កំពង់ឆ្នាំងៈ សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ចោទប្រកាន់​មនុស្ស​ចំនួន​ ៣ នាក់​ពី​​បទមនុស្ស​ឃាត​ដោយ​អចេតនា​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ពុល​ស្រាស​បណ្តាល​ឱ្យ​​មាន​មនុស្ស​ឈឺ និង​ស្លាប់​ជាច្រើន​នាក់​ កាលពី​សប្តាហ៍​មុន​ ដែល​ហេតុការណ៍​នៃ​ការពុល​នេះ​កើតឡើង​ក្នុង​ភូមិ​ជីប៉្រង​ ឃុំ​ជៀប ស្រុក​ទឹកផុស។

ព្រះរាជអាជ្ញារង​នៃ​សាលា​ដំបូង​​ខេត្ត​កំពង់ឆ្នាំង​លោក ឡុង ស៊ីណា ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ​មនុស្ស​ ៣ នាក់​ដែល​មាន​ការពាក់ព័ន្ធ​នឹង​ករណី​ពុល​ស្រាស ត្រូវ​បាន​លោក​ធ្វើការ​ចោទប្រកាន់​ពី​បទ«មនុស្ស​ឃាត​ដោយ​អចេតនា»។

យោង​តាម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​មាត្រា​ ២០៧ ​បាន​ចែងថា ​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​គឺជា​អំពើ​បណ្តាល​ឱ្យ​ស្លាប់​អ្នកដទៃ​ដោយ​ការធ្វេស​ប្រហែស ការ​មិន​ប្រុងប្រយ័ត្ន​ ឬ​ការខ្ជីខ្ជា​ និង​ការបំពាន​លើ​កាតព្វកិច្ច​សន្តិសុខ​ ឬ​កាតព្វកិច្ច​ប្រុងប្រយ័ត្ន​ដែល​ច្បាប់​តម្រូវ។

បទ​មនុស្ស​ឃាត​ដោយ​អចេតនា​នេះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ឆ្នាំ​ទៅ​ ៣ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ២ លាន​រៀល​ទៅ​ ៦ លាន​រៀល។

លោក​ អៀ ប៊ុនធឿន ស្នងការរង និង​ជា​អ្នក​នាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ គិត​ពី​ថ្ងៃទី​ ២៨ ​ខែ​វិច្ឆិកា ​ដល់​ល្ងាច​ថ្ងៃទី ២ ខែធ្នូ ​មន្រ្តី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រួមនឹង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ធ្វើការ​ផ្អាក និង​បិទ​ទីតាំង​ផលិត​ លក់​ស្រាស ​និង​រឹបអូស​នូវ​វត្ថុធាតុ​ជាច្រើន​ទៀត​នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង។

បើ​តាម​លោក​ស្នងការរង​ ទីតាំង​​ ផលិត​ស្រាស​ចំនួន​ ៣៤៦ កន្លែង​ត្រូវ​បាន​បិទ ​និង​ផ្អាក​ រីឯ​កន្លែង​លក់-ចែកចាយ​ស្រាស​ និង​ស្រា​ថ្នាំ​ចំនួន​ ៥៤៣ ​កន្លែង​ក៏​ត្រូវ​បាន​បិទ​ផង​ដែរ។ ដកហូត​ស្រាស​ដែល​ច្នៃហើយ​ (លាយរួច) ​ចំនួន​ ១០៩០ ​លីត្រ​ និង​ ៤១៨ ​កាន ស្រា​ថ្នាំ​ចំនួន​ ៨០ កែវ​ជ័រ ​(កែវ​សម្រាប់​ត្រាំស្រា)​ និង​ ៥៦ ​ដបទឹកសុទ្ធ​ មេស្រា​ចំនួន​ ៦៥ លីត្រ ​និង​មេដំបែ​កន្លះ​គីឡូក្រាម។

លោក ប៊ុនធឿន ​ថ្លែងថា​៖ «​យើង​បាន​ធ្វើការ​ឃាត់​មនុស្ស​ចំនួន​​ ៨ នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការផលិត​ស្រា​ក្នុង​នោះ​មាន​ការពាក់ព័ន្ធ​ច្រើន ​ប៉ុន្តែ​អ្នក​ខ្លះ​បាន​ផលិត​ទៅ​តាម​ស្តង់ដា​បច្ចេកទេស​ត្រឹមត្រូវ​។​ ប៉ុន្តែ​អ្នក​ខ្លះ​ផលិត​មាន​សារធាតុ​មេតាណុល​ខ្ពស់​ដែល​នាំឱ្យ​មាន​មនុស្ស​ស្លាប់​ និង​ឈឺ»។

លោក​ស្នងការរង​បន្ថែម​ថា ​សមត្ថកិច្ច​បាននិង​កំពុង​ដំណើរការនីតិវិធី​ដោយ​ក្នុង​នោះ​មនុស្ស​ចំនួន​ ៣ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ចោទប្រកាន់​តាម​ច្បាប់ ឯ​មនុស្ស​ ៥ នាក់​ទៀត​កំពុង​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល។​ លោក​ថា​សមត្ថកិច្ច​នៅ​តែបន្ត​ណែនាំ​អប់រំ ​ដកហូត​ និង​ផ្អាក​កន្លែង​ផលិត​ណា​ដែល​គ្មាន​ស្តង់ដា​ គ្មាន​ច្បាប់​ និង​គ្មាន​អាជ្ញាប័ណ្ណ។

ជាមួយ​គ្នា​នេះ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​លោក​​ ប្រាក់ វ៉ុន ឱ្យ​ដឹង​ពី​ម្សិលមិញ​ថា​ គិត​មក​ដល់​ពេលនេះ (ម្សិលមិញ) តាម​ការស្រាវជ្រាវ​រកឃើញ​មាន​អ្នកស្លាប់​កើនឡើង​ ប៉ុន្តែ​មិនមែន​ជា​ការស្លាប់​បន្តបន្ទាប់​នៃ​ការពុល​ក្នុង​ពិធីបុណ្យ​សព​នោះ​ទេ។ មានន័យ​ថា ​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ​ខេត្ត​នៅ​ថ្ងៃទី​ ២៨ ​ខែ​វិច្ឆិកា ​គឺ​ដោយសារ​ការពុល​ស្រាស ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យសព​អ្នកភូមិ។

លោក​ថា​៖ «ប៉ុន្តែ​នៅពេល​ដែល​យើង​ព្យាបាល និង​គ្រប់គ្រង​សភាពការណ៍​នេះ​ចប់​សព្វ​គ្រប់​ ក្រុម​ការងារ​នៃ​មន្ទីរ​សុខាភិបាល​ និង​ក្រសួង​សុខាភិបាល​បាន​ចុះទៅ​មូលដ្ឋាន​ដើម្បី​ស្រាវជ្រាវ​ធ្វើការ​បញ្ជាក់​បន្ថែម​ និង​ធ្វើការ​អន្តរាគមន៍​ជា​បន្តបន្ទាប់​ទៀត​ ដែល​​ធ្វើឱ្យ​យើង​រកឃើញ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ពុល​ស្រាស​នៅ​តាម​ភូមិ​ដែល​កើត​មាន​ឡើង​មុន​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ​ដែល​ក្រុម​ការងារ​អាច​សន្និដ្ឋាន​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការពុលស្រា​ដូចគ្នា»​។

លោក​ ប្រាក់ វ៉ុន បន្ត​ថា​ បើ​គិត​ចំនួន​សរុប​ក្នុង​ហេតុការណ៍​ទាំងមូល​គឺ​មាន​មនុស្ស​ចំនួន​ ១៥ នាក់​បាន​បាត់បង់​ជីវិត ដែល​ចំនួន​អ្នកស្លាប់​ខ្លះ​នៅ​ភូមិ​ក្នុង​អំឡុង​ថ្ងៃ​ទី ២៦ ​និង​ ២៧ ​ខែវិច្ឆិកា។ ដូចនេះ​ក្រុម​ការងារ​អាច​សរុប​បាន​ថា​អ្នក​ដែល​ស្លាប់​នោះ​គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបរិភោគ​ស្រា​។

ចំណែក​អ្នកឈឺ​កើនឡើង​ចំនួន​​ ១៦៤ នាក់​ដោយ​បូក​បន្ថែម​​ទិន្នន័យ​ដែល​ក្រុម​ការងារ​ទទួល​បាន​ពេល​ចុះ​ធ្វើ​ការស្រាវជ្រាវ​បន្ថែម​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ (ម្សិលមិញ) ​អ្នក​នៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត​មាន​តែចំនួន​ ២ នាក់​ទៀត​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី ១ ធ្នូ ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ ​កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការក្លែងបន្លំ​ ក.ប.ប ​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការធ្វើ​តេស្ត​សំណាក​ស្រា​ដែល​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ពុល​រហូត​មាន​អ្នក​បាត់បង់​ជីវិត​ក្នុង​ស្រុក​ទឹកផុស​ ខេត្ត​កំពង់ឆ្នាំង​គឺ​បណ្តាល​មកពី​ស្រា​មាន​សារធាតុ​មេតាណុល​ក្នុង​កម្រិត​ខ្ពស់​ចាប់ពី​ ១០,៥%​ រហូត​ដល់​ ១៧,២៥ % ​ដែល​វា​លើស​កម្រិត​អនុញ្ញាត៕