ភ្នំពេញៈ បើទោះបីជាសមត្ថកិច្ចបានអះអាងថា ប្រជាពលរដ្ឋដែលជាអ្នកបញ្ជាយានយន្តនៅលើដងផ្លូវនៅទូទាំងប្រទេសបានកែប្រែឥរិយាបថមកគោរពច្បាប់ជាបណ្ដើរៗ ប៉ុន្តែអត្រាស្លាប់នៅតែមានច្រើន ដូចជាក្នុងរយៈពេលជាង ៥ ខែ ឆ្នាំនេះមានមនុស្ស ៧០០ នាក់ស្លាប់ និងជាង ២ ពាន់នាក់របួសធ្ងន់ និងស្រាល ព្រោះការបើកបរល្មើសទៅនឹងច្បាប់ចរាចរណ៍។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានថ្លែងឱ្យដឹងកាលពីម្សិលមិញថា ចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ២១ ខែតុលា បើគិតទៅមានរយៈពេល ១៧៤ ថ្ងៃ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១ ៤១៩ លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ៧០៣ នាក់ របួសចំនួន ២ ១៩០ នាក់ ក្នុងនោះរបួសធ្ងន់ ១ ៣១១ នាក់ ចំណែក យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យសរុបចំនួន ១៩៤ ៣៥០ គ្រឿង ក្នុងនោះម៉ូតូមានចំនួនជាង ១៤៣ ៥៩២ គ្រឿង និងរថយន្តជិត ៥០ ៧៥៨ គ្រឿង»។
លោកបញ្ជាក់ថា ទាំងអ្នកបើកបររថយន្ត និងអ្នកបើកបរម៉ូតូដែលបានប្រឈមទៅនឹងគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត និងរងរបួស ព្រោះពួកគេបានល្មើសច្បាប់ចរាចរណ៍ដោយមិនពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់បណ្ណបើកបរ អត់ខ្សែក្រវាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរដោយមិនប្រើឧបករណ៍ជំនួយសំឡេង។
លោក ឆាយ គឹមខឿន បានថ្លែងថា បើមើលតាមតួលេខនៃប្រតិបត្តិការប្រចាំថ្ងៃរបស់សមត្ថកិច្ចអាចវាយតម្លៃបានថា ឥរិយាបថរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវមានការប្រែប្រួលមកកាន់ភាពវិជ្ជមានហើយ។ នេះមានន័យថា មានប្រជាពលរដ្ឋដែលជាអ្នកបើកបរបានងាកមកយកចិត្តទុកដាក់ក្នុងការគោរពច្បាប់ច្រើនជាងមុន។
លោក គឹមខឿន ថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា ឥរិយាបថពលរដ្ឋដែលបានប្រែមកកាន់ភាពវិជ្ជមាននេះ គឺដោយសារតែ ទី ១ យើងឃើញថា គ្រោះថ្នាក់មានការថយចុះបើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ទី ២ យើងឃើញទិន្នន័យនៃការពិន័យ ជាទូទៅក៏មានការថយចុះដែរ ជាពិសេសប្រចាំថ្ងៃជាមធ្យមចន្លោះ ៥០០ ទៅ ៦០០ មិនដល់ ១ ពាន់គ្រឿងទេឥឡូវនេះដែលពីដំបូងយើងពិន័យរហូតដល់ ៣ ទៅ ៤ ពាន់គ្រឿងក្នុង ១ ថ្ងៃ»។
លោក គឹមខឿន បានបង្ហាញជាទឡ្ហីករណ៍មួយចំនួនទៀតដែលអាចសន្និដ្ឋានបានថា ពិតជាមានការប្រែប្រួលនូវឥរិយាបថរបស់ពលរដ្ឋក្នុងការប្រើប្រាស់ផ្លូវគឺ ភាគច្រើនអ្នកប្រើប្រាស់យានយន្តតែងតែទៅក្រសួងសាធារណការ ដើម្បីដាក់ពាក្យប្រឡងដៃចង្កូត រៀនបើកបរយានយន្ត ផ្លាស់ប្តូរបណ្ណសម្គាល់ ត្រួតពិនិត្យបច្ចេកទេសយានយន្ត និងធ្វើបែបបទផ្សេងៗដែលជាឯកសារគតិយុត្តសម្រាប់ឱ្យរថយន្តធ្វើចរាចរណ៍លើដងផ្លូវស្របច្បាប់ និងមានសុវត្ថិភាព។
លោក គង់ រតនៈ នាយកស្តីទីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងថា ចំនួនអ្នកដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងចំនួនគ្រោះថ្នាក់ចរាចរណ៍មិនទាន់បានធ្លាក់ទាបនៅឡើយទេ បើផ្អែកទៅលើទិន្នន័យនៃគ្រោះថ្នាក់ចរាចរណ៍។
លោក រតនៈ ថ្លែងថា៖ «ខ្ញុំមើលឃើញថា មានប្រសិទ្ធភាពខ្លះដែរ ប៉ុន្តែមិនទាន់ដល់កម្រិតដែលយើងចង់បាន»។
លោក រតនៈ ថ្លែងថាកម្ពុជានៅតែត្រូវការការរឹតបន្តឹងច្បាប់ចរាចរណ៍ឱ្យបានជាប់ជាប្រចាំ ព្រោះកន្លងមកប្រជាពលរដ្ឋខ្លាចប៉ូលិសជាងការខ្លាចគ្រោះថ្នាក់ខ្លួនឯង ហេតុនេះបើសិនជាមានប៉ូលិសដាក់នៅតាមគោលដៅ នៅពេលដែលពួកគាត់ឃើញគឺគាត់គោរពច្បាប់ច្រើនជាង៕