាបន្តថា៖ «ជំពូកនីមួយៗ ចាប់ផ្តើមឡើងដោយ មេរៀនសង្ខេប ដែលមាននាទីជាបរិក្ខាជំនួយដល់លោកគ្រូ-អ្នកគ្រូ ដើម្បីជាឯកសារយោងសម្រាប់អំណាន សំណួរ-ចម្លើយ និងការពិភាក្សា។ ជំពូកនីមួយៗ ក៏បានរួមបញ្ចូលព័ត៌មានស៊ីជម្រៅ គឺ “មេរៀនលម្អិត” ដែលលោកគ្រូ-អ្នកគ្រូ អាចសិក្សាតាមរយៈសំណួរនិងប្រធានបទផ្សេងៗ ដោយសកម្មភាពនេះទាមទារនូវព័ត៌មាននិងពេលវេលាច្រើនសម្រាប់ធ្វើការពិភាក្សា»។
លោក ឆាំង យុ មជ្ឈមណ្ឌលឯកសារកម្ពុជា ជឿជាក់ថា សៀវភៅនេះនឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការវិវត្តខ្លួនចេញពីសង្គមមួយដែលត្រូវបានយាយីដោយការសម្លាប់រង្គាល ឲ្យប្រែទៅជាសង្គមមួយដែលមានភាពអង់អាចក្នុងការតទល់ជាមួយអតីតកាលរបស់ខ្លួន ព្រមទាំងធ្វើជាគំរូដល់ប្រទេសដទៃទៀតនាពេលអនាគត។
លោក ឆាំង យុ បានលើកឡើងថា៖ «ប្រទេសកម្ពុជាមិនអាចគេចវេសពីប្រវត្តិសាស្ត្ររបស់ខ្លួនទេ ក៏ប៉ុន្តែប្រទេសកម្ពុជាមិនត្រូវស្ថិតនៅជាទាសករនៃប្រវត្តិសាស្ត្ររបស់ខ្លួនឯងនោះឡើយ»។
របបខ្មែរក្រហមបានផុតរលត់ទៅអស់រយៈពេល ៤០ ឆ្នាំមកហើយ ចាប់តាំងពីពេលនៃការដួលរលំនៃរបបនេះ តម្រូវការក្នុងការអប់រំ និងធនធានសម្រាប់បង្រៀនអំពីការសម្លាប់រង្គាលនានា គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះសន្តិសុខសហគមន៍ជាតិ និងសកលលោក។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅក្នុងអារម្ភកថា ក្នុងសៀវភៅនោះថា «ថ្វីត្បិតការអប់រំពុំអាចជាឱសថព្យាបាលរាល់អំពើអមនុស្សធម៌ទាំងអស់បានយ៉ាងណាក៏ដោយ ក៏ប៉ុន្តែការអប់រំគឺជាកត្តាគន្លឹះដ៏សំខាន់មួយ ដែលជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកសាងពិភពលោកដ៏ប្រសើរមួយសម្រាប់អនាគតមនុស្សជំនាន់ក្រោយ»។
តាមមជ្ឈមណ្ឌលឯកសារកម្ពុជា សៀវភៅ "អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល ក្នុងប្រវត្តិសាស្ត្រពិភពលោក បោះពុម្ភជាភាសាខ្មែរ និងធ្វើការចែកជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សាធារណជនទូទៅប្រមាណ ៥០០ ក្បាល៕