ភ្នំពេញៈ បច្ចុប្បន្ន​សេវា​ដឹកជញ្ជូន​តាមរយៈ​ម៉ូតូ​កង់​ ៣ ​ឬ PassApp ​ហាក់​កំពុងមាន​ការនិយម​ដោយសារ​អាច​​ដាក់​មនុស្ស និង​អីវ៉ាន់​ផ្សេងៗ​បាន​ច្រើន​​ និង​មានតម្លៃ​សមរម្យ​ដែល​ងាយស្រួល​​ជាង​ការជិះ​ស៊ីក្លូ ឬ​ម៉ូតូឌុប​។ ​ក៏ប៉ុន្តែ​មាន​​អ្នកបើកបរ​ម៉ូតូ​កង់​ ៣ ​ខ្លះ បើកបរ​គ្មាន​របៀបរៀបរយ​ពោល​គឺ​មិន​គោរព​ច្បាប់​ចរាចរណ៍​បង្ក​ជា​គ្រោះថ្នាក់ និង​រំខាន​ដល់​អ្នកបើកបរ​លើផ្លូវ​ជាមួយ​គ្នា​​ ខណៈ​អ្នកបើកបរ​ខ្លះទៀត​មានប្រើ​ទាំង​អាយកូម​ ឬ​អាវុធ​បង្ក​ឱ្យ​មាន​ក្ដី​​បារម្ភ​ជា​អ្វីដែល​អាជ្ញាធរ​ចាត់ទុក​ជា​ករណី​ខុសឆ្គង​។

បញ្ហា​នេះ​ធ្លាប់​មាន​ករណី​បាញ់​គ្នា​ស្លាប់​ ២ ​នាក់ និង​របួសធ្ងន់​ម្នាក់​កាលពី​យប់​ថ្ងៃទី​ ១១ ខែកុម្ភៈ កន្លងមក​ថ្មីៗ​​នេះ​នៅមុខ​ហាង​លក់​ទូរស័ព្ទ​យីហោ​ពន្លក​ថ្មី​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ​ទី​ ២ ខណ្ឌ​ពោធិ៍សែនជ័យ​។

ករណីនេះ​បាន​ផ្ដើម​ចេញពី​ការស្ទះ​ចរាចរណ៍​ក៏​មាន​ការទាស់សម្ដី​គ្នា​រវាង​​អ្នករត់​ម៉ូតូ​កង់​ ៣ និង​ម្ចាស់​រថយន្ត​​ដោយ​ភាគី​ខាង​ម្ចាស់​កង់​ ៣ ចង់​ឱ្យ​ភាគី​ខាង​រថយន្ត​សុំទោស​។ ​ប៉ុន្តែ​ខាង​ភាគី​រថយន្ត​មិន​ព្រម គេ​ (​ម្ចាស់​កង់​ ៣) ​ក៏​ហៅ​បក្ខពួក​ដែល​មាន​អាវុធ​ឱ្យ​មក​​ជួយ​ទើប​មាន​ការបាញ់​ស្លាប់ និង​របួស​​មនុស្ស​តែម្ដង​ដែល​បញ្ហា​នេះ​ធ្វើឱ្យ​មាន​ការភ័យខ្លាច​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាច្រើន​។

លោក​ សុខ ភាក់ ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​អ្នកបើក​ម៉ូតូ​កង់​ ៣ ​មួយចំនួន​ដែលមាន​ក្រុម​មាន​បណ្តាញ និង​ប្រដាប់​ដោយ​អាវុធ​មាន​វិទ្យុទាក់ទង​ដោយសារ​មិនអាច​បែងចែក​បាន​ថា ជា​សមត្ថកិច្ច ឬ​ជា​ចោរ​។ ជាមួយ​គ្នា​នេះ​លោក​បាន​កត់សម្គាល់​ថា មាន​​អ្នករត់​ម៉ូតូ​កង់​ ៣ ​ខ្លះ​នៅ​តែ​មិន​គោរព​ច្បាប់​ចរាចរណ៍ ដោយ​បើកបរ​គ្មាន​សណ្តាប់ធ្នាប់​នៅលើ​ដងផ្លូវ​។

