កំពង់ស្ពឺៈ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ស្ពឺ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ឆែកឆេរ​រកសារ​ធាតុ​ញៀន​នៅក្នុង​ក្លិប​កម្សាន្ត​មួយ​ឈ្មោះ​ ម៉ាស្ទ័រក្លិប ក្នុង​សង្កាត់​រកាធំ ក្រុង​ច្បារមន​ពី​ម្សិលមិញ​ម៉ោង​ ១ ​ព្រឹក​ឃាត់ខ្លួន​មនុស្ស​ ១៦៤ ​ជា​បណ្ដោះអាសន្ន ដើម្បី​ពិនិត្យ​ទឹកនោម​រកសារ​ធាតុ​ញៀន​ក្នុង​ចំណោម​នោះបាន​រកឃើញ​អ្នក​ផ្ទុក​សារធាតុញៀន​ ៣០ ​នាក់​។

លោក សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការឆែកឆេរ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ប្រតិបត្តិការ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​អន្ដរាគមន៍ និង​កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​ច្បារមន​កាលពី​ព្រឹក​ថ្ងៃទី​ ១ ខែ​ធ្នូ ប្រមាណ​ម៉ោង​ ១ ​ព្រឹក​។ មនុស្ស​ទាំងនោះ​ភាគច្រើន​ជា​យុវជន​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​កាលពី​ម្សិលមិញ​ដើម្បី​សាកសួរ​។

លោក សាមួន ថ្លែង​ថា​៖ «​នៅពេល​ធ្វើការ​រួច យើង​សុំ​គោលការណ៍​ទៅ​ថ្នាក់លើ​។ អ្នក​ទាំងអស់​នេះ យើង​មាន​តែ​អនុវត្ត​គោលការណ៍​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ហើយ​អញ្ជើញ​ឪពុកម្តាយ​មក​ទទួល​យក​ទៅ​បន្សាប​នៅ​មណ្ឌល​អប់រំ​ណាមួយ​ដែល​គាត់​ពេញចិត្ត​។ ក្នុង ​៣០ នាក់​នេះ​ អាណាព្យាបាល​គង់តែ​មក​យក​ពួកគាត់​ទេ ព្រោះ​ពួកគាត់​សុទ្ធ​តែ​មាន​អាណាព្យាបាល​ដែរ​»​។

លោក សាមួន បាន​អះអាង​ថា​ ដោយសារ​តែ​ការចុះ​ត្រួតពិនិត្យ​តាមរយៈ​នីតិវិធី​រដ្ឋបាល​នេះ​មិន​បាន​រកឃើញ​សារធាតុ​ញៀន​នៅក្នុង​ក្លិប​កម្សាន្ត ហេតុដូចនេះ សមត្ថកិច្ច​បាន​សម្រេច​មិន​ធ្វើការ​ចោទប្រកាន់​ម្ចាស់​ក្លិប ឬ​ធ្វើការ​ផ្អាក​ក្លិប​នោះទេ​។

លោក សាមួន បាន​ថ្លែង​ថា​៖ «​ប្រសិន​ជា​ក្លិប​នោះ​មាន​រកឃើញ​សារធាតុ​ញៀន រកឃើញ​ឧបករណ៍​ប្រើប្រាស់​នៅក្នុង​នោះ ទើប​យើង​មាន​ចំណាត់ការ ហើយ​អ្នក​ដែល​លេង​ហ្នឹង (​អ្នក​រកឃើញ​សារធាតុ​ញៀន​) មិនដឹង​គាត់​លេង​នៅ​កន្លែង​ណា​ផង គ្រាន់​តែ​វា​ជាប់​ពេល​ធ្វើ​តេស្ត​ទឹកនោម​នោះ​»​។

លោក សាមួន បាន​ឲ្យ​ដឹងថា​ក្នុង​អំឡុង​ឆ្នាំ​ ២០១៩ នេះ​សមត្ថកិច្ច​ខេត្ត​បាន​ចុះបង្ក្រាប​ក្លិប​ធំៗ ចំនួន​ ២ ហើយ​ក្នុង​​ចំណោម​ក្លិប​ធំៗ​ទាំង​ ៣ ដែល​កំពុង​មាន​វត្តមាន​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ដោយ​មិន​រាប់បញ្ចូល​ក្លិប​តូច​នៅក្នុង​ខេត្ត​នោះទេ​។

លោក រ័ត្ន ថាវី មន្ត្រី​សម្របសម្រួល​អង្គការ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា​ការចុះ​បង្ក្រាប​នេះ​បង្ហាញ​ថា​មាន​គ្រឿងញៀន​។

លោក ថាវី ថ្លែងថា​៖ «​ខ្ញុំ​គិតថា រកឃើញ​មនុស្ស​ ៣០ ​នាក់​ផ្ទុក​សារធាតុ​ញៀន ទោះ​មិនមាន​ក្នុង​ក្លិប​ហ្នឹង​ក៏​បង្ហាញ​ថា ក្នុង​ទឹកដី​ខេត្ត​នេះ​មាន​ការចែកចាយ​ច្រើន​ដែរ​»៕