ភ្នំពេញៈ នៅក្នុង​ថ្ងៃ​ដំបូង​នៃ​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដែល​ធ្វើឡើង​ពីថ្ងៃ​ទី​ ១០ ​ខែ​កុម្ភៈ​ នៅក្នុង​មន្ទីរពេទ្យ​ធំៗ​ចំនួន​ ៤ មាន​អ្នក​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​ជាង​ ៤០០ ​នាក់ ប៉ុន្តែ​អ្នក​ដែល​បាន​ចាក់​រួច​មានតែ​ជាង​ ៣០០ ​នាក់​ ខណៈ​ក្រសួងសុខាភិបាល​បាន​ជំរុញ​ឱ្យ​ក្រុមគ្រូពេទ្យ​ត្រូវ​ចែកវេន​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​ ដើម្បី​កុំឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​មន្ទីរពេទ្យ​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ផ្តល់​របាយការណ៍​ថា ចំនួន​អ្នក​ដែល​បាន​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ នៅ​ថ្ងៃទី​ ១០ ខែកុម្ភៈ មាន​សរុប​ចំនួន​ ៤២៥ ​នាក់ (​ស្រី ១០៤ ​នាក់​) ​ប៉ុន្តែ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​មាន​ចំនួន ៣៣៩ ​នាក់ ​ក្នុងនោះ​មាន​ស្រី​ចំនួន​ ៧៥ ​នាក់​។ អ្នក​ដែល​បាន​ចុះឈ្មោះ​ហើយ​មិន​ត្រូវបាន​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ចាក់​នោះ មាន​ចំនួន​ ៨៦ ​នាក់ (​ស្រី​ ២៩ ​នាក់​) ដោយសារ​ពួកគាត់​មាន​បញ្ហា​សុខភាព​។

ជាមួយ​គ្នា​នេះដែរ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​កម្មវិធី​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ជា​បន្ត​នៅ​ថ្ងៃទី​ ១១ ខែកុម្ភៈ និង​ថ្ងៃ​បន្តបន្ទាប់​ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​។

លោកស្រី​ ឱ វណ្ណឌីន លើក​ឡើង​ក្នុង​សេចក្តីប្រកាស​នេះ​ថា ឥស្សរជន និង​អ្នក​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី​ ១០ ខែ​កុម្ភៈ​អាច​ទៅ​ចាក់​តាម​ទីកន្លែង​ដែល​ក្រសួង​សុខាភិបាល​បាន​កំណត់​ទីតាំង​រួចរាល់​ហើយ​។

លោកស្រី​បញ្ជាក់ថា​៖ «​សម្រាប់​ក្រុមគ្រូពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​អង្គឌួង មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង​មន្ទីរពេទ្យ​កុមារជាតិ ដែលជា​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ សូម​ចាត់ចែង​ចាក់​ជូន​បុគ្គលិក​របស់​ខ្លួន​ឱ្យបាន​គ្រប់ៗ​គ្នា​នៅ​តាម​ទីតាំង​រៀងៗ​ខ្លួន​»​។

សម្រាប់​ក្រុមគ្រូពេទ្យ​នៅតាម​មន្ទីរពេទ្យ​ព្រះកុសមៈ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក និង​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់សិន​ទាំងអស់​ត្រូវ​ចែកពេល​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ដើម្បី​កុំឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​មន្ទីរពេទ្យ​។ ចំណែក​មន្ទីរពេទ្យ​កាល់ម៉ែត គឺ​សម្រាប់​ចាក់​ជូន​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​អង្គរក្ស​ថ្នាក់ដឹកនាំ​កំពូលៗ ឯមន្ទីរពេទ្យ​ព្រះអង្គឌួង គឺ​សម្រាប់​ចាក់​ជូន​បុគ្គលិក​មន្ត្រីរាជការ​ព្រឹទ្ធសភា រដ្ឋសភា និង​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ទាំងអស់​។

ចំណែក​កងកម្លាំង​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ និង​នគរបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​ទៅ​ចាក់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​។

លោកស្រី​ ឱ វណ្ណឌីន ​បញ្ជាក់ថា​៖ «​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នេះ​ត្រូវ​បន្ត​ធ្វើជា​រៀងរាល់ថ្ងៃ​ធ្វើការ​ចាប់ពី​ម៉ោង​ ៨ ​ព្រឹក​ដល់​ម៉ោង​ ៥ ​ល្ងាច​ ដោយ​សម្រាក​ពិសា​អាហារ​ថ្ងៃត្រង់​ពី​ម៉ោង​ ១២ ​ដល់​ម៉ោង​ ២»​។ ចំពោះ ឥស្សរជន និង​អ្នក​ដែល​បាន​ចាក់​ដូស​ទី​ ១ ​រួចហើយ សូម​ទៅ​ចាក់​ដូស​លើក​ទី​ ២ នៅតាម​ទីកន្លែង​ដែល​ខ្លួន​បាន​ចាក់​លើក​ទី​ ១ ចន្លោះ​ពីថ្ងៃ​ទី​ ១៤ ​ដល់​ថ្ងៃទី​ ២៨ ​ខែ​មីនា (​មិនឱ្យ​លើសពី​ថ្ងៃទី​ ២៨ ​មីនា​) គិត​បន្ទាប់​ពីថ្ងៃ​ដែល​បាន​ចាក់​លើក​ទី​១​។

