ព្រះសីហនុ៖ ពលរដ្ឋខ្មែរអ៊ិស្លាមមួយគ្រួសារមានគ្នា ៤ នាក់ នៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានពុលផ្សិត ដែលពួកគេបានដកមកពីក្នុងព្រៃក្បែរចម្ការរបស់ពួកគេមកធ្វើជាម្ហូបអាហារ។
ប៉ុន្តែសំណាងល្អ អ្នកជិតខាង និងអាជ្ញាធរមូលដ្ឋានបានជួយអន្តរាគមន៍បញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។ នេះបើតាមការអះអាងរបស់មន្ត្រីនគរបាលមូលដ្ឋាននារសៀលថ្ងៃទី ២១ ខែមេសានេះ។
លោក ហ៊ន ហ៊ុយ នាយនគរបាលប៉ុស្តិ៍ឃុំទឹកថ្លា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា អ្នកស្រី កូប អៃសះ អាយុ ៦២ ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកទាល់ ព្រមទាំងកូនប្រុសគាត់ ២ នាក់ រួមមានឈ្មោះ តេះ ហ្សើប៊ឺត អាយុ ២៤ ឆ្នាំ និង តេះ ហាហ្វីស អាយុ ៣២ ឆ្នាំ និងកូនប្រសារស្រីរបស់គាត់ម្នាក់ទៀតឈ្មោះ សុះ កើរីយ៉ាស់ អាយុ ១៨ ឆ្នាំ បានពុលផ្សិត ក្រោយពីពួកគាត់បាននាំគ្នាបរិភោគអាហារពេលល្ងាច ជាមួយសម្លស្ងោរផ្សិតដែលកូនប្រុសទាំង ២ របស់គាត់បានដកមកពីព្រៃ នាល្ងាចថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២១។
លោកថ្លែងថា៖ «កម្លាំងសមត្ថកិច្ចយើង បានចុះជួយអន្តរាគមន៍ដឹកជញ្ជូនពួកគាត់ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកព្រៃនប់ភ្លាមៗ ក្រោយពីទទួលសេចក្ដីរាយការណ៍ពីប្រជាការពារភូមិ កាលពីយប់ថ្ងៃកើតហេតុ អំពីស្ថានភាពនៃអាការៈពុលអាហាររបស់ពួកគាត់។ នៅពេលនេះ ពួកគាត់មានអាការៈធូរស្រាលឡើងវិញហើយ លើកលែងតែអ្នកស្រី កូប អៃសះ ដែលមានវ័យចំណាស់ និងមានសុខភាពខ្សោយប៉ុណ្ណោះ ដែលក្រុមគ្រូពេទ្យតម្រូវឲ្យនៅសម្រាកព្យាបាលមួយថ្ងៃទៀត»។
លោក តេះ ហាហ្វីស ដែលជាកូនច្បងនៃគ្រួសាររងគ្រោះ និងដែលបានធូរស្រាលក្រោយពីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅល្ងាចថ្ងៃទី ២០ ខែសីហា គាត់និងប្អូនប្រុសរបស់គាត់ឈ្មោះ តេះ ហ្សើប៊ឺត បាននាំគ្នាកាប់អុស ហើយក៏ប្រទះឃើញផ្សិតទាំងនោះដុះនៅតាមដងព្រៃជាប់ចម្ការរបស់គាត់ ក៏បាននាំគ្នាដក ដោយគិតថា ផ្សិតទាំងនោះជាផ្សិតកញ្ជូ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំ និងប្អូនរបស់ខ្ញុំបានដកផ្សិតនោះបានជិត ២ គីឡូក្រាម ហើយប្រពន្ធខ្ញុំក៏បានស្ងោរវាធ្វើម្ហូប សម្រាប់អាហារពេលល្ងាចនោះ។ ប្រមាណជា ២ ម៉ោងក្រោយមក ពួកយើងទាំងបួននាក់ ក៏មានសភាពចុកពោះ ឈឺក្បាល រាក និងក្អួតចង្អោរ ហើយម្ដាយខ្ញុំក៏បានសន្លប់»។
លោក ហាហ្វីស បានបន្ថែមថា នៅពេលនោះ គាត់ក៏បានស្រែកហៅអ្នកជិតខាងឲ្យជួយ ហើយអ្នកជិតខាងបានទូរស័ព្ទទាក់ទងសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ដឹកពួកគាត់ទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។ នៅពេលនេះ ម្ដាយរបស់គាត់ក៏បានដឹងខ្លួនឡើងវិញដែរ។
លោកបានថ្លែងថា៖ «បើគ្មានការជួយអន្តរាគមន៍ពីអ្នកជិតខាង និងអាជ្ញាធរមូលដ្ឋានទាន់ពេលទេនោះ គ្រួសារយើងខ្ញុំទាំង ៤ នាក់ ម៉ែ និងកូននឹងត្រូវស្លាប់ទាំងអស់»៕