បាត់ដំបងៈ ជនសង្ស័យចំនួន ៣ នាក់ក្នុងចំណោម ៤ នាក់ត្រូវបាននគរបាលខេត្តបាត់ដំបងបញ្ជូនទៅសាលាដំបូងខេត្តពីម្សិលមិញ ពាក់ព័ន្ធការដឹកជញ្ជូនគ្រឿងញៀនប្រភេទ ICE (ម៉ាទឹកកក) ចំនួន ៥ គីឡូក្រាម បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី ២៨ ខែធ្នូ ខណៈពួកគេកំពុងដឹកជញ្ជូនគ្រឿងញៀននៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។
លោក កុយ ហៀង ស្នងការរងនគរបាលខេត្តបាត់ដំបងទទួលផែនគ្រឿងញៀនថ្លែងពីម្សិលមិញថាជនសង្ស័យទាំង ៣ នាក់ត្រូវបាននគរបាលខេត្តបាត់ដំបង បញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី ២៩ ធ្នូ បន្ទាប់ពីបញ្ចប់ការសាកសួរតាមនីតិវិធីច្បាប់ពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន ៥ គីឡូក្រាមនោះ។
លោកថា៖ «ប៉ុន្ដែខ្ញុំមិនទាន់ដឹងថាតុលាការបានសម្រេចឃុំខ្លួនហើយ ឬនៅទេ។ យើងនៅបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់»។
លោកបន្ថែមថា ជនសង្ស័យទាំង ៣ នាក់ក្នុងចំណោមបក្ខពួក ៤ នាក់ បានដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយបន្តមកខេត្តបាត់ដំបង ប៉ុន្ដែត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងចាប់ខ្លួន និងរឹបអូសបានគ្រឿងញៀនប្រភេទ ICE (ម៉ាទឹកកក) ចំនួន ៥ គីឡូក្រាម ខណៈពួកគេកំពុងជិះម៉ូតូដឹកដាក់ក្នុងការុងធ្វើដំណើរតាមផ្លូវលេខ ១ មកដល់ភូមិព្រែកមហាទេព។
លោក ផាន់ រតនា អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបងពីម្សិលមិញ មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ ដោយទូរស័ព្ទលោកគ្មានអ្នកទទួល។
តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិពីម្សិលមិញ គឺក្រុមឈ្មួញគ្រឿងញៀនដែលត្រូវបានឃាត់ខ្លួនរួមមាន ឈ្មោះ ទូច សារុំ អាយុ ៥៩ ឆ្នាំ រស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ សន សារ៉ាត ហៅ ហើម អាយុ ៣៥ ឆ្នាំរស់នៅភូមិកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង ហ៊ាង ហួយ អាយុ ៤៧ ឆ្នាំរស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ រីឯបក្ខពួកម្នាក់ទៀតជាស្ត្រីដែលធ្វើដំណើរផ្សេងគ្នាបានគេចខ្លួន។
របាយការណ៍បន្តថា ជនសង្ស័យបានសារភាពថា ពួកគេយកខេត្តបាត់ដំបងជាគោលដៅជួញដូរគ្រឿងញៀន។ ប៉ុន្ដែពេលចូលដល់ក្រុងបាត់ដំបងក៏ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់រួមទាំងវត្ថុតាងទាំងអស់។
បើតាមសារព័ត៌មានក្នុងស្រុកមួយបានដកស្រង់សម្ដីលោក សុខ និមល ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងពីម្សិលមិញថាគ្រឿងញៀនទាំងនេះមានប្រភពដំបូងនាំចេញពីប្រទេសឡាវរួចនាំចូលទៅប្រទេសថៃ និងបានចូលបន្តមកប្រទេសកម្ពុជា។ បន្ទាប់ពីទទួលបានរបាយការណ៍សម្ងាត់កម្លាំងជំនាញកម្ពុជាកំណត់បានមុខសញ្ញាក្រុមឈ្មួញគ្រឿងញៀននេះដែលបានដឹកជញ្ជូនសំដៅមកខេត្តបាត់ដំបង៕