ភ្នំពេញៈ មនុស្សស្លាប់បានកើនដល់ ១៨ នាក់ ខណៈជាង ៤ ម៉ឺនគ្រួសារទៀតរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គ នៅទូទាំងប្រទេសកម្ពុជា គិតចាប់តាំងពីចុងខែកក្កដារហូតដល់ជាងពាក់កណ្ដាលខែសីហានេះ។ នេះបើតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ កាលពីម្សិលមិញ។
លោក កែវ វី បានថ្លែងថាខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងព្រៃវែង ដែលជាខេត្ដជាប់ដងទន្លេមេគង្គកំពុងទទួលរងគ្រោះព្រោះសន្ទុះទឹកនៅតែបន្ដហក់ឡើងជាបន្ដបន្ទាប់ លើសកម្រិតប្រកាសអាសន្នដែរ។
លោកបន្ថែមថា៖«មនុស្សស្លាប់កើនឡើងដល់១៨នាក់ហើយក្នុងនោះនៅខេត្ដកំពង់ចាមមានស្លាប់ច្រើនជាងគេដែលមានរហូតដល់១០នាក់ ហើយទឹកទន្លេមេគងនៅទន្លេសេសាននិងសេកុងអីសុទ្ធតែឡើងហួសកម្រិតប្រកាសអាសន្ន…»។
លោក កែវ វី បានលើកឡើងថា ជាធម្មតា ទឹកជំនន់ទន្លេមេគង្គ ក្នុងមួយឆ្នាំ អាចឡើងរយៈបីដងហើយឡើងខ្ពស់ឬទាប គឺអាស្រ័យលើអាកាសធាតុនិងទឹកភ្លៀងផងដែរ។
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានចុះចែកពូជស្រូវស្រាលចំនួន៥តោន ជូនពលរដ្ឋចំនួន ១១៣ គ្រួសារ ដែលរស់នៅក្នុងភូមិចំនួន ២ គឺភូមិវាល ចំនួន៧២គ្រួសារ និង ភូមិថ្មី ចំនួន៤១គ្រួសារ។
លោក យន្ត មីន បានប្រាប់ភ្នំពេញបុស្តិ៍ កាលពីម្សិលមិញថា៖ «ការផ្ដល់ពូជស្រូវនេះគឺដើម្បីឲ្យពលរដ្ឋមានគ្រប់គ្រាន់យកទៅដាំដុះ ឲ្យបានទាន់ពេល នាដើមរដូវវស្សានេះ»។
លោកបន្ដថា ស្រូវពូជដែលចែកជូនពលរដ្ឋនេះជាប្រភេទស្រូវស្រាលមានរយៈពេល១០៥ថ្ងៃចំពោះការដាំដុះហើយអាចប្រមូលផលបានគឺត្រូវយកស្រូវទៅសាបជាសំណាប ដើម្បីដកយកទៅស្ទូងស្រែតាមតម្រូវការ របស់ប្រជាពលរដ្ឋ។
ជំនន់ទឹកភ្លៀងកាលពីចុងខែកក្កដាឆ្នាំនេះបណ្តាលឲ្យខូចខាតសន្ទូងពលរដ្ឋជាង៥០ហិកតានៅឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ក្រសួងធនធានទឹកបានបញ្ជាក់កាលពីម្សិលមិញថាទឹកទន្លេមេគង្គ ខេត្តក្រចេះបានកើនឡើងដល់កម្ពស់២២,១១ម៉ែត្រ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន២២,០០ម៉ែត្រ)។ ទឹកបានចាប់ផ្តើមហូរហៀរចេញតាមប្រព័ន្ធលូលិចចូលតំបន់ផ្សារក្រុងក្រចេះ ជាបណ្តើរៗហើយ។
ក្រសួងបានបញ្ជាក់ថាមន្ទីរធនធានទឹកខេត្ដក្រចេះបានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមចំនួន១គ្រឿងដើម្បីបូមទឹកដែលហូរហៀរចេញតាមប្រព័ន្ធលូនោះបញ្ចូលទៅក្នុង បឹងរំលាច៕