
រថយន្តធុនធំតូចបុកបន្តកន្ទុយគ្នាថ្ងៃទី ៣ មករា នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ។ រូបថត Fresh News
កំពង់ស្ពឺៈ មនុស្សម្នាក់បានស្លាប់ និង ៨ នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបង្កឡើងដោយរថយន្តដឹកថ្ម ១ គ្រឿងដាច់ហ្វ្រាំងបុករះរថយន្តប្រមាណ ២០ គ្រឿងទៀតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ជិតជ្រោះពេជ្រនិលស្ថិតក្នុងភូមិ ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីរសៀលម្សិលមិញ។ នេះបើតាមស្នងការនគរបាលខេត្តកំពង់ស្ពឺលោក សម សាមួន។
លោកស្នងការបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ដ ១ គ្រឿងកំពុងចុះចំណោតក្នុងល្បឿនលឿននៅតំបន់ជិតជ្រោះពេជ្រនិលស្រាប់តែដាច់ហ្វ្រាំងរួចបន្ដទៅបុករះរថយន្ដមានទាំងធុនធំ និងតូច ប្រមាណ ២០ គ្រឿងដែលបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួស ៨ នាក់។
លោកបញ្ជាក់ថា៖ «គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ជាជនជាតិខ្មែរ និងរងរបួស ៨ នាក់ខូចឡាន ២០ គ្រឿង។ គ្រោះថ្នាក់នេះកើតឡើងដោយសារឡានដឹកថ្ម ១ គ្រឿងបើកមកពីទិសដៅពីខាងកើតរួចក៏ដាច់ហ្វ្រាំង នៅពេលចុះចំណោតពេជ្រនិលរួចក៏បុកបន្ដកន្ទុយគេរហូតអ៊ីចឹងទៅ»។
លោកបន្ថែមថា៖ «អ្នករងគ្រោះទាំងអស់សុទ្ធតែជាខ្មែរយើងទេ ទាំងអ្នកស្លាប់ និងអ្នករងរបួសមិនមានជនបរទេសទេ។ ក្រោយកើតហេតុយើងបានចុះទៅអន្ដរាគមន៍ភ្លាមៗ និងបញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យខេត្ដកំពង់ស្ពឺ ចំណែកអ្នករងរបួសធ្ងន់ត្រូវបញ្ជូនទៅព្យាបាលនៅភ្នំពេញ»។
លោក តែង វុឌី នាយប៉ុស្តិ៍ឃុំត្រែងត្រយឹងដែលចុះដល់ទីតាំងកើតហេតុនោះបានបញ្ជាក់ថាមនុស្សដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះភេទប្រុស ចំណែក ៨ នាក់ទៀតរងរបួសធ្ងន់ និងកំពុងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ដកំពង់ស្ពឺ និងភ្នំពេញ។
លោកបន្ថែមថា៖ «ស្លាប់ម្នាក់ភេទប្រុសដោយកៀបជាប់នៅក្នុងឡាន ចំណែកអ្នករងរបួសផ្សេងទៀតសុទ្ធតែរបួសធ្ងន់ តែយើងបានបញ្ជូនពួកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យខេត្ដ និងភ្នំពេញហើយ។ ពេលនេះកំពុងស្ទះចរាចរណ៍ខ្លាំង (ម៉ោង ៥ ល្ងាចថ្ងៃព្រហស្បតិ៍ )នៅកន្លែងកើតហេតុ»។
លោក វុឌី បានបញ្ជាក់ថាដំបូងឡើយរថយន្ដ ១ គ្រឿងកំពុងចុះចំណោតក្នុងល្បឿនលឿននៅទីតាំងក្បែរជ្រោះពេជ្រនិលនៅម្ដុំយាយម៉ៅ ស្រាប់តែដាច់ហ្វ្រាំងទៅបុករះរថយន្ដជាង ២០ គ្រឿងជាបន្ដបន្ទាប់មានទាំងរថយន្ដធំ និងរថយន្ដតូចបណ្ដាលឲ្យជនរងគ្រោះខ្លះបៀបជាប់នៅក្នុងរថយន្ដតែម្ដង ហើយរថយន្ដខ្លះធ្លាក់ជ្រោះថែមទៀត៕