កោះកុងៈ យ៉ាងហោចណាស់​ក្មេងប្រុស ២ នាក់​បាន​ស្លាប់ កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែមេសា ដោយ​ករណី​ពុលផ្សិត ខណៈ​មនុស្ស​ប្រុស​ស្រី ៦ នាក់​ទៀត ដែល​ជា​ឪពុកម្ដាយ និង​បងៗ​របស់​ពួកគេ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង។

លោក ធាន ភើប នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ដងពែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ២៩ មេសា ថា កុមារ​រងគ្រោះ​ក្នុង​ករណី​ពុលផ្សិត​ខាងលើនេះ គឺ​ឈ្មោះ ប៊ុណ្ណា សៀវម៉ាន់ អាយុ ១៣ ឆ្នាំ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រះអង្គកែវ ឃុំ​ដងពែង ស្រុកស្រែ​អំបិល ខេត្ត​កោះកុង និង ប្អូនប្រុស​បង្កើត​របស់​គាត់ ឈ្មោះ ប៊ុណ្ណា កូម៉ា អាយុ ១០ ឆ្នាំ។

លោក​បញ្ជាក់ថា៖ «កុមារា ឈ្មោះ ប៊ុណ្ណា សៀវ ម៉ាន់ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល នៅ​វេលា​ម៉ោង ៩: ១៥ នាទី​ព្រឹក ចំណែក​កុមារា ឈ្មោះ ប៊ុណ្ណា កូម៉ា ស្លាប់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​រាជធានី​ភ្នំពេញ វេលា​ម៉ោង ៥:៣០ នាទី​ល្ងាច។ រីឯ​ឪពុកម្ដាយ និង​បងៗ​របស់​ពួកគេ ៦ នាក់​ទៀត កំពុង​បន្ត​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​នៅឡើយ»។

បើតាម​លោកនាយ​ប៉ុស្ត៍ ដោយសារ​ឪពុកម្ដាយ និង​បងៗ​របស់​ពួកគេ កំពុង​ស្ថិតនៅ​សម្រាក​ព្យាបាល​ជំងឺ[ដោយ​ករណី​ពុលផ្សិត] នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​នៅឡើយ​នោះ សព​កុមារា​រងគ្រោះ​ត្រូវ​បាន​អាជ្ញាធរ និង សាច់ញាតិ​ក្នុង​មូលដ្ឋាន​ជួយ​រៀបចំ​ពិធី​បុណ្យសព​ឲ្យ​ពួកគេ​តាម​ប្រពៃណី។

យ៉ាងណាក៏ដោយ លោក ប៊ុណ្ណា ភក្ដី អាយុ ២៤ ឆ្នាំ​ដែល​ជា​កូន​ទី ២ នៃ​គ្រួសារ​ជនរងគ្រោះ​នេះ ដែល​បាន​ជា​សះស្បើយ​ល្អប្រសើរ​ជាងគេ​នោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​ទូរស័ព្ទ​ពី​មន្ទីរពេទ្យ​ខេត្តកោះកុង​មក​ថា នៅពេល​នេះ ស្ថានភាព​ឪពុកម្ដាយ និង​ប្អូនៗ​របស់​គាត់​មួយចំនួន​បាន​ធូរស្រាល​បន្តិច​ហើយ។ លើកលែង​តែ​បងប្រុស​របស់គាត់​ឈ្មោះ ប៊ុណ្ណា យ៉ា អាយុ ២៦ ឆ្នាំ និង ប្អូនប្រុស​របស់គាត់​ឈ្មោះ ប៊ុណ្ណា ស៊ីមិន អាយុ ១៨ ឆ្នាំ ដែល​នៅមាន​អាការៈ​ធ្ងន់ធ្ងរ ដែល​គ្រូពេទ្យ​បាន​ប្រាប់​ថា មានសង្ឃឹម​រស់​ប្រមាណ ៤០-៥០ ភាគរយ​ប៉ុណ្ណោះ។

យុវជន ​ភក្ដី ដែល​ទើបបាន​ទទួលដំណឹង​អំពី​ការស្លាប់​របស់​ប្អូនប្រុស​គាត់ ២ នាក់​នៅ​ព្រឹក​ថ្ងៃទី ២៩ ខែមេសា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ទាំង​សំឡេង​ខ្សឹកខ្សួល​ថា៖ «ប្អូនប្រុស​ខ្ញុំ ២ នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ម្សិលមិញ [ថ្ងៃទី ២៨ ខែមេសា] ហើយ​ថ្ងៃនេះ គ្រូពេទ្យ​បាន​ប្រាប់​ឲ្យ​ខ្ញុំ និង​ក្រុមគ្រួសារ​ទប់ចិត្ត​ឲ្យ​រឹងមាំ ចំពោះ​អាការៈ​ជំងឺ​បងប្រុស​ និង​ប្អូនប្រុស​ខ្ញុំ​ទាំង ២ នាក់​ថា​មាន​សង្ឃឹម​ព្យាបាល​ជា​តែ ៤០-៥០ ភាគរយ​ប៉ុណ្ណោះ។ ព្រោះ​ជាតិពុល​បាន​ឆ្លង​រាលដាល​ដល់​ថ្លើម និង សរសៃឈាម​បេះដូង​ទៅហើយ»។

បើតាម​ការរៀបរាប់​របស់​ភក្ដី ករណី​ពុលផ្សិត​ក្នុង​គ្រួសារ​របស់​លោក​ដែល​មាន​សមាជិក​សរុប ៨ នាក់ នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃទី ២៤ ខែមេសា មកម្ល៉េះ បន្ទាប់ពី​ក្រុមគ្រួសារ​បាន​បរិភោគ​អាហារ​ជាមួយ​សម្លប្រហើរ ដែល​មាន​លាយ​ផ្សិត ដែល​ម្ដាយ​របស់គាត់ ឈ្មោះ ធុយ ហាន អាយុ ៤០ ឆ្នាំ​បាន​ដក​វា​ពី​គុម្ពឫស្សី​តាម​ដងព្រៃ​ជាប់​ជើងភ្នំ​ព្រះអង្គ​កែវ។

ប៉ុន្តែ​នៅ​ថ្ងៃ​ដំបូង​នោះ គឺ​ពួកគាត់​មិន​ចាប់អារម្មណ៍​ថា​ពុលផ្សិត​នោះទេ ព្រោះ​ក្រុមគ្រួសារ​របស់​គាត់​គ្មាន​នរណាម្នាក់​មាន​អាការៈ​រាករូស ឬ ចុកពោះ និង ក្អួតចង្អោរ​នោះទេ។ លើកលែង​តែ​ប្អូនស្រី​គាត់​ម្នាក់ ឈ្មោះ ប៊ុណ្ណា នីតា អាយុ ២២ ឆ្នាំ ប៉ុណ្ណោះ​ដែលមាន​អាការៈ​វិលមុខ និង ឈឺក្បាល ហើយ​បាន​ធូរស្រាល​ទៅវិញ ក្រោយពី​បាន​លេបថ្នាំ បំបាត់​ការឈឺចាប់ ដែល​គាត់​បាន​ទៅ​ឲ្យ​គេ​ផ្សំ​ពី​បន្ទប់​ព្យាបាល​ឯកជន​មួយ​នៅក្នុង​ភូមិ។

លោក​បន្តថា នៅ​ថ្ងៃទី ២៥ ម្ដាយ​របស់គាត់​បាន​ទៅ​ជីក​ត្រពាំង ហើយ​ដក​ផ្សិត​នោះ​យកមក​ស្ងោរ​ហូប​ទៀត គឺ ស្លរ​ដាក់​លាយ​ផ្សិត​ទាំង​ព្រឹក​ទាំង​ល្ងាច។ នៅ​ម៉ោង​១ រំលងអធ្រាត្រ​ឈានចូល​ព្រឹក​ថ្ងៃទី ២៦ ខែមេសា ទើប​គ្រួសារ​របស់គាត់​ទាំង ៨ នាក់​មាន​អាការៈ ចុកណែន​ពេញ​ក្នុង​ពោះ និង​រាគ ក្អួត ដែល​ក្នុងនោះ ប្អូន ប្រុស​របស់​គាត់ ២ នាក់ គឺ ប៊ុណ្ណា សៀវម៉ាន់ និង​ ប៊ុណ្ណា កូម៉ា មាន​អាការៈ​ធ្ងន់ធ្ងរ​ជាងគេ ដោយ​បាន​សន្លប់​បាត់ស្មារតី ហើយ​បាន​ស្លាប់​កាលពី​ថ្ងៃទី ២៨ ខែ​មេសា ឆ្នាំ ២០២១។

ករណីនេះ លោក​ សួន ស៊ីថា អភិបាលរង ស្រុកស្រែ​អំបិល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បញ្ឈប់​ការដក​ផ្សិតព្រៃ ដែល​មិន​ស្គាល់​ច្បាស់​ថា​ជា​ផ្សិត​អ្វីឲ្យ​ពិតប្រាកដ មក​បរិភោគ ដែល​នាំឲ្យ​ពុល​គ្រោះថ្នាក់​ដល់​អាយុជីវិត។

លោក​ថ្លែងថា៖ «ផ្សិត​ដែល​ដុះ​ក្នុងព្រៃ យើង​មិន​ស្គាល់​ច្បាស់​ទេ ហើយ​ភាគច្រើន​ជា​ផ្សិត​ពុល។ ដូច្នេះ​យើង​ត្រូវ​ប្រុងប្រយ័ត្ន និង​មិនត្រូវ​ដក​វា​មក​ធ្វើជា​ម្ហូបអាហារ​នោះទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត»។

កាលពី​ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ ពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​មួយ​គ្រួសារ​មាន​គ្នា ៤ នាក់ នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក៏​បាន​ពុលផ្សិត​ដែល​ពួកគេ​ដក​មកពី​ព្រៃ​ផងដែរ ប៉ុន្តែ​សំណាងល្អ ពួកគេ​ត្រូវបាន​អ្នកជិតខាង​ និង​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អន្តរាគមន៍​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ព្យាបាល​បាន​ទាន់ពេលវេលា៕