អ្នកនាំពាក្យ​រូបនេះ​លើកឡើង​ទៀតថា៖ «​ក្រសួង​សុខាភិបាល បន្ត​ជូនដំណឹង​ដល់​សាធារណជន​ពី​អាយុ​ ១៨ ​ឆ្នាំ​ដល់​ ៥៩ ​ឆ្នាំ​ផ្សេងៗ​ទៀត​ដែល​នឹង​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ដោយ​ស្ម័គ្រចិត្ត​នៅពេល​ក្រោយៗ​ទៀត​»​។

លោក​ ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាលពី​រសៀល​ថ្ងៃទី​ ១០ ខែកុម្ភៈ នៅ​ថ្ងៃ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូវីដ​១៩​ជូន​ថ្នាក់​ដឹកនាំ​កងទ័ព​នៅ​មន្ទីរពេទ្យ​កេតុមាលា​ថា លោក និង​កូន​រួម​នឹង​អ្នក​ដែល​នៅ​ជុំវិញ​រូបលោក​បាន​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ស៊ី​ណូហ្វាម​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ​រួចហើយ​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​សុំ​អនុញ្ញាត​និយាយ​រឿង​ពិត​មួយ គឺ​ខ្លួន​ខ្ញុំ​បាន​ចាក់​រួចហើយ ហើយ​មកដល់​ថ្ងៃនេះ​គឺ​នៅសល់​តែ​ ១០ ​ថ្ងៃ​ទៀត​ទេ​គឺ​បាន ១ ​ខែ​ដែល​ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​នេះ​»​។ លោក​ថា​៖ «​អ្នក​នៅ​ជុំវិញខ្លួន​ខ្ញុំ​មួយចំនួន គឺ​បាន​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ ​រួចហើយ​និយាយ​ត្រង់​គឺ​កូន​របស់ខ្ញុំ បាន​ចាក់​មុន​ខ្ញុំ​ទៀត ដែល​ពេលនោះ​យើង​ទទួលបាន​ក្នុង​ចំនួន​មួយ​តិច​។ កូន​ខ្ញុំ​ចាក់​ហើយ​មិនមាន​បញ្ហា​អី​ទើប​សម្រេច​ឱ្យ​ខ្ញុំ​ចាក់​»​។

លោក​អះអាងថា លោក​ចាក់​រួចហើយ​ឃើញថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធ​ភាពល្អ ហើយ​អ្នក​ចាក់​ទាំងអស់ ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ​។ ដោយសារ​តែ​ឃើញ​ពី​ប្រសិទ្ធភាព​របស់​វា​ហើយ​ទើប​លោក​បាន​ទំនាក់ទំនង​ទៅ​ក្រសួង​ការពារជាតិ​ចិន និង​មានឱកាស​បានទទួល​អំណោយ​វ៉ាក់សាំង​នេះ​ផងដែរ​។

លោក​ ទៀ បាញ់​បញ្ជាក់ថា៖ «​ជា​លទ្ធផល វ៉ាក់សាំង​នេះ​មាន​គុណភាព​ល្អ ប្រសិទ្ធភាព​ក៏ល្អ គឺ​មិនមាន​បញ្ហា​អ្វី​ទាំងអស់​»​។

គួរបញ្ជាក់​ផងដែរ​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្តល់​វ៉ាក់សាំង​កូវីដ​ ១៩​ ចំនួន​ ១ ​លាន​ដូស​ដែល​ដំបូង​នេះ​វ៉ាក់សាំង​ចំនួន​ ៦០ ​ម៉ឺន​ដូស ​ត្រូវ​បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ​វ៉ាក់សាំង​ចំនួន ៣០ ​ម៉ឺនដូស​សម្រាប់​ក្រសួង​សុខាភិបាល និង​ ៣០ ​ម៉ឺនដូស​សម្រាប់​ក្រសួងការពារជាតិ​។

គិត​ត្រឹម​ថ្ងៃទី​ ១១ ខែ កុម្ភៈ ឆ្នាំ​ ២០២១ ​នេះ​កម្ពុជា​មាន​អ្នកមាន​វីរុស​កូវីដ ​១៩​ ចំនួន​ ៤៧៨ ​នាក់​ក្នុង​នោះ​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​ ៤៥៩ ​នាក់ និង​អ្នក​សម្រាក​ព្យាបាល​មាន​ចំនួន​ ១៩ ​នាក់​៕