ភ្នំពេញៈ ​​មនុស​ ៤៤ ​នាក់​ស្លាប់ ​ដោយ​សារ​រន្ទះ​បាញ់​និង ​២ ​នាក់​បាន​ស្លាប់​ ដោយ​សារ​រលំ​ផ្ទះ​សង្កត់​លើ​ ​ក្នុង​បាតុ​ភូត​ផ្គរ​រន្ទះ ​និង​បាតុ​ភូត​ខ្យល់​កន្ត្រាក់​ នេះ​ក៏បាន​ធ្វើ​ឲ្យ​មនុស្ស​ ៩៤ ​នាក់​ រង​របួស​ក្នុង​ររយៈ​ពេល​ ៥ ខែ​ ដើម​ឆ្នាំ ​២​០១៩​ ដែល​មន្ត្រី​ជំ​នាញ​អះ​អាង​ថា​ ប្រជាកសិករ​នៅតែ​មិន​សូវ​ចាប់​អា​រម្មណ៍​អំពី​បម្រាម​ប្រកាស​អា​សន្ន​ដែល​បាន​ផ្សព្វ​ផ្សាយ​ជូន​ ព្រោះ​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​​ការ​ងារ​ដាំដុះ​នៅ​ពេល​មេឃ​កំពុង​ភ្លៀង។​

​លោក​ ​កែ​វ​ ​វី​ ​អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ថ្ងៃ​ម្សិល​មិញ​ថា ​បាតុ​ភូត​ខ្យល់​កន្ត្រាក់​​ ​និង​ផ្គរ​រន្ទះ​ក៏បាន​បង្ក​ការ​ខូច​ខាត​លំ​នៅ​ឋាន​ប្រ​ជា​ពល​រដ្ឋ​រួម​ទាំង​អគារ​រដ្ឋ​បាល​សាធា​រ​ណៈ​សរុប​ ជាង​ ៧ ០០០​ ខ្នង ​ព្រម​ទាំង​បាន​សម្លាប់​គោ​ក្រ​បី​របស់​ប្រជាកសិក​រ​ស​រុ​ប​ ៦៤​ ក្បាល​។​ បាតុភូត​ខ្យល់​កន្ត្រាក់​ បាន​បង្ក​ឲ្យ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ ៨៥៦ ​ខ្នង ​រង​ការ​ខូច​ខាត​ទាំង​ស្រុង​ ​និង​ ៦ ១០២​ ខ្នង​ទៀត​រង​ការ​ខូច​ខាត​ជា​មធ្យម​ ​ខណៈ​អគារ​សាលា​រៀន​ ​វត្ត​អារាម ​និង​អគារ​សាធារណៈ​ផ្សេងៗ​ទៀត​ ​សរុប​ ៧៣ អគារ​ បាន​រង​ការ​ខូច​ខាត​ដោយ​ប៉ើង​របើក​ដំបូល​ និ​ង​ជញ្ជាំង​មួយ​ចំនួន​ផងដែរ។

​លោក​បាន​បញ្ជាក់​​ថា​៖ ​«​បាតុ​ភូត​ខ្យល់​កន្ត្រាក់ ​និង​ផ្គរ​រន្ទះ​ នៅ​តែ​ជា​ក្ដី​ព្រួយ​កង្វល់ ​សម្រាប់​ប្រជា​ក​សិករ​នៅ​តាម​ទី​ជន​បទ​ដាច់​​ស្រយាល ​ពិសេស​នៅ​​​ដើម​រ​ដូវ​វស្សា​នេះ ​ខណៈ​មា​ន​ភ្លៀង​ធ្លាក់​គ្រប់​គ្រាន់​ ប្រជា​ក​សិ​ករ​បាន​នាំ​គ្នា​សម្រុក​ភ្ជួរ​រាស់​ដី​ស្រែ​ចម្ការ​ និង​ដាំ​ដុះ​ដំ​ណាំ ​ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារ»។​