លោក​បាន​ថ្លែងថា​៖ «​អ្នករត់​ម៉ូតូ​កង់​ ៣ ​ដែល​មាន​វិទ្យុទាក់ទង ឬ​មាន​កាំភ្លើង​នេះ​ប្រាកដជា​មាន​អី​ពិសេស​មួយ​ខុសពី​ម៉ូតូ​កង់​ ៣ ​ធម្មតា​អីចឹង​បើ​យើង​ក្រឡេក​មើលទៅ អាហ្នឹង​វា​ជា​បញ្ហា​មួយ​ចោទ​កាលណា​ធ្វើ​អី​មួយ​ប៉ះពាល់​អ៊ីចឹងទៅ​គេ​មាន​ក្រុម​គេ គេ​មានអី​គេ​ចេញមក​អន្តរាគមន៍​ហើយ​»​។

លោក ភាក់ បន្តថា ដើម្បី​ឱ្យ​ច្បាប់​ងាយស្រួល​គ្រប់គ្រង លុះត្រាតែ​សមត្ថកិច្ច​ដែលមាន​តួនាទី​កាន់​កាំភ្លើង និង​វិទ្យុទាក់ទង​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ឱ្យបាន​ត្រឹមត្រូវ​គ្រប់ពេល​ទើប​ពលរដ្ឋ​ងាយ​ចំណាំ និង​មិនសូវ​មាន​ការបារម្ភ ជាពិសេស​នៅពេល​មាន​កងកម្លាំង​ណា​ម្នាក់​ចេញ​រត់​ម៉ូតូ​កង់​ ៣ ​រក​ចំណូល​បន្ថែម​នៅក្រៅ​ម៉ោង​ធ្វើការ​។

ដោយឡែក​ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ភ្នំពេញ​គឺ​លោក ត្រូយ វ៉ាន់ឌី បាន​ថ្លែងថា បើ​មើល​តាម​ជាក់ស្តែង​គឺ​បច្ចុប្បន្ន​​អាចមាន​អ្នករត់​ម៉ូតូ​កង់​ ៣ ប្រហែល​ ៣០ ​ភាគរយ​ជា​សមត្ថកិច្ច ទាហាន​ ឬ​នគរបាល​ដែល​ពួកគាត់​ឆ្លៀត​រក​ចំណូល​បន្ថែម​ក្រៅពី​ការងារ​អាជីព​។

លោក​បន្តថា ចំពោះ​អ្នក​ដែល​យល់ដឹង​ពី​ការប្រើ​អាវុធជាតិផ្ទុះ​នោះ​មិនជា​បញ្ហា​ទេ ប៉ុន្តែ​អ្វី​គួរឱ្យ​បារម្ភ​គឺ​អ្នកបើក​​កង់​ ៣ ដែល​អាង​ក្រុម អាង​អាវុធ ជាពិសេស​នៅពេល​ស្រវឹង ហើយ​មាន​បញ្ហា​ណាមួយ​កើតឡើង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា បើ​គាត់​ធ្វើ​អ៊ីចឹង វា​ទៅជា​សង្គម​មួយ​ដែល​អនាធិបតេយ្យ ពេល​មាន​បញ្ហា​ឡើង​គឺ​អាង​គ្នា អាង​ក្រុម អាង​បក្ខ អាង​ពួក​ដល់​ពេល​អ៊ីចឹង ទៅ​បង្ក​ជា​អំពើហិង្សា​វាយដំ​គ្នា​រហូត​ដល់​ប្រើប្រាស់​អាវុធ​ធ្វើ​អ្នក​នៅ​មូលដ្ឋាន​ភ័យខ្លាច​»​។

បើតាម​លោក វ៉ាន់ឌី ជា​ការកត់សម្គាល់​មាន​អ្នកខ្លះ​ពាក់អាវ​សមត្ថកិច្ច​ [​ទាហាន​] ​ទៅ​រត់​ម៉ូតូ​កង់​ ៣ និង​បាន​​ដាក់អាវុធ​ជាប់​ខ្លួន​ដូច​ពេល​បំពេញភារកិច្ច​ដែរ​។ ​លោក​ថា ពេល​ចប់​ភារកិច្ច សមត្ថកិច្ច​គួរ​ស្លៀកពាក់​ស៊ីវិល​ធម្មតា មិនគួរ​យក​អាវុធ​ ឬ​ខ្នោះដៃ​ដាក់​ជាប់​តាម​ខ្លួន​ទេ ព្រោះ​នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​អង្គភាព​។

លោក​ថ្លែងថា​៖ «​អ្នកបង្កើត​សមាគម​អ្នករត់​ម៉ូតូ​កង់​ ៣ ត្រូវ​ត្រួតពិនិត្យ​តាមដាន​ទាំងអស់ បើ​ពួកគាត់​ពាក់ព័ន្ធ​នឹង​កងកម្លាំង​ប្រដាប់អាវុធ ត្រូវ​​ដាក់វិន័យ​គាត់ ព្រោះ​កងកម្លាំង​ប្រដាប់​អាវុធ​ពេល​ចប់​ភារកិច្ច អត់​មាន​ត្រូវ​​យក​អាវុធ យក​អី​ទៅប្រើ ទៅជា​អាជីព​របស់គាត់​មួយទៀត​ទេ​»​។

លោក​ កុយ ជា ជា​ពលរដ្ឋ​ម្នាក់ទៀត​ដែល​រស់នៅ​សង្កាត់​ទឹកល្អក់​ ៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​បាន​ថ្លែងថា បញ្ហា​ដែល​កើតចេញពី​អ្នករត់​​កង់​ ៣ ថ្វីដ្បិតតែ​មិន​ទាំងអស់ ប៉ុន្តែ​លោក​នៅតែ​បារម្ភ​ចំពោះ​ពី​សុវត្ថិភាព ជាពិសេស​នៅពេល​ត្រូវការ​បន្ទាន់​ក្នុង​ការជិះ​នៅពេល​យប់​។

លោក​បាន​បញ្ជាក់ថា​៖ «​រឿង​ហ្នឹង​ខ្ញុំ​ភ័យ​ដែរ ព្រោះ​កាល​លើក​មុន​នោះ​ឮថា មាន​ស្រី​ម្នាក់​ចេញពី​ធ្វើការ​ជិះ​កង់​ ៣ ហើយ​ត្រូវបាន​គេ​ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​។ ​ដឹក​ជូនទៅ​បែរជា​ប្លន់​យក​ទាំង​កាបូប​អស់​លុយ អស់​ទូរស័ព្ទ លុយ​ខំប្រឹង​រក​ចង់​ងាប់ ទម្រាំ​បាន​ខ្លះ ជួនកាល​គ្នា​ទិញ​ទូរស័ព្ទ​បង់​រំលស់​ផង​ដល់​គេ​ប្លន់​យក​អស់​ទៅ រឹតតែ​ធ្ងន់​ទៀតហើយ​»​។

លោក ជា សម្បត្តិ អាយុ​ ៦០ ​ឆ្នាំ​ ជា​អ្នករត់​ម៉ូតូ​កង់​ ៣ ​ម្នាក់​ក្នុង​រាជធានី​ភ្នំពេញ​ថ្លែងថា ការ​មាន​បក្ខពួក​មាន​ក្រុម ធ្វើឱ្យ​មាន​ការប្រកាន់​កន្លែង​ទីតាំង និង​ដណ្តើម​អតិថិជន​ទៅវិញ​ទៅមក​។ ពេលខ្លះ​កើតជា​ជម្លោះ​នាំឱ្យមាន​អំពើហិង្សា វាយ​កាប់​ចាក់​រហូត​​ដល់​មាន​អ្នកមាន​កាំភ្លើង​បាញ់សម្លាប់​គ្នា ដែល​រូបភាព​ទាំងនេះ នាំឱ្យ​អ្នកជិះ​វាយតម្លៃ​ពលរដ្ឋ​ស្លូតត្រង់​ដែល​ប្រកបរបរ​ដោយ​សុចរិត​។

លោក​ថា​៖ «​ពីមុន​ម៉ូតូ​កង់​ ៣ ​មានតែ​ប្រភេទ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​របស់​ខ្មែរ​យើង​ទេ ហើយ​អ្នក​ប្រកបរបរ​នេះ​ក៏​មានតែ​ពលរដ្ឋ​ស្លូតត្រង់​ធម្មតា​ប៉ុណ្ណោះ​ប៉ុន្តែ​ឥឡូវនេះ ឃើញ​មាន​អ្នកខ្លះ​ជា​កងកម្លាំង​មក​រក​របរ​នេះដែរ ហើយ​អ្នកខ្លះ​ពេល​មាន​បញ្ហា អាង​កាំភ្លើង​ច្រងេងច្រងាង​ក៏មានដែរ អ៊ីចឹង​ទង្វើ​ហ្នឹង​វា​ធ្វើឱ្យ​អ្នក​គេ​ត្រឹមត្រូវ ពិបាក​​ធ្វើការ​រកស៊ី​»​។

យ៉ាងណា​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថ្លែងថា ​កម្ពុជា​មានច្បាប់​ប្រើប្រាស់ និង​កាន់កាប់​អាវុធ​ត្រឹមត្រូវ ហើយ​ក៏​មាន​ការផ្សព្វផ្សាយ​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់​ឱ្យមាន​ការយល់​ដឹងផង​ដែរ​។ ​ប្រសិន​បើ​កងកម្លាំង​ណា​បំពាន​លក្ខន្តិកៈ​នោះ​នឹងត្រូវ​ទទួលទោស​តាមច្បាប់​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​មាន​លិខិត​កាន់​អាវុធ​ហើយ​មាន​បេសកកម្ម​ទៀត​អាហ្នឹង​បាន​ស្របច្បាប់​។ ​បើ​គាត់​អត់​មាន​លិខិត​បេសកកម្ម​ទេ មិន​អាចមាន​សិទ្ធិ​កាន់​អាវុធ​ដាក់​តាម​ខ្លួន​បានទេ​។

ប្រសិនបើ​គាត់​ចប់​ភារកិច្ច ហើយ​ទៅ​ប្រកបការងារ​ផ្សេង​ដោយ​ដាក់អាវុធ​ជាប់​ខ្លួន​នោះ ជា​រឿង​មិន​ត្រឹមត្រូវ​។ ​ច្បាប់​កាន់​អាវុធ​យើង​មាន តែបើ​គាត់​យល់ដឹង​ហើយ​គាត់​ទៅធ្វើ​ខុស​អាហ្នឹង​ច្បាប់​គេ​មាន​តើ​»​។

លោក វន់ ពៅ ប្រធាន​សមាគម​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ថ្លែង​ថា សេវាកម្ម​អ្នករត់​ម៉ូតូ​កង់​ ៣ គឺមាន​សមាសភាព​ចម្រុះ​។ ​អ្នកខ្លះ​ជា​កងកម្លាំង​ក៏​ឆ្លៀត​រក​ចំណូល​បន្ថែម​ក្នុង​មុខរបរ​នេះ​ផងដែរ ជាហេតុ​នាំឱ្យ​មាន​ការព្រួយបារម្ភ​ចំពោះ​អ្នករត់​ម៉ូតូ​កង់​ ៣ ​ខ្លះ​មាន​អាវុធ​ជាប់​តាម​ខ្លួន​។ ចំណុច​នេះ​សមត្ថកិច្ច​គួរតែ​ឧស្សាហ៍​ពិនិត្យ​អាវុធ​ជាតិផ្ទុះ​ឱ្យបាន​ញឹកញាប់​។

លោក​បាន​ថ្លែងថា​៖ «​យើង​ឃើញ​ហើយ​កន្លងទៅ មាន​អ្នករត់​កង់​៣ មាន​អាវុធ​ប្រើប្រាស់​រហូត​ធ្វើ​ឱ្យគេ​ស្លាប់​​បាត់បង់​ជីវិត អាហ្នឹង​គឺ​ខ្ញុំ​មិន​គាំទ្រ​ទេ​។

សូមឱ្យ​សមត្ថកិច្ច​ធ្វើការ​ឆែក​អាវុធ​ឆែក​អី​ឱ្យបាន​ត្រឹមត្រូវ និង​ញឹកញាប់​ចៀសវាង​មាន​ពួក​ខិលខូច​មក​រក​របរ​ហ្នឹង​ដែរ ដល់​អ៊ីចឹង មហាជន​គាត់​ម៉ៅ​ថាឱ្យ​អ្នករក​របរ​ហ្នឹង​ទាំងអស់​តែម្តង​»​។

បើ​តាម​លោក វន់ ពៅ សមាគម​អ្នករត់​ម៉ូតូ​កង់​ ៣ តែងមាន​ការប្រើប្រាស់​​វិទ្យុទាក់ទង​ ដើម្បី​ប្រើ​ជា​ប្រយោជន៍​​ផ្សេងៗ​ដោយ​គ្មាន​ពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​ឡើយ ព្រោះ​វិទ្យុទាក់ទង​ទាំងនោះ​ត្រូវ​បាន​ជួល​ពី​ក្រុមហ៊ុន​យកទៅ​ប្រើតែ​ប៉ុណ្ណោះ​។ ​លោក​បានស្នើ​ទៅដល់​សាធារណជន​ក៏ដូចជា អ្នក​បញ្ចេញមតិ​តាម​បណ្តាញ​សង្គម កុំ​វាយតម្លៃ​រួម​អាក្រក់​លើ​អ្នករត់​ម៉ូតូ​កង់​៣​ទាំងអស់ ព្រោះ​អ្នក​ប្រកបរបរ​នេះ​មិន​អាក្រក់​ទាំងអស់​នោះទេ​។

លោក​ថា​៖ «​អ្នកខ្លះ​ជិះ​បញ្ច្រាសទិស​អ្នកខ្លះ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ក្នុងសង្គម​​តែមាន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​មិន​ទាំងអស់​ទេ អ៊ីចឹង​សូមឱ្យ​ផ្តល់​យុត្តិធម៌​អ្នកកង់​ ៣ ​ផ្សេងៗ​ដែល​ត្រឹមត្រូវ​ស្រឡាញ់​សង្គម​មាន​សីលធម៌​សុជីវធម៌​នៅតាម​ដងផ្លូវ​ផង​»​។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថ្លែងថា ការបើកបរ​ម៉ូតូ​កង់​៣ ជាទូទៅ​ក្នុងពេល​កន្លងមក​តែង​គ្មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​ជិះ​ជែង​មិនត្រូវ​ទំនង រត់​ទន្ទឹមគ្នា​​ច្រើន​ជួរ​លើ​ដងផ្លូវ បើកបរ​ក្នុង​ល្បឿន​លឿន​ជាដើម​នោះ អាជ្ញាធរ​បាន​គិតគូរ​ឱ្យ​ពួកគេ​បាន​ចូលរៀន និង​ប្រឡង​យក​បណ្ណ​បើកបរ​ត្រឹមត្រូវ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ធ្លាប់​បាន​ចេញ​នូវ​ចំណាត់ការ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យ​មន្ទីរសាធារណៈ​ការចេញ​កាលវេលា​សម្រាប់​អំពាវនាវ​ឱ្យ​គាត់​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ដើម្បីឱ្យ​គាត់​បាន​យល់ដឹង​​ពី​បញ្ហា​ច្បាប់ទម្លាប់​ទាំងអស់​ហ្នឹង ហើយ​ចេញ​បណ្ណ​បើកបរ​ឱ្យ​គាត់​» ។

ចំណែក​ករណី​រកឃើញ​មាន​បទល្មើស​លោក ភក្តី បញ្ជាក់​ថា​មិន​ថា​អ្នករត់​កង់​៣​ ឬ​អ្នកផ្សេងៗ​ទេ គឺជា​រឿង​ទោសទណ្ឌ​ដែលជា​វិធាន​ការរួម​។

«​វិធានការ​របស់​យើង​ជារួម​បើ​និយាយ​ពី​បញ្ហា​អាវុធ​អាហ្នឹង​មិនមែន​តែ​កង់​៣​ទេ វា​ជា​វិធានការ​ការពារ​សន្តិសុខ​ដែល​ផ្តោតលើ​ការត្រួតពិនិត្យ​ប្រជាពលរដ្ឋ​យើង​ទូទៅ មិន​ថា​រថយន្ត មិន​ថា ម៉ូតូ​អីៗ​នោះទេ​»​។

ចំពោះ​ការប្រើ​វិទ្យុ​ទាក់ទង​វិញ លោក ​ភក្តី ប្រាប់ថា បើ​មិនមែន​ជា​សមត្ថកិច្ច​ទេ​​គឺ​មិនអាច​ប្រើប្រាស់​វិទ្យុទាក់ទង​បែប​សមត្ថកិច្ច​បានទេ បញ្ហា​នេះ​គឺ​ប្រឈម​នឹង​ការ​ទទួលទោស​តាមច្បាប់​។

លោក​ថា​៖ «​បើសិន​ជា​គាត់​ប្រើ​ជា​វិទ្យុទាក់ទង​របស់​ប៉ូលិស​អាហ្នឹង​ខុស ដូច​កាន់​អាវុធ​ខុសច្បាប់​អ៊ីចឹង ហើយ​អាហ្នឹង​សួរថា​យ៉ាងម៉េច​គឺ​ពេល​គេ​ត្រួតពិនិត្យ​ហ្នឹង បើ​ឃើញ​អ៊ីចឹង​មែន អាហ្នឹង​គេ​អនុវត្តតាម​នីតិវិធី​ហើយ​»៕