កំពង់ចាមៈ មនុស្សម្នាក់ស្លាប់ និង ២ នាក់បាត់ខ្លួន បន្ទាប់ពីជួបគ្រោះថ្នាក់ចារាចរណ៍កាណូតបុកគ្នាកាលពីយប់ថ្ងៃទី ១០ ឧសភា ស្ថិតក្នុងភូមិទី ២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀមឲ្យដឹងពីម្សិលមិញថា សមត្ថកិច្ចបានរកឃើញបុរសរងគ្រោះម្នាក់ហើយ ហើយបុរសរងគ្រោះ ២ នាក់ទៀតសមត្ថកិច្ច និងក្រុមគ្រួសារកំពុងស្វែង។
លោក គា សុគន្ធ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកោះសំរោងឲ្យដឹងពីម្សិលមិញថាសមត្ថកិច្ចរបស់លោក និងនគរបាលជំនាញស្រុកកំពង់សៀមក៏ដូចជាអាជ្ញាធរស្រុកកំពុងស្វែងរកសាកសពជនរងគ្រោះបន្តទៀតយ៉ាងសកម្ម ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់រកឃើញជនរងគ្រោះ ២ នាក់ទៀតនៅឡើយទេរហូតដល់ថ្ងៃទី ១១ ឧសភា។
លោកប្រាប់តាមសម្តីសាក្សីដែលនៅរស់ពីគ្រោះថ្នាក់នោះថា ជនរងគ្រោះមានគ្នា ១០ នាក់ ជិះកាណូត ១ គ្រឿង (ទូកអូសយ៉ាំងកាវ ) ឆ្លងទន្លេដើម្បីទៅចូលរួមក្នុងពិធីមង្គលការនៅត្រើយម្ខាង នៅឃុំរំចេកក្នុងស្រុកកំពង់សៀម។លុះនៅវេលាម៉ោងប្រមាណជា ១០ យប់ពួកគេបាននាំគ្នាជិះកាណូតត្រឡប់មកភូមិវិញ ដោយជិះបណ្តោយទឹក។ ពេលពួកគេកំពុងជិះកាណូតចូលដល់ភូមិ-ឃុំខាងលើ ស្រាប់តែមានកាណូត ១ គ្រឿងទៀត (ទូកចាប់គែម ) បើកបរក្នុងទិសដៅទទឹងទឹកហើយបានបុកកាណូតរបស់ភាគីរងគ្រោះពេញទំហឹងបណ្តាលឲ្យក្រឡាប់ហើយមនុស្សដែលជិះនៅលើកាណូតនោះបានធ្លាក់ទឹក។
លោកបន្តទៀតថា ដោយសារភាពងងឹតពួកគេ (ជនរងគ្រោះ) ម្នាក់ៗខំប្រវ៉េប្រវ៉ារកវត្ថុណាដែលអាចតោងបាននិងខំប្រឹងហែលទឹកសំដៅទៅមាត់ច្រាំងទន្លេដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែលជា ២០០ ម៉ែត្រ។ ប៉ុន្តែដោយសារពួកគេខ្លះ (ជនរងគ្រោះ) មិនចេះហែលទឹក ឬអាចពេលបុកមានរបួស ឬសន្លប់ផងនោះទើបលិចបាត់តែម្តង។ នៅយប់នោះភ្លាមៗបន្ទាប់ពីកើតហេតុមកទាំងប្រជាពលរដ្ឋទាំងអាជ្ញាធរស្រុករួមនឹងសមត្ថកិច្ចស្រុកកំពង់សៀមបានព្យាយាមចាត់អ្នកចេះមុជទឹកឲ្យជួយរាវរកជនរងគ្រោះតែរកមិនឃើញឡើយ។
លោកប្រាប់ថា៖ «ភាគីបង្កគ្រោះថ្នាក់បើករត់បាត់សមត្ថកិច្ចកំពុងស្រាវជ្រាវហើយ។ បើមានភ្លើងសញ្ញាប្រហែលជាគ្មានគ្រោះថ្នាក់ទេ»។
លោកប្រាប់បន្ថែមថា ករណីគ្រោះថ្នាក់នោះបើតាមការស្រាវជ្រាវពីសមត្ថកិច្ច និងតាមការសាកសួរពីជនរងគ្រោះថា កាណូតទាំងសងខាងនោះគ្មានភ្លើងសញ្ញាអ្វីដើម្បីបំភ្លឺផ្លូវឬជាសញ្ញា ដើម្បីបញ្ចៀសគ្រោះថ្នាក់ទេទើបបណ្តាលឲ្យកើតមានហេតុការណ៍បែបនេះ៕