​យោង​តាម​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ធន​ធានទឹក​និង​ឧតុ​និ​យម​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សោរ៍ និង​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​បង្ហោះថា ​ចាប់​ពី​ថ្ងៃ​ទី​ ២៥​ ខែ ​ឧសភា ​ដល់​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ ​បាតុ​ភូត​ខ្យល់​កន្ត្រាក់ ​និង​ផ្គរ​រន្ទះ​ នឹង​បន្ត​កើត​មាន​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ ខណៈ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​​ និង​រាយ​ប៉ាយ​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស។​ ​

​ក្រ​សួង​បាន​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​ ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​អំពី​បាតុ​ភូត​ខាង​លើ​នេះ​ ដោយ​ចៀស​វាង​ការ​ប្រើប្រាស់​​ទូរ​ស័ព្ទ​ដៃ ​វិទ្យុ​ទាក់​ទង ​(​អាយ​កូម​)​ និងគ្រឿង​ឧប​ករណ៍​អេឡិច​ត្រូ​និក ព្រម​ទាំង​នៅ​ឲ្យ​ឆ្ងាយ​ពី​វត្ថុ​ដែល​អាច​ស្រូប​ និង​ចម្លង​អគ្គិស​នី​បាន​មួយ​ចំនួន​ទៀត ពិសេស​ការ​បន្ត​ធ្វើ​ការ​ងារ​នៅ​កណ្ដាល​វាល​ស្រែ ​ក្នុង​គ្រា​មេ​ឃ​កំពុ​ង​មាន​ភ្លៀង​ខ្យល់​ និង​ផ្គរ​រន្ទះ​កើត​ឡើង។​

លោក​ ​វី​ ថ្លែង​ថា​៖ ​«​ប្រ​ជា​ពល​រដ្ឋ​នៅ​តាម​ទី​ជនបទ​ដា​ច់​ស្រយាល​មួយ​ចំ​​នួន ហាក់​ដូច​ជា​មិន​ចាប់​អា​រម្មណ៍ ​អំពី​បម្រាម​ប្រកាស​អាសន្ន​នោះ​ទេ​ ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​ការ​ងារ​ដាំដុះ​របស់​ពួកគេ​នៅ​ពេល​មេឃ​កំពុង​ភ្លៀង»។​

​លោក​ អ៊ួង ​ម៉ូលី ​អធិ​ការ​នគរ​បាល​ស្រុក​សណ្ដាន់​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក ​ឆូ​យ ​ឡែន ​អាយុ ​២៨​ ឆ្នាំ ​និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ ​ជា ​សុខ​ហ៊​ន់ អាយុ​ ២៧​ ឆ្នាំ ​ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​ឈ្មោះ ​លេង​ ឆេ​ង​លៀក​ អា​យុ​ ៣ ​ឆ្នាំ ​មាន​លំ​នៅ​ភូមិ​​ជាំ​ផ្កា ​ឃុំ​ឈើ​ទាល​ ស្រុក​សណ្ដាន់ ​ខេត្ត​កំពង់​ធំ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្រោម​ដើម​ឈើ ​២​ ដើ​ម​ក្នុង​ចម្ការ​ដំឡូង​មី​របស់​ពួក​គេ​ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​មាន​ករណី​ភ្លៀង​ខ្យល់​បក់​បោក​ខ្លាំង និង​ផ្គរ​រន្ទះ​កើត​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ។​

លោកបន្ត​ថា​៖ ​«​តាម​រយៈ​ការ​ពិនិត្យ​សាក​សព​ជន​រង​គ្រោះ​ទាំ​ង​ ៣ ​យើង​​សន្និដ្ឋាន​ថា ​ពួក​គេ​ស្លាប់​ដោយ​ករ​ណី​រ​ន្ទះ​បាញ់​។​ សព​​ពួក​គេ​ ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី»៕​