កណ្តាលៈ មណ្ឌល​ថែ​ទាំនិង​ស្ដារ​នីតិ​សម្បទា​ ជន​មាន​វិបល្លាស​ស្មារតី​ ឬសតិ​មិន​ប្រក្រតី ​ដំបូង​គេ​នៅ​កម្ពុជា​ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ក្នុង​ខែមិថុនា​នេះ​ ដោយ​គម្រោង​ជំហាន​ដំបូង​នឹង​ទទួល​ជន​រង​គ្រោះ​ដែល​មាន​ស្មារតី​មិនប្រក្រ​តីប្រ​មាណ​ ៦០ ​នាក់ ​ពី​មណ្ឌល​ព្រៃ​ស្ពឺ ​មក​ស្នាក់​នៅ ​និង​ទទួល​សេវា​ថែទាំ​ដោយ​មិន​គិត​កម្រៃ។

នេះ​បើ​តាម​ការ​បញ្ជាក់​ របស់​លោក​ វង សូត ​រដ្ឋ​មន្រ្តី​ក្រសួង​សង្គម​កិច្ច ​អតីត​យុទ្ធ​ជន ​និង​យុវនី​តិសម្ប​ទា ​ពេល​ចុះ​ពិនិត្យ​ស្ថាន​ភាព​សាង​សង់​មណ្ឌល​ថែទាំ និង​ស្ដារ​នីតិ​សម្ប​ទា​ជន​មាន​វិបល្លាស​ស្មារតី​ នៅ​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

លោក ​វង សូត ថ្លែង​ថា​៖ «ទីតាំង​មណ្ឌល​ថែទាំ​ និង​ស្ដារ​នីតិ​សម្បទា​ជន​មាន​វិបល្លាស​ស្មារតី​នេះ ​បាន​សាង​សង់​ឡើង​លើ​ផ្ទៃ​ដី​ជាង​ ២​ ហិកតា​ ដោយ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ ​សំណង់​ អគារ បាន​សាងសង់​ជិត​ ១០០​ ភាគ​រយ​ហើយ​ ដោយ​រង់​ចាំ​ក្រសួង​សេដ្ឋកិច្ច​ដែល​ជាអ្នក​ផ្ដល់​ថវិកា​ចុះ​វាយត​ម្លៃ​ការសាង​សង់​ចុង​ក្រោយ ។ ​ក្នុង​ខែ​នេះ​នឹង​បើក​ឱ្យ​ដំណើរការ»។

លោក​ ឈួរ សុបញ្ញា​ ប្រធាន​នា​យក​ដ្ឋាន​សុខុ​មាល​ភាព​សង្គម ​នៃ​ក្រសួង​សង្គមកិច្ច ​អតីត​យុទ្ធជន ​និង​យុវនីតិ​សម្បទា ​បាន​បញ្ជាក់​ដែរថា ​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ជំហាន​ដំបូង​នេះ ​នឹង​មាន​ការ​ផ្ទេរ​ជន​មាន​ស្មារតី​មិន​ប្រក្រតី ​ប្រមាណ ៦០ ​នាក់​ មក​ពី​មណ្ឌល​សំចត​សង្គម​កិច្ច​រាជ​ធានី​ភ្នំពេញ​ (ព្រៃស្ពឺ) ​មក​ទី​តាំង​ថ្មី​នេះ។

លោក​បន្ដថា​៖ «ការ​ដាក់​ដំណើរការ​មណ្ឌល​ថែ​ទាំ ​និង​ស្ដារ​និតិសម្ប​ទា​ជន​មាន​វិបល្លាស​ស្មារតី​នេះ​ នឹង​មាន​ការ​បែង​ចែក​ច្បាស់លាស់​ទៅ​តាម​ប្រភេទ​ជន​រងគ្រោះ ​ដោយ​ជន​រង​គ្រោះ​ជា​ស្រ្តី​ ជន​រង​គ្រោះ​ជា​បុរស ​និង​ ជន​មាន​ស្មារតី​មិន​ប្រក្រ​តី​ធ្ងន់​ធ្ងរ​ឲ្យនៅ​ដាច់​ដោយ​ឡែក​ពីគ្នា​ និង​ទាម​ទារ​ឱ្យ​មាន​មន្រ្តី ​និង​បុគ្គ​លិក​ប្រចាំ​ការ​ ២៤ ម៉ោង​ ដើម្បី​ថែទាំ​និង​ផ្ដល់​សេវាកម្ម​ផ្សេងៗ»។

