បន្ទាយមានជ័យៈ មនុស្សម្នាក់​បាន​ស្លាប់​និង ៤​ នាក់​ទៀត​បាន​រងរបួស បណ្ដាលមកពី​បាតុភូតធម្មជាតិ​រន្ទះបាញ់​នៅពេល​ដែល​មេឃ​កំពុង​ភ្លៀង​កាលពី​រសៀល​ថ្ងៃទី​ ១៤ ខែឧសភា នៅ​ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក​។

លោក យ៉ត សុផល អធិការ​ស្រុក​ភ្នំស្រុក​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៥ ខែឧសភា​ថា អ្នក​ដែល​ស្លាប់​ជា​ស្ត្រី អាយុ​ ២៥ ​ឆ្នាំ មាន​លំនៅ​ភូមិ​ក្នាំង ឃុំ​ណាំតៅ ចំណែក​ប្ដី​ស្ត្រី​នេះ និង​បងប្អូន​របស់គាត់​ ៤ ​នាក់​ផ្សេងទៀត​គ្រាន់តែ​របួសធ្ងន់​ និង​ស្រាល​។

គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅពេលដែល​អ្នក​ទាំង​ ៥ ដែលជា​គ្រួសារ​តែមួយ បាន​រួមដំណើរ​តាម​គោយន្ត​ទៅកាន់​ចម្ការ​ដំឡូងមី​របស់​ខ្លួន​ដែលមាន​ចម្ងាយ​ ៥ ​គីឡូម៉ែត្រ​ពី​ភូមិ​នៅ​វេលា​ម៉ោង ២ ​និង​ ៣០ ​នាទី​រសៀល ថ្ងៃទី​ ១៤ ខែឧសភា នៅ​ចំណុច​វាលថ្មពិល ក្នុង​ភូមិសាស្ត្រ ឃុំ​ណាំតៅ​។ ក្រោយ​កើតហេតុ អ្នករងរបួស​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​នាំទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​ និង​ព្យាបាល​របួស​។

លោក​ សុផល ថ្លែងថា​៖ «​នេះ​ជា​ករណី​រន្ទះបាញ់​ដ៏កាចសាហាវ​មួយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​នៅក្នុង​គោយន្ត​ស្លាប់​ និង​រងរបួស​ធ្ងន់​ស្រាល​»​។

បុរស​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ លៀន រតនៈ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅពេលដែល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​តាម​គោយន្ត​ចេញ​ពី​ភូមិ​ទៅកាន់ ចម្ការ​ដំឡូងមី​បាន​ជាង​ពាក់កណ្ដាល​ផ្លូវ​ក៏​ស្រាប់​តែមាន​ភ្លៀង​លាយឡំ​ផ្គររន្ទះ​កើតឡើង​។

នៅពេលនោះ​ពួកគាត់​បាន​នាំគ្នា​យក​តង់​កៅស៊ូ​មក​ចង​គ្រប​ធ្វើជា​ដំបូល ហើយ​បន្តដំណើរ​ទៅមុខ ក៏​ស្រាប់​តែ​ត្រូវ​រន្ទះបាញ់​មកលើ​ពួកគាត់ ដែល​ជិះ​លើ​គោយន្ត​។

លោក​បាន​ថ្លែងថា​៖ «​នៅពេល​នេះ ប្អូនថ្លៃ​ខ្ញុំ និង​ប្អូនជីដូនមួយ​ខ្ញុំ​កំពុង​សម្រាក​ព្យាបាល​នៅឡើយ​»​។

លោក សុផល បាន​ថ្លែងថា ដោយឡែក​នៅ​វេលា​ម៉ោង ៣ ​រសៀល ថ្ងៃទី​ ១៤ ខែឧសភា​នោះ​ក៏​មាន​ករណី​រន្ទះបាញ់​ត្រូវ​គោ​ងាប់​ ១ ​ក្បាល​ផងដែរ នៅ​ភូមិ​ត្រពាំងស្មាច់ ឃុំ​ណាំតៅ​។

បាតុភូតធម្មជាតិ​រន្ទះបាញ់​បាន​ធ្វើឲ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់​ ២០ ​នាក់​ និង​របួស​កើន​ដល់​ ៩ ​នាក់ និង​ងាប់​គោក្របី​សរុប​កើន​ដល់​ ២២ ​ក្បាល​ចាប់​តាំងពី​ដើមឆ្នាំ​រហូត​ដល់​ថ្ងៃទី​ ១៦ ខែ ឧសភា ឆ្នាំ ២០២១​។

យោងតាម​ទិន្នន័យ​ដែល​ទទួល​បាន​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី​ ១ ​ខែមករា ដល់​ថ្ងៃទី​ ៣០ ​ខែ មេសា ឆ្នាំ​ ២០២១ បាតុភូត​រន្ទះបាញ់​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ ១៩ ​នាក់​ស្លាប់ និង ៥ ​នាក់​ទៀត រងរបួស​ធ្ងន់​ និង​ស្រាល ព្រមទាំង​បង្ក​ឲ្យ​ងាប់​គោក្របី សរុប​ចំនួន​ ២១ ​ក្បាល​។

លោក ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក៏​នៅតែ​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​វាលទំនាប​កណ្ដាល​ដាច់ស្រយាល​សូម​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ នៅពេល​ដែល​រដូវវស្សា​ចូលមក​ដល់​ដែល​អាច​បណ្ដាល​ឱ្យ​បាតុភូត​រន្ទះបាញ់​នេះ​កើតឡើង​ច្រើន​។

លោក​ថ្លែងថា​៖ «​ក្នុង​ដើម​រដូវវស្សា​នេះ បាតុភូត​ផ្គរ​រន្ទះ​កើតមាន​ច្រើន នៅក្នុង​តំបន់​វាលទំនាប និង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ទាំងនេះ គប្បី​កុំ​ប្រើប្រាស់​នូវ​ឧបករណ៍​អេឡិចត្រូនិក និង​លោហធាតុ​ដែល​ងាយ​ចម្លង​ចរន្តអគ្គិសនី នៅពេល​មាន​ភ្លៀង​លាយឡំ​ផ្គរ​រន្ទះ​កើតឡើង​»​។

លោក សុខា បាន​លើកឡើង​ទៀតថា នៅក្នុង​អំឡុងពេល​មេឃ​កំពុង​ភ្លៀង​ និង​ផ្គរ​រន្ទះ​កើតឡើង សូម​បងប្អូន​ប្រជាពលរដ្ឋ គប្បី​កុំ​ចេញ​ក្រៅ​ផ្ទះ​បើ​មិនមាន​ភាពចាំបាច់​អ្វី​នោះ និង​កុំព្យាយាម​នៅក្នុង​វាលស្រែ​ដែលមាន​ទឹក​ដក់ ពេល​មេឃ​កំពុងមាន​ភ្លៀង​ និង​ផ្គរ​រន្ទះ​កើតឡើង​ ជាពិសេស​មិនត្រូវ​ចូល​ជ្រក​ក្រោម​ដើមឈើ​ធំៗ​នោះ​ទេ តែ​ត្រូវ​អង្គុយ​ចុះ​ដោយ​យក​ដៃ​ខ្ទប់​ត្រចៀក​៕