សៀមរាប/កំពង់ចាមៈ តុលាការខេត្តសៀមរាបសម្រេចឃុំខ្លួនជនសង្ស័យ ២ នាក់កាលពីថ្ងៃទី ២០ មេសានៅក្នុងពន្ធនាគារខេត្តពាក់ព័ន្ធការជួញដូរគ្រឿងញៀនជិតកន្លះគីឡូក្រាម។
លោក ធាវ ច័ន្ទតារា នាយការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបប្រាប់ពីម្សិលមិញថា ជនសង្ស័យឈ្មោះ ជ្រឹង គឹមសៀង ភេទប្រុស អាយុ ៣៣ ឆ្នាំជាជាងជួសជុលទូរស័ព្ទមានលំនៅ ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង-ខេត្ត សៀមរាប។ ទី ២- ឈ្មោះ គង់ សុភី ភេទប្រុស អាយុ ២៧ ឆ្នាំជាជាងជួសជុលទូរស័ព្ទ មានលំនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អ្នកទាំង ២ នាក់ត្រូវបានចោទដោយលោកចៅក្រមស៊ើបសួរ យូ ធារិទ្ធ។
លោក ច័ន្ធតារា ថ្លែងថា៖ «ជនទាំង ២ នាក់ត្រូវតុលាការឃុំខ្លួនហើយ និងចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនតាមបញ្ញត្តិមាត្រា៤០»។
លោក ច័ន្ទតារា បានឲ្យដឹងទៀតថាមុនឈានដល់ការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ ២ នាក់សមត្ថកិច្ចជំនាញបានស្រាវជ្រាវតាមរយៈភ្នាក់ងារបង្កប់ដោយបានទំនាក់ទំនងរកទិញគ្រឿងញៀនជាមួយក្រុមជនសង្ស័យ។ ក្រោយពីនិយាយត្រូវរ៉ូវគ្នាហើយសមត្ថកិច្ចបានណាត់ជនសង្ស័យដើម្បីទិញទំនិញ។ លុះនៅវេលាម៉ោង ៣ កន្លះថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២០ សមត្ថកិច្ចបានធ្វើការបង្ក្រាប និងចាប់ខ្លួនពួកគេជាក់ស្តែងនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានវត្ថុតាងម្សៅក្រាមសថ្លាចំនួន ១៥ កញ្ចប់ទម្ងន់ ៤៥១,៥៥ ក្រាម ថ្នាំ wy ចំនួន ៨ គ្រាប់ ទម្ងន់ ០,៩០ ក្រាម ថ្នាំគ្រវីពណ៌ផ្កាឈូកដែលមានរូបសញ្ញាក្បាលខ្មោចចំនួន ១ គ្រាប់ និងទូរស័ព្ទដៃចំនួន ៣ គ្រឿង។
ការបង្ក្រាបគ្រឿងញៀនដាច់ដោយឡែកមួយទៀតនៅឯខេត្តកំពង់ចាមវិញ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបានឃាត់ជនសង្ស័យចំនួន ១៨ នាក់ក្នុងនោះមានស្ត្រីម្នាក់ ហើយពួកគេកំពុងត្រូវសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនៅឡើយ។
លោក ជឹម សេងហុង ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានឲ្យដឹងកាលពីម្សិលមិញថា ជនសង្ស័យទាំង ១៨ នាក់នោះមានអាយុចន្លោះពី ១៦ ឆ្នាំរហូតដល់ ៤៧ ឆ្នាំ។
យោងតាមមន្ត្រីនគរបាលមួយរូបដែលបានថ្លែងដោយសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា មុនសមត្ថកិច្ចឈានទៅចាប់ជនសង្ស័យបានទាំង ១៨ នាក់កាលពីថ្ងៃទី ១៨ មេសា សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានម្នាក់ ខណៈជនសង្ស័យម្នាក់នោះកំពុងលក់ និងចែកចាយគ្រឿងញៀននៅក្នុងភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បន្ទាប់មកជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចអំពីបក្ខពួករបស់គេ ហើយសមត្ថកិច្ចបន្តតាមចាប់គ្នាគេដល់ស្រុកចម្ការលើ ស្រុកត្បូងឃ្មុំ និងសុំសហការជាមួយសមត្ថកិច្ចស្រុកតាំងគោក ខេត្តកំពង់ធំ បន្តទៀតព្រោះបក្ខពួកក្រុមជនសង្ស័យខាងលើរត់គេចខ្លួនទៅទីនោះ។ ចំពោះវត្ថុតាងមានម្សៅក្រាមពណ៌ស ចំនួន ៤ កញ្ចប់តូច ម៉ូតូចំនួន ៩ គ្រឿងរួមនឹងទូរស័ព្ទដៃចំនួន ២០ គ្រឿងផង។
យោងតាមរបាយការណ៍របស់គណៈកម្មការទី ៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ៥ ដែលបានចេញកាលពីដើមខែមេសាដោយគិតចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២០ កម្លាំងសមត្ថកិច្ចជំនាញបានបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់បានមនុស្សចំនួន ៥ ៥៤៦ នាក់ក្នុងនោះមានជនបរទេស ៧៨ នាក់។ វត្ថុតាងដែលរឹបអូសបានរួមមាន សារធាតុញៀនប្រភេទថ្នាំគ្រាប់ និងម្សៅគ្រប់ប្រភេទសរុបប្រមាណជិត ១២០ គីឡូក្រាម និង ១១០ កញ្ចប់តូច រុក្ខជាតិញៀនប្រភេទកញ្ជាក្រៀមចំនួនជាង ២២៥ គីឡូក្រាម និង ៧៧ ៧០៨ ដើម។
ជនសង្ស័យចំនួន ៣ ១៣៣ នាក់ក្នុងចំណោម ៥ ៥៤៦ នាក់ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែកជនសង្ស័យ ២ ៤១៣ នាក់ត្រូវបានអប់រំណែនាំ និងបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន៕