ភ្នំពេញៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំយុវជននិងកីឡា និងអង្គការយូណេស្កូនឹងប្រកាសឱ្យដំណើរការនូវមណ្ឌលសិក្សានៃវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមប្រព័ន្ធអ៊ីនធឺណិត (Basic Education Equivalency Program (BEEP) ចំនួន ៣ ទីតាំងទៀតនៅភ្នំពេញនាថ្ងៃ ២ ឧសភា ស្អែកនេះ បន្ទាប់ពីមណ្ឌលទី១ ដែលសម្ពោធកាលពីខែកុម្ភៈមានសិស្សចុះឈ្មោះរៀនច្រើន។
តាមសេចក្ដីប្រកាសព័ត៌មានរបស់អន្តរស្ថាប័នខាងលើបានឱ្យដឹងថាមណ្ឌលទាំង ៣ ទីតាំងថ្មីនោះរួមមានទី១ នៅវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្ដន៍ (NIEI) ទី២ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រ (NIB) និងទី៣ នៅសាលាមធ្យមសិក្សាបច្ចេកទេស JVC។
សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមប្រព័ន្ធអ៊ីនធឺណិតនេះ គឺជាការផ្ដួចផ្ដើមរួមគ្នារវាងអន្តរស្ថាប័នខាងលើ ដើម្បីផ្ដល់ការអប់រំមានភាពបត់បែនដល់យុវជនដែលបោះបង់ការសិក្សាក្នុងបំណងឱ្យពួកគេអាចបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋានស្មើនឹងថ្នាក់ទី ៩។
សេចក្ដីប្រកាសបានបញ្ជាក់ថា៖ «កម្មវិធីអប់រំនេះនឹងជួយយុវជនកម្ពុជាឱ្យបន្តការសិក្សារបស់ពួកគេ ស្របពេលពួកគេកំពុងបំពេញការងារផ្ទាល់ខ្លួន។ ជួយឱ្យពួកគេមានចំណេះដឹង និងជំនាញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងបំណិនជីវិត»។
បើតាមសេចក្ដីប្រកាសព័ត៌មាននេះ គិតត្រឹមរយៈពេល ២ ខែ ក្រោយពីមណ្ឌលសិក្សាទី១ នៅរាជធានីភ្នំពេញត្រូវបានដាក់ឱ្យដំណើរការកាលពីខែកុម្ភៈ គឺមានសិស្សចំនួន ៧៣៤ នាក់ មកពីទីកន្លែងផ្សេងគ្នាបានចុះឈ្មោះសិក្សាតាមប្រព័ន្ធអនឡាញ (សិស្សស្រី ២៥ ភាគរយ) ខណៈសិស្សដែលកំពុងសិក្សានៅ ៤ មណ្ឌលមាន ៦០ នាក់។
ដោយឡែកក្រសួងការងារបានបញ្ជាក់ថា មណ្ឌលសិក្សាចំនួន ៥ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារគឺបានរៀបចំរួចរាល់ហើយសម្រាប់ដំណើរការបណ្ដុះបណ្ដាលនិងកំពុងផ្សព្វផ្សាយដល់ក្រុមគោលដៅដើម្បីមកចុះឈ្មោះចូលរៀន។ បច្ចុប្បន្នសិស្សដែលកំពុងសិក្សាក្នុងមណ្ឌលនៃក្រសួងការងារនេះ មាន ៣២ នាក់ (ស្រី ១០ នាក់) (គិតត្រឹមថ្ងៃទី ២៩ ខែមេសា ឆ្នាំនេះ) និងបន្ដមានសិស្សចូលរៀនបន្ថែមទៀតក្រោយពីការសម្ពោធ។
បើតាមគម្រោង កម្មវិធីសិក្សានេះនឹងត្រូវដាក់ឱ្យដំណើរការនៅក្នុង ១០ មណ្ឌលសិក្សា ៥ មណ្ឌលនៅរាជធានីភ្នំពេញនិង ៥ ទៀតនៅខេត្ដសៀមរាប)។