លោក ​សុបញ្ញា ឱ្យ​ដឹង​ថា ​មណ្ឌល​នេះ​ ពុំមែន​ជា​ទីឃុំឃាំង​នោះ​ទេ​ ប៉ុន្ដែ​មណ្ឌល​នេះ ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ប្រៀប​បាន​ ទៅ​នឹង​ផ្ទះ ​ដោយ​មាន​កន្លែង​ស្នាក់​នៅ ​កន្លែង​ព្យា​បាល​ កន្លែង​បរិភោគ​អាហារ ​កន្លែង​ហាត់​ប្រាណ​ជា​ដើម។​ ជា​ពិសេស​ ជន​រង​គ្រោះ ​នឹង​ទទួល​បាន​ភាព​ធូរ​ស្រាល ​មាន​ស្មារតី​ ជា​ប្រក្រតី​ធម្មតា​វិញ ​និង​ធ្វើ​ស​មា​ហរណ​កម្ម ​ទៅ​កាន់​សហគមន៍​វិញ ​ដោយ​ក្រសួង​នឹង​បន្ត​ការ​តាម​ដាន​ស្ថានភាព​របស់​ពួកគេ។

លោក​ តូច ចាន់នី​ អ្នក​នាំពាក្យ​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន ​និង​យុវ​នីតិ​សម្បទា​ ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ ម្សិលមិញ​ថា​ នៅ​សប្ដាហ៍​ក្រោយ​នេះ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ ​នឹង​ចុះ​ទៅ​ពិនិត្យ​អគារ ​និង​សំណង់។ ​ក្រោយ​​ពិនិត្យមើល​ហើយ ​នឹង​ធ្វើ​ពិធី​សម្ពោធ​ទើប​អាច​យក​ជន​រង​គ្រោះ​ចូល​នៅ​បាន។

លោក​បន្ដ​ថា​៖ «មិន​យូរ​ទេ ​គឺ​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ មិន​ឱ្យ​​ហួស​ខែ​មិថុនា​នេះ​ទេ​ នេះ​ជា​ផែន​ការដែល​រដ្ឋ​មន្រ្ដី​បាន​ដាក់»។

ទាក់​ទង​នឹង​ចំនួន​ជន​រងគ្រោះ​ដែល​មាន​ស្មារតី​មិន​ប្រក្រតី​សរុប​ទូទាំង​ប្រទេស​ លោក ​ចាន់នី ​មិន​ទាន់​អាច​ប្រាប់​បាន​ទេ ​ប៉ុន្ដែ​លោក​បញ្ជាក់ថា ​នៅ​ដំណាក់​កាល​ដំបូង ​ក្រសួង​នឹង​យក​ជន​រងគ្រោះ ​ដែល​មាន​ស្មារតី​មិន​ប្រក្រ​តី ប្រ​មាណ ​៦០ ​នាក់ ពី​មណ្ឌល​ព្រៃ​ស្ពឺ​មក​ស្នាក់​នៅ ​និង​ទទួល​សេវា​ថែ​ទាំ​សិន។​ បើ​ជំហាន​ដំបូង​នេះ​ ជោគ​ជ័យ​នឹង​បន្ដ​ទទួល​ជន​រង​គ្រោះ​ពី​តាម​បណ្ដា​ខេត្ដ​ថែម​ទៀត។

លោក​​បន្ត​ថា​៖ «ពេល​យើង​ដាក់​ដំណើរ​ការ​បាន​ដែល​អាច​គិត​ថា​ មាន​ស្ថាន​ភាព​ល្អ យើង​នឹង​ទទួល​យក​ជន​រងគ្រោះ​ពី​តាម​ខេត្ដមក​ថែទាំ​បន្ថែម​ទៀត​។ ការ​ទទួល​យក​ជន​រង​គ្រោះ​មក​ថែទាំនេះ គឺ​មិន​បាន​គិត​កម្រៃអ្វីពី​ពួក​គាត់​ទេ​ នេះ​ជា​គម្រោង​របស់​រាជ​រដ្ឋាភិបាល»។

