បាត់ដំបងៈ មនុស្ស ២ បានស្លាប់ និងផ្ទះ ១៨ ខ្នងបានរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះបានវាយប្រហារទៅលើស្រុកចំនួន ៤ ក្នុងខេត្តបាត់ដំបងក្នុងរយៈពេល ២ ថ្ងៃជាប់គ្នានេះ។
លោក មូល ធន នាយករដ្ឋបាលខេត្តបាត់ដំបងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃអង្គារថា ភ្លៀងខ្យល់ និងផ្គររន្ទះកាលពីថ្ងៃទី ៤ និង ទី ៥ ខែមេសា ឆ្នាំ ២០២១ បានបង្កឱ្យពលរដ្ឋ ២ នាក់នៅស្រុកភ្នំព្រឹកស្លាប់ និងងាប់គោ ២ ក្បាលនៅស្រុកបាណន់ ព្រមទាំងបង្កការខូចខាតផ្ទះប្រជាពលរដ្ឋសរុប ១៨ ខ្នងក្នុងនោះ ២ ខ្នងនៅស្រុកភ្នំព្រឹក ៨ ខ្នងនៅស្រុកគាស់ក្រឡ ៧ ខ្នងនៅស្រុកបាណន់ និង ១ ខ្នងទៀតនៅស្រុកថ្មគោល។
លោកថ្លែងថា៖ «យើងបានផ្សព្វផ្សាយអប់រំជារឿយៗអំពីស្ថានភាពគ្រោះថ្នាក់ នៅមុនពេល និងអំឡុងពេលមេឃកំពុងភ្លៀង។ ប៉ុន្តែប្រជាកសិករយើងភាគច្រើន គាត់រីករាយនឹងការងារដាំដុះនៅពេលមេឃកំពុងភ្លៀង ទោះបីជាមានខ្យល់បក់បោក និងផ្គររន្ទះគួរឱ្យខ្លាចបែបណាក៏ដោយ»។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃអង្គារ កុមារី អៀង លីណា អាយុ ១២ និងអ្នកស្រី ង៉ែត ហឿន អាយុ ៥២ ឆ្នាំដែលអ្នកទាំង ២ មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹកបានស្លាប់ដោយករណីរន្ទះបាញ់កាលពីរសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២១។
បន្ថែមពីលើរបាយការណ៍នេះ លោក សុង សុភ័ក្រ អធិការស្រុកភ្នំព្រឹកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ជនរងគ្រោះទាំង ២ បានស្លាប់ក្នុងស្ថានភាព និងទីតាំងដាច់ដោយឡែកពីគ្នា។ ក្នុងនោះកុមារីរងគ្រោះ អៀង លីណា ត្រូវបានរន្ទះបាញ់ស្លាប់នៅចម្ងាយប្រមាណ ១០០ ម៉ែត្រពីផ្ទះរបស់នាងក្នុងភូមិភ្នំតូច គ្រាដែលកំពុងជិះកង់ត្រឡប់ពីទៅតាមហៅម្ដាយនៅឯស្រែ មុនពេលមានភ្លៀងខ្យល់ និងផ្គររន្ទះកើតឡើង។
ចំណែកអ្នកស្រី ង៉ែត ហឿន ត្រូវបានរន្ទះបាញ់ស្លាប់នៅចំណុចចម្ការដំឡូងមី ស្ថិតក្នុងភូមិភ្នំតូច ខណៈគាត់ និងប្ដីព្រមទាំងកូនៗរបស់គាត់ ៥ នាក់ទៀតកំពុងនាំគ្នាកាយដីពូនគុម្ពដំឡូងក្នុងអំឡុងពេលមេឃកំពុងចាប់ផ្ដើមធ្លាក់ភ្លៀង។
លោកបានថ្លែងថា៖ «វាជាករណីរន្ទះបាញ់ដំបូងនៅក្នុងឆ្នាំនេះ ដែលបង្កឱ្យមានជនរងគ្រោះ ២ នាក់ស្លាប់នៅក្នុងភូមិសាស្ត្ររបស់យើងខ្ញុំ»។
បើតាមលោក សុភ័ក្រ ក្រៅពីករណីរន្ទះបាញ់ក៏មានខ្យល់កន្ត្រាក់កើតឡើង ដែលយ៉ាងហោចណាស់ផ្ទះអ្នកភូមិចំនួន ២ ខ្នងត្រូវបានប៉ើងរបើកដំបូលផងដែរ។ ទោះជាយ៉ាងនេះក៏ដោយប្រជាកសិករនៅក្នុងស្រុកភ្នំព្រឹកហាក់ដូចជាមិនភ័យព្រួយ ឬ ខ្លាចរអាចំពោះបាតុភូតទាំងនេះឡើយ។ អ្នកភូមិនៅតែបន្តធ្វើការងារដាំដុះនៅពេលមានភ្លៀងធ្លាក់ និងផ្គររន្ទះដដែល។
ថ្វីបើអ្នកភូមិមិនភ័យខ្លាចចំពោះបាតុភូតធម្មជាតិទាំងនេះ ប៉ុន្តែក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃម្សិលមិញនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានក្នុងអំឡុងពេលមេឃរកកល់ភ្លៀង និងកំពុងធ្លាក់ភ្លៀងដោយក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី ៧-១៣ ខែមេសាខាងមុខនេះនឹងមានភ្លៀងខ្យល់ និងផ្គររន្ទះកើតឡើងច្រើន ជាពិសេសខេត្តនៅភាគពាយព្យនៃប្រទេសកម្ពុជា។
យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី ៦ មេសា ២០២១ ដែល ភ្នំពេញ ប៉ុស្តិ៍ បានទទួលបានឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយមនៅបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី ៧-១៣ ខែមេសានេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់អាគ្នេយ៍បក់ពីសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។ ព្រមជាមួយគ្នានេះ បាតុភូតខ្យល់កន្ត្រាក់ និងរន្ទះបាញ់ក៏នឹងកើតមានផងដែរ ពិសេសបណ្ដាខេត្តនៅភាគពាយព្យកម្ពុជា៕