ចំណែកការចុះឈ្មោះសិក្សាតាមរយៈកម្មវិធីនេះនឹងត្រូវផ្ដល់ជូនសេវាអ៊ីនធឺណិតដោយឥតគិតថ្លៃពីក្រុមហ៊ុន Smart Axiata ស្របតាមតម្រូវការសិស្ស។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល សិស្សដែលបានបញ្ចប់ដោយជោគជ័យនូវមុខវិជ្ជាទាំងអស់តាមរយៈការប្រឡងនឹងទទួលបានបវិញ្ញាបនបត្រអប់រំមូលដ្ឋាន ហើយមានឱកាសបន្តការសិក្សានៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសឬនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ Technical Vocational Education and Training (TVET) នៃក្រសួងការងារផងដែរ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានថ្លែងក្នុងពិធីសម្ពោធមណ្ឌលទី១ កាលពីខែកុម្ភៈថា កម្មវិធីអប់រំនេះនឹងផ្ដល់ឱកាសដល់សិស្សដែលគ្មានលទ្ធភាពនិងកំពុងធ្វើការឲ្យបានសិក្សាឡើងវិញ និងអាចបញ្ចប់ការសិក្សា។
លោកបានបន្តថាក្នុងចំណោមមណ្ឌលសិក្សាចំនួន ៥ នៅរាជធានីភ្នំពេញគឺមាន ២ នឹងគ្រប់គ្រងដោយក្រសួងអប់រំ យុវជននិងកីឡា ចំណែក ៣ ទៀតនឹងគ្រប់គ្រងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ដោយឡែក ៥ មណ្ឌលនៅខេត្ដសៀមរាប គឺមាន ៣ នឹងគ្រប់គ្រងដោយក្រសួងអប់រំ រីឯ ២ មណ្ឌល គ្រប់គ្រងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា៖ «គោលដៅនៃការបើកមណ្ឌលនេះមិនមែនសម្រាប់ក្មួយៗដែលនៅក្នុងសាលាទេប៉ុន្ដែក្មួយដែលគ្មានលទ្ធភាពរៀនបន្ដ។ វានឹងបង្កភាពងាយស្រួលដល់សិស្សដែលមិនមានលទ្ធភាពសិក្សា ឬកំពុងធ្វើការអាចបន្ដរៀនទៀតបានតាមរយៈអនឡាញ»។
លោកស្រី ទុង សុភាព អគ្គនាយិការងនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងដែរថា៖ «កម្មវិធីអប់រំនេះផ្ដល់ឱ្យយុវជនសិក្សាតាមអនឡាញនៅគ្រប់ទីកន្លែង ហើយយើងនឹងមានបន្ថែមជំនាញផ្សេងទៀតដល់ពួកគាត់ដូចជាជំនាញទន់ជាដើម»។
តាមទិន្នន័យក្រសួងអប់រំ បានបង្ហាញថា ក្នុងឆ្នាំ ២០១៧-២០១៨ អត្រាសិស្សបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិមានចំនួន ១៦,៦ ភាគរយ ស្រីមាន ១៤,២ ភាគរយ។ ចំណែកនៅកម្រិតមធ្យមសិក្សាទុតិយភូមិមាន ១៩,៧ ភាគរយ ស្រីមាន ១៧ ភាគរយ ខណៈអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សាមាន ៤,៧ ភាគរយ ស្រីមាន ៣,៥ ភាគរយ។ រីឯទិន្នន័យបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សាមាន ៧៩,០៦ ភាគរយ ស្រីមាន ៨២,៦៥ ភាគរយ ហើយសិស្សដែលចុះឈ្មោះចូលរៀនកម្រិតអប់រំចំណេះទូទៅ មានចំនួន ៣ ១៤៣ ២៥២ នាក់ ក្នុងនោះមានស្រី ១ ៥៥១ ៩៩០ នាក់៕