លោក​ ចាន់នី ​បានឱ្យ​ដឹង​ដែរ​ថា ​ក្រោយ​ពេល​យក​ក្រុម​ជន​រងគ្រោះ​វិបល្លាស​ស្មារតី​ចេញនោះ​ គឺមណ្ឌល​ព្រៃស្ពឺ នឹង​ស្ថិត​នៅ​ជាកន្លែង​សម្រាប់​ជន​អនាថា​គ្មាន​កន្លែង​ស្នាក់​នៅ​រស់​នៅ​ដដែល។

លោក​បញ្ជាក់ថា​៖ «ព្រៃ​ស្ពឺ​នៅតែ​ជា​កន្លែង​សំចត​ដដែល​ទេ​ ព្រោះ​មណ្ឌល​ព្រៃ​ស្ពឺ​សព្វ​ថ្ងៃ​មិន​មែន​ជាកន្លែង​សម្រាប់​ឱ្យ​តែ​ជន​មាន​វិបល្លាស​ស្នាក់នៅ​ទេ។ ប៉ុន្ដែ​សព្វ​ថ្ងៃ​ ជនអនាថា ​អ្នក​ដែល​គ្មាន​ទីពឹង ​អ្នក​ដែល​ត្រាច់ចរ​គ្មាន​លំនៅ​ ពួកគាត់​ក៏​ស្នាក់​នៅ​ទីនោះ​ដែរ​។ អ៊ីចឹង​យើង​ដក​តែ​ជន​រងគ្រោះ​ដែល​មាន​វិបល្លាស​ចេញ​ប៉ុណ្ណោះ​ ចំណែក​មណ្ឌល​ព្រៃស្ពឺ​នៅ​ដំណើការ​ដដែល»។

លោក​ អំ សំអាត ​ប្រធាន​គ្រប់គ្រង​ផ្នែក​ស៊ើបអង្កេត ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ (LICADHO) លើក​ឡើងថា ​ទោះ​បី​មិន​ទាន់​ដឹង​ថា​កន្លែង​ថ្មី​សម្រាប់​ទទួល​ថែទាំ​ជន​រង​គ្រោះ ​ដោយ​មាន​វិបល្លាស​នេះ​យ៉ាង​ណា ​ប៉ុន្ដែ​បើ​មាន​កន្លែង​ថ្មី​ សម្រាប់​ទទួល​ពួកគាត់​ ដោយ​មាន​បែង​ចែក​ដាច់​ដោយ​ឡែក​បែបនេះ​ គឺ​ជារឿង​ល្អ​ដល់​ជន​រងគ្រោះ​ហើយ។

លោក​បន្ដថា​៖ «ប៉ុន្ដែ​ទាក់ទង​នឹង​អ្នកដែល​មាន​វិបល្លាស​ស្មារតី​នេះ ​គឺ​ត្រូវ​តែ​ទាម​ទារ​ឱ្យ​មាន​កន្លែង​សម្រាប់​ពួក​គាត់​មាន​លក្ខណៈ​ល្អ​ប្រសើរ។ ​អាច​ជួយ​សម្រួល​ដល់​ការ​រស់​នៅ​របស់​ពួកគាត់​ មាន​របប​អាហារ​ អ្នកថែទាំ ​និង​សេវា​ព្យាបាល​គ្រប់គ្រាន់ដល់​ពួកគាត់​ ទើប​ជាការល្អ​ប្រសើរ ។​​​ បើមាន​ការ​ខ្វះខាត​ចំណុច​ទាំង​នេះ ​បញ្ហា​នៅ​តែ​អាច​កើត​មាន​ដល់​ពួកគាត់»។ ​

លោក សំអាត​ មើលឃើញថា​ ប្រទេស​កម្ពុជា​កន្លង​មក​មិន​ទាន់​មាន​កន្លែង​ថែទាំ​ជន​ដែល​មាន វិបល្លាស នៅឡើយ​ទេ ដោយ​មាន​តែ​មណ្ឌល​ព្រៃស្ពឺ​មួយ ដែល​ជា​កន្លែង​មិន​ស័ក្តិសម​ដល់​ជន​រងគ្រោះ​ដោយ​វិបល្លាស​ស្នាក់នៅ និង​រង​ការរិះគន់​ជាបន្ដ​បន្ទាប់​ផង​ដែរ​។ ​ដូច្នេះ​មណ្ឌល​ថ្មីនេះ​ លោក​ទាម​ទារ​ឱ្យ​មាន​ការ​រៀបចំ​​បាន​ល្អ​ប្រសើរ​សម្រាប់​ជន​រងគ្រោះ​៕​