សៀមរាបៈ មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​និយាយ​ថា យ៉ាង​ហោចណាស់​មាន​មនុស្សម្នាក់​បាន​ស្លាប់ និង​ ៤ ​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ និង​ស្រាល​ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ ២ ​គ្រឿង​បុក​គ្នា​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៦ ហើយ​បន្ត​ទៅបុក​រះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ២ ​ខ្នង​ដែល​ស្ថិត​នៅក្បែរនោះ​។

លោក ទេព ពុំសែន អធិការ​ស្រុក​ពួក​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នៅ​ចំណុច​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ៣៥១-៣៥២ ស្ថិត​ក្នុង​ភូមិ​កិត្តិយស ឃុំ​ព្រៃជ្រូក ស្រុក​ពួក ខេត្ត​សៀមរាប​។

លោក ពុំសែន បាន​ឲ្យ​ដឹង​បន្តទៀត​ថា អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក​ឈ្មោះ រ៉េត សារឹទ្ធ អាយុ​ ២៧ ​ឆ្នាំ​មាន​លំនៅ​ភូមិ​ជ្រាស ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀមរាប​បាន​ស្លាប់​ភ្លាមៗ​នៅនឹង​កន្លែង​កើតហេតុ ខណៈ​អ្នកបើកបរ​រថយន្ត​ដឹក​ត្រី​ឈ្មោះ សុខ យាងភារុត អាយុ​ ១៧ ​ឆ្នាំ​មាន​លំនៅ​ភូមិ​ថ្មដាកើត ឃុំ​ទួលសុភី ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ជុន រដ្ឋធី អាយុ​ ២៧ ឆ្នាំ​ព្រមទាំង​អ្នកភូមិ​ ២ ​នាក់​ទៀត​រួមមាន​ឈ្មោះ ហង់ បុត្រវីរៈ អាយុ​ ២៩ ​ឆ្នាំ និង​ឈ្មោះ ណាត ចាន់ណា អាយុ​ ២៧ ​ឆ្នាំ​បាន​រងរបួស​ធ្ងន់​ និង​ស្រាល​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ជួយ​អន្តរាគមន៍​ដឹក​អ្នករងរបួស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពួក និង​បាន​ទាក់ទង​សាច់ញាតិ​ជនរងគ្រោះ​ដែល​ស្លាប់ ដើម្បី​នាំយក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ២ ត្រូវបាន​អូស​យក​ទៅ​រក្សាទុក​ជាប​ណ្ដោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​រង់ចាំ​រក​ដំណោះស្រាយ​នៅពេល​ក្រោយ​។

លោក ពុំសែន បានបញ្ជាក់​ផងដែរ​ថា​៖ «​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ដឹក​ត្រី​ដែល​ផ្ទុះ​បែក​កង់​មុខ​ផ្នែក​ខាងស្ដាំ ហើយ​រេ​ចង្កូត​ទៅបុក​រថយន្ត​ដឹក​ទឹកកក​ដែល​បើក​បញ្ច្រាស​ទិស​គ្នា ហើយ​ជ្រុល​ទៅបុក​រះ​ផ្ទះ​អ្នកភូមិ​ចំនួន​ ២ ​ខ្នង​ទៀត​ឲ្យ​បាក់​រាប​ដល់​ដី​»​។

លោក​បាន​បន្ថែម​ថា​៖ «​នៅពេល​នេះ​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ សុខ យាងភារុត និង អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ជុន រដ្ឋធី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពួក​ដោយ​ស្ថិតក្រោម​ការឃ្លាំមើល​របស់​កម្លាំង​នគរបាល​ជំនាញ​របស់​យើង ដើម្បី​រង់ចាំ​យក​ចម្លើយ​ផ្ទាល់​ពី​ពួកគេ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

ជុំវិញ​ករណី​នេះ​ឪពុក​ជនរងគ្រោះ​ឈ្មោះ ហង់ បុត្រវីរៈ គឺ​លោក ហង់ រឿង អាយុ​ ៦០ ​ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា គាត់​មិន​ចង់​ប្ដឹងផ្ដល់​អ្វី​វែងឆ្ងាយ​នោះ​ទេ ប្រសិន​បើ​ភាគី​អ្នកបើកបរ​រថយន្ត​បង្ក​ព្រម​បង់​សំណង​ខូចខាត​ផ្ទះ​និង សម្ភារ​ប្រើប្រាស់​ផ្សេងៗ និង​ថ្លៃ​ព្យាបាល​របួស​កូនប្រុស​របស់គាត់​ដោយ​សន្តិវិធី​នោះ​។

លោក រឿង បាន​ថ្លែង​ដោយ​អះអាង​ថា ផ្ទះ​របស់​គាត់​ទំហំ​ទទឹង​ ៥,៥ ​ម បណ្ដោយ​ ៧ ​ម ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី និង​ទ្រព្យ​របស់​ផ្សេងៗ​មួយ​ចំនួន​ទៀត​បាន​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។

លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ចង់បាន​សំណង​សមរម្យ​គឺ​ ១០ ០០០ ​ដុល្លារ​សម្រាប់​ការព្យាបាល​របួស​កូនប្រុស​របស់​ខ្ញុំ និង​ជួសជុល​ផ្ទះ​ព្រមទាំង​ទិញ​សម្ភារ​មួយ​ចំនួន​ដែល​រង​ការខូចខាត​ពី​ការបុក​កម្ទេច​ដោយ​រថយន្ត​បង្ក​ប៉ុណ្ណោះ​។ រឿង​ប្ដឹងផ្ដល់​ឡើង​តុលាការ​គឺ​ខ្ញុំ​មិន​ចង់​ទេ​»​។

ស្រដៀង​គ្នា​នេះ​លោក ជួន លេន អាយុ​ ៣៤ ​ឆ្នាំ​ដែល​ជា​ប្ដី​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ ណាត ចាន់ណា អាយុ​ ២៧ ​ឆ្នាំ និង​ជា​ម្ចាស់ផ្ទះ​ធ្វើ​ពី​ដែក​ប្រក់​ស័ង្កសី​ទំហំ ទទឹង​ ៤ ​ម បណ្ដោយ​ ៥ ​ម រង​ការខូចខាត​មធ្យម​នោះ​បាន​និយាយ​ថា គាត់​ចង់​បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ពី​ម្ចាស់​រថយន្ត​បង្ក​ជា​សំណង​ទឹកប្រាក់​ចំនួន​ ៥ ​ពាន់​ដុល្លារ ដើម្បី​ជួសជុល​ផ្ទះ និង​ព្យាបាល​ប្រពន្ធ​របស់​គាត់​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ការទាក់ទង​សុំ​ការបំភ្លឺ​ពី​ក្រុមគ្រួសារ​សាច់ញាតិ អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ២ ​នោះ​នៅ​ឡើយ​ទេ​កាលពី​ម្សិលមិញ​។

យោងតាម​មាត្រា​ ៤១ ​ថ្មី​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​ ២០១៧ អ្នក​ដែល​មាន​សិទ្ធិ​បើកបរ​រថយន្ត​លក្ខណៈ​គ្រួសារ​ដែល​មាន​ចំណុះ​កៅអី​ចំនួន​ ៩ រួមទាំង​អ្នកបើកបរ​នោះ​គឺ​ត្រូវមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​ទៅ និង ត្រូវ​កាន់​បណ្ណ​បើកបរ​ប្រភេទ​ (​ខ​)​។ សម្រាប់​អ្នកបើក​បររថយន្ត​ប្រភេទ​ដឹកទំនិញ​គឺ​ត្រូវ​មាន​អាយុ​ចាប់ពី​ ២២ ​ឆ្នាំ​ឡើងទៅ និង​ត្រូវ​កាន់​បណ្ណ​បើកបរ​ប្រភេទ (​គ​)​។

លោក ឈួន វ៉ន់ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា យោងតាម​របាយកាណ៍​របស់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន អ្នកបើក​បររថយន្ត​ដឹក​ត្រី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​ប្រព្រឹត្ត​ទោសកំហុស​តាំងពី​ដំបូង​មក​ម្ល៉េះ​ពោល​គឺ​អាយុ​របស់គាត់​ទើប​តែ​ ១៧ ​ឆ្នាំ​ប៉ុណ្ណោះ​ពុំ​មាន​សិទ្ធិ​ក្នុង​ការបើកបរ​រថយន្ត​ប្រភេទ​ដឹកទំនិញ​នោះ​បាន​ទេ បើទោះ​ជា​គាត់​ចេះ​បើកបរ​ក៏ដោយ​។

លោក​ថា​៖ «​អំពើ​ល្មើស​របស់គាត់​បាន​កើតឡើង​តាំងពី​ដំបូង​មក​ម្ល៉េះ​។ អំពើ​ល្មើស​ដែល​មិនអាច​អត់ឱន​ឲ្យ​បាន​នោះ​គឺ​គាត់​បាន​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​ស្លាប់ និង​រងរបួស​ច្រើន​នាក់​»​។ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង ត្រូវ​បញ្ជា​យានជំនិះ​ដោយ​ប្រុងប្រយ័ត្ន និង​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់បំផុត​៕