ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​កូវីដ​ ១៩​ ចំនួន​ ២ ​នាក់​បន្ថែមទៀត​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា​ ដែល​ធ្វើឱ្យ​ចំនួន​សរុប​នៃ​អ្នក​កើត​ជំងឺ​កូវីដ​ក្នុង​ព្រឹត្តិការណ៍​នេះ​កើន​ដល់​ ៣២ ​នាក់​ ខណៈ​មនុស្ស​ជាង​ ១ ​ម៉ឺន​នាក់​ ក្នុងនោះ​មាន​មន្ត្រី​ទាំងអស់​នៅ​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​តេស្ត​ពី​ម្សិលមិញ និង​ត្រៀម​ធ្វើតេស្ត​នៅថ្ងៃនេះ​ទៀត​។

ករណី​វិជ្ជមាន​ ២ ​នាក់​ទៀត​នេះ​ មាន​លោក​ អ៊ី តារា អាយុ​ ២១ ​ឆ្នាំ​ ស្នាក់នៅ​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ ដែល​ធ្លាប់​បាន​ស្នាក់នៅ​ជាមួយ​នឹង​អ្នកជំងឺ​ឈ្មោះ ញិល សុខកូឡា ជា​បុគ្គលិក​នៅ Pedro​។

ឯ​អ្នកជំងឺ​ម្នាក់ទៀត​គឺ​អ្នកនាង ជី ពេជ្រឆារ៉ា អាយុ​ ២៩ ​ឆ្នាំ​ ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ​ជា​មន្ត្រីរាជការ​នៅ​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចូលក្នុង​ហាង Zendo បឹងកេងកង​នៅ​ថ្ងៃទី​ ២៧ ខែ​វិច្ឆិកា ដោយ​មិន​បាន​ការពារ​ត្រឹមត្រូវ​។

របាយការណ៍​ក្រសួង​សុខាភិបាល​ពី​ម្សិលមិញ​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ២៩ ខែវិច្ឆិកា​ដល់​ថ្ងៃទី​ ៦ ខែ​ ធ្នូ ឆ្នាំ​ ២០២០ ក្រសួង​បាន​ធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​ចំនួន​ ១១ ៣០៥ សំណាក​ ហើយ​ជាមួយ​គ្នា​នេះ ក្រសួង​ក៏បាន​ប្រកាស​ឱ្យ​អ្នក​ដែល​បាន​ប៉ះពាល់​ទៅនឹង «​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា​» ​ទាំងអស់​ទៅធ្វើ​តេស្ត​លើក​ទី​ ២ ​នៅ​ថ្ងៃទី​ ៧ ខែធ្នូ ដែល​ក្រសួង​សុខាភិបាល​បាន​រៀបចំ​ទីតាំង​នៅ​បរិវេណ​ក្រសួង​មហាផ្ទៃ​សម្រាប់​បុគ្គលិក មន្ត្រី​រាជការ​ស៊ីវិល និង​នៅ​ថ្ងៃទី​ ៨ នេះ​នៅ​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប៉ះពាល់ និង​នៅតាម​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​អំពាវនាវ​ទៅដល់​រដ្ឋលេខាធិការ អនុ​រដ្ឋលេខាធិការ និង​អគ្គនាយក​ទាំងអស់​ត្រូវ​ផ្តល់ព័ត៌មាន​បន្ត​ទៅដល់​បុគ្គលិក​មន្ត្រី​ទាំងអស់​ដែល​បាន​យក​សំណាក​កាលពី​ចុង​ខែ​វិច្ឆិកា ត្រូវ​ទៅ​ធ្វើ​តេស្ត​ជា​លើក​ទី​ ២ ហើយ​លោក​ក៏បាន​ស្នើឱ្យ​អ្នក​ដែល​មិនទាន់​បាន​យក​សំណាក​ធ្វើតេស្ត​កាលពី​លើក​ទី​ ១ ​ក៏​ត្រូវ​តែ​មក​ធ្វើតេស្ត​ជាមួយ​គ្នា​នេះដែរ​។

លោក​ថ្លែង​ពី​ម្សិលមិញ​​ថា៖ «​ដើម្បី​ឱ្យ​អស់​ការសង្ស័យ ក្រសួង​សុខាភិបាល​ត្រូវយក​សំណាក​ទាំងអស់​របស់​អ្នក​ដែល​ធ្វើការ​នៅក្នុង​ក្រសួងមហាផ្ទៃ​»​។

នៅ​ថ្ងៃ​ម្សិលមិញ​នេះដែរ​លោក ស ខេង ក៏​បាន​ចេញ​បទបញ្ជា​ដោយ​ផ្អាក​ការចេញ-ចូល​មក​បំពេញ​ការងារ​ជា​បណ្តោះអាសន្ន​ក្នុង​បរិវេណ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ​នៅ​តាម​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា​ក្នុង​ក្រសួង​នេះ​ចាប់ពី​ថ្ងៃទី​ ៧ ខែ​ធ្នូ​រហូត​ដល់​មាន​ការជូន​ដំណឹង​ជាថ្មី​។

លោក​បញ្ជាក់​ថា ក្នុង​អំឡុងពេល​នៃ​ការផ្អាក​នេះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​បុគ្គលិក​ទាំងអស់​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ​ ឱ្យ​បាន​ត្រឹមត្រូវ និង​ហ្មត់ចត់​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ហើយ​ដើម្បី​ធានា​នូវ​និរន្តរភាព​ការងារ​របស់​ក្រសួង មន្ត្រី​របស់​ក្រសួង​ទាំងអស់​ត្រូវ​បំពេញ​ការងារ​ពី​ចម្ងាយ​តាមរយៈ​អនឡាញ​។

ដោយឡែក​យោង​តាម​ចំណារ​ឯកភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ម្សិលមិញ​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​បន្ត​ធ្វើ​ការបិទ​អគារ​កាណាឌីយ៉ា​ទាំង​មូល​រហូត​ដល់​ថ្ងៃទី​ ១៧ ខែ​ ធ្នូ ឆ្នាំ​ ២០២០​។

លោក​ ម៉ម ប៊ុនហេង ​បាន​ជម្រាប​ទៅ​លោក​ ពុង ឃាវសែ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ធនាគារ​កាណាឌីយ៉ា​ថា ដោយសារ​បុគ្គលិក​នៅ​ធនាគារ​ចិន​ម្នាក់ មាន​វិជ្ជមាន​វីរុស​កូវីដ ​១៩ ​ហើយ​បាន​ប្រើប្រាស់​ជណ្តើរ​យន្ត​រួម​គ្នា​នៅ​អគារ​កាណាឌីយ៉ា ដូច្នេះ​ត្រូវ​បិទ​អគារ​កាណាឌីយ៉ា​ទាំងមូល​បន្តទៀត​រយៈពេល​ ១៤ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​ ៣ ខែ​ធ្នូ រហូត​ដល់​ថ្ងៃទី​ ១៧ ខែ​ធ្នូ​។ លោក​បញ្ជាក់ថា បុគ្គលិក​ដែល​ធ្វើការ​នៅ​ទីនោះ​ទាំងអស់​ត្រូវ​ធ្វើ​តេស្ត​ជា​លើក​ទី​ ២ ​នៅ​ថ្ងៃទី​ ១៣ ខែធ្នូ និង​លើក​ទី​ ៣ នៅ​ថ្ងៃទី​ ១៧ ខែធ្នូ​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ក៏បាន​ឱ្យដឹង​ផងដែរ​ថា ការចម្លង​វីរុស​កូរ៉ូណា​តាម​ការកាន់​ក្រដាស​ប្រាក់​ដែល​មាន​ប្រឡាក់​ទឹករំអិល​ផ្លូវដង្ហើម​អ្នកមាន​វីរុស​កូវីដ​១៩ ដូចជា​សំបោរ​ ឬ​ស្លេស្ម៍​ទឹកមាត់ ឬ​យកដៃ​ខ្ទប់មាត់​ពេល​ក្អក​កណ្តាស់ ហើយ​មិនបាន​លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល ឬ​ទឹក​ជែល​សម្រាប់​លាងដៃ​ភ្លាមៗ​ទេនោះ រួច​យកដៃ​នោះ​មក​កាន់​ក្រដាសប្រាក់ គឺ​វីរុស​នេះ​នឹង​តោង​លើ​ក្រដាស​ប្រាក់​នោះ​។

លោកស្រី​បញ្ជាក់ថា៖ «​វីរុស​កូវីដ​ ១៩ អាច​រស់នៅ​លើ​ក្រដាសប្រាក់ កញ្ចក់ និង​ផ្ទៃ​ផ្សេងៗ​រហូត​ ២៨ ​ថ្ងៃ​ បើ​ប្រៀប​ទៅ​នឹង​វីរុស​ផ្តាសាយ​ធម្មតា​មាន​ប្រហែលជា​ ១៧ ​ថ្ងៃ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកសិក្សា​វិទ្យាសាស្ត្រ​ប្រទេស​អូស្ត្រាលី ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​ ១២ ខែ​ តុលា ឆ្នាំ​ ២០២០»​។

ជាមួយ​គ្នា​នេះ​កាលពី​យប់​ថ្ងៃទី​ ៦ ខែធ្នូ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ធ្វើការ​បញ្ជាក់​ជាថ្មី​លើ​បណ្តាញ​សង្គម​របស់​លោក​ថា មាន​ការបំផ្លើស​នានា​បាន​កើតឡើង​ថា នឹង​មាន​ការបិទ​ប្រទេស ឬ​បិទ​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ​ហើយ​បំផុស​ឱ្យ​មនុស្ស​ទិញ​ទំនិញ​ត្រៀម​ទុក​។

លោក​លើកឡើង​ថា​៖ «​ចំពោះ​មុខ​ពាក្យ​ភូតកុហក​បែបនេះ​ក្នុង​ឋានៈ​ខ្ញុំ​ជា​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា នឹង​មិនមាន​ការស្នើសុំ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ទាំងមូល​ ឬ​មួយ​ផ្នែក​ណា​នោះឡើយ ហើយ​ក៏​នឹង​មិនមាន​ការចេញ​បទបញ្ជា​ឱ្យ​បិទ​រាជធានី​ភ្នំពេញ​ដូច​ការឃោសនា​ភូតកុហក​របស់​ជន​អាក្រក់​នោះ​ដែរ​»​។ លោក ​ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ស្ងប់ស្ងាត់​កុំ​ភ័យ​ស្លន់ស្លោ និង​សូម​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធប្រឆាំង​ជាមួយ​កូវីដ​ ១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។

បើ​តាម​ក្រសួងសុខាភិបាល​គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ កម្ពុជា​មាន​អ្នក​វិជ្ជមាន​វីរុស​កូរ៉ូ​ណា​ចំនួន​ ៣៤៨ ​នាក់ (​ស្ត្រី​ ៨១ ​នាក់​) ​ក្នុង​នោះ​អ្នក​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​សរុប​ ៣០៦ ​នាក់ និង​អ្នក​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ និង​មណ្ឌល​សុខភាព​ចាក់អង្រែ​មាន​ចំនួន​ ៤២ ​នាក